អបអរសាទរ! និស្សិត AUPP ដណ្ដើមបានជ័យលាភីលេខ ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Huawei ICT កម្រិតពិភពលោក
Khunna - ឃុនណា
JUNE 6 2026
ឌីជីថល
112 views
2 mins read

យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ - អបអរសាទរក្រុមនិស្សិតសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Huawei ICT Competition 2025–2026 លើកទី១០ កម្រិតពិភពលោក!

716614942 1388373250009444 6036570751401910541 N

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិត នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ដែលទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រកម្រិតពិភពលោកនៃកម្មវិធី Huawei ICT 2025–2026 លើកទី១០ នាថ្ងៃទី២-៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

716590863 1388373440009425 431662835659759439 N

ក្នុងកម្មវិធីប្រកួតប្រជែងកម្រិតពិភពលោករៀបចំដោយក្រុមហ៊ុនហួវៃ (Huawei) សម្រាប់លើកកម្ពស់សមត្ថភាពបច្ចេកទេស ការច្នៃប្រឌិត និងសក្តានុពលរបស់និស្សិត និងយុវជនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុម BORISOTH (បរិសូត្រ) ជានិស្សិត នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ AUPP បានទទួល ចំណាត់លេខ៣ ក្នុងចំណោម ១៨០ក្រុម មកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក។ ក្នុងការប្រកួតនេះ ក្រុម BORISOTH បានចូលរួមក្នុងវិញ្ញាសា Innovation Competition ដោយបានបង្កើត រ៉ូបូតបញ្ញាសិប្បនិម្មិត (AI) សម្រាប់ត្រួតពិនិត្យលើគុណភាពសាច់ក្រណាត់ ក្នុងគោលបំណងដោះស្រាយបញ្ហា នៅក្នុងផលិតកម្មវាយនភណ្ឌនាពេលបច្ចុប្បន្ន។

717025920 1388373403342762 6279355994218999026 N

BORISOTH គឺជាប្រព័ន្ធបច្ចេកវិទ្យា AI ផលិតនៅកម្ពុជា ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្សក្នុងវិស័យកាត់ដេរ។ តាមរយៈការស្កេនផ្ទៃក្រណាត់ក្នុងល្បឿនលឿនពី ២០ ទៅ ៤០ ម៉ែត្រក្នុងមួយនាទី ប្រព័ន្ធនេះអាចស្វែងរក និងបោះត្រាសម្គាល់កំហុសនៅលើជាយក្រណាត់ដោយស្វ័យប្រវត្តិនូវប្រភេទទឹកខ្មៅរលាយក្នុងទឹក ដែលជួយឱ្យរោងចក្រកាត់បន្ថយការខាតបង់សម្ភារៈ ដោយជៀសវាងកន្លែងខូចខាតបានងាយស្រួល និងមានរបាយការណ៍ឌីជីថល (Audit Trail) ច្បាស់លាស់សម្រាប់ទាមទារសំណងពីអ្នកផ្គត់ផ្គង់ក្រណាត់បរទេស។ លើសពីនេះ បច្ចេកវិទ្យានេះមិនមែនដកហូតការងារកម្មករឡើយ ប៉ុន្តែបានជួយលើកកម្ពស់ជំនាញ និងការពារសុខភាពភ្នែករបស់ពួកគេ ដោយប្តូរពីការពិនិត្យដោយភ្នែកមកជាអ្នកបញ្ជាប្រព័ន្ធ AI និងគ្រប់គ្រងគុណភាពដែលមានតម្លៃខ្ពស់វិញ។

តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នេះ វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្មបានជាង ៤០% លើសការត្រួតពិនិត្យគុណភាពក្រណាត់ដោយដៃ (Manual work) ដែលត្រូវកាពលកម្មខ្ពស់ មិនសូវមានប្រសិទ្ធភាព និងចំណាយច្រើន។

718380858 1388373426676093 8047042294726321242 N

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានបញ្ជាក់បន្ថែមថា កម្មវិធី Huawei ICT Competition បានផ្ដល់ឱកាសដល់និស្សិតឆ្នើម កម្ពុជាចូលប្រកួតប្រជែងកម្រិតតំបន់ និងសកលលោក និងបានជំរុញលើកទឹកចិត្តដល់ការកសាងមូលធនមនុស្សឌីជីថលរបស់កម្ពុជា និងចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើបរិវត្តិកម្មនៅកម្ពុជា។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia