Apple គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលរងផលប៉ះពាល់ខ្លាំងបំផុតពីសង្គ្រាមពាណិជ្ជកម្ម នេះបើតាមអ្នកវិភាគ ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនទៅលើប្រទេសចិន ដែលកំពុងប្រឈមមុខនឹងពន្ធគយដ៏ច្រើនសន្ធឹកសន្ធាប់។
យោងតាមការចុះផ្សាយសារព័ត៌មាន NBC NEWS នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៥ បានប្រាប់ឲ្យដឹងថា ខណៈពេលដែលទីផ្សារភាគហ៊ុនជាទូទៅមានដំណើរការល្អប្រសើរជាងនៅថ្ងៃច័ន្ទបើធៀបនឹងពីរថ្ងៃធ្វើពាណិជ្ជកម្មមុនៗ ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀត ដោយបាត់បង់ ៣,៧% ដោយសារការព្រួយបារម្ភកើនឡើងថា ក្រុមហ៊ុននឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ការលក់ចេញនេះបានធ្វើឱ្យការធ្លាក់ចុះនៃភាគហ៊ុន Apple រយៈពេល ៣ ថ្ងៃកើនឡើងដល់ ១៩% ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងដែលបានលុបបំបាត់តម្លៃទីផ្សារចំនួន ៦៣៨ ពាន់លានដុល្លារ។
Apple រងផលប៉ះពាល់ខ្លាំងបំផុតពីសង្គ្រាមពាណិជ្ជកម្ម ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនទៅលើប្រទេសចិន ដែលកំពុងប្រឈមមុខនឹងពន្ធគយ ៥៤%។ ទោះបីជា Apple មានរោងចក្រផលិតនៅប្រទេសឥណ្ឌា វៀតណាម និងថៃក៏ដោយ ប្រទេសទាំងនោះក៏កំពុងប្រឈមមុខនឹងការកើនឡើងពន្ធគយផងដែរ ដែលជាផ្នែកមួយនៃផែនការរបស់លោក ត្រាំ។ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Apple កំពុងជួបប្រទះនឹងស្ថានភាពលំបាកបំផុត។ កាលពីថ្ងៃច័ន្ទ ភាគហ៊ុនតែប៉ុន្មានមុខគត់ដែលធ្លាក់ចុះក្នុងក្រុមហ៊ុនធំៗទាំង ៧ នោះគឺ Apple, Microsoft និង Tesla។
សន្ទស្សន៍ Nasdaq បានបិទស្ទើរតែឡើងបន្តិចបន្តួចនៅថ្ងៃច័ន្ទ បន្ទាប់ពីបានធ្លាក់ចុះ ១០% កាលពីសប្តាហ៍មុន ដែលជាដំណើរការដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៥ ឆ្នាំ។ អ្នកវិភាគនិយាយថា Apple ទំនងជាត្រូវដំឡើងថ្លៃផលិតផល ឬក៏ស្រូបយកថ្លៃពន្ធគយបន្ថែម នៅពេលដែលកាតព្វកិច្ចថ្មីចូលជាធរមាន។ អ្នកវិភាគរបស់ UBS បានប៉ាន់ប្រមាណកាលពីថ្ងៃច័ន្ទថា iPhone ម៉ូដែលថ្លៃបំផុតរបស់ Apple អាចនឹងកើនឡើងតម្លៃប្រហែល ៣៥០ ដុល្លារ ឬប្រហែល ៣០% ពីតម្លៃបច្ចុប្បន្ន ១.១៩៩ ដុល្លារ។
អ្នកវិភាគរបស់ Barclays លោក Tim Long បានសរសេរថា លោករំពឹងថា Apple នឹងដំឡើងថ្លៃ ឬក្រុមហ៊ុនអាចរងការកាត់បន្ថយប្រាក់ចំណូលក្នុងមួយហ៊ុនរហូតដល់ ១៥%។ Apple ក៏អាចរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ដើម្បីឱ្យការនាំចូលទៅសហរដ្ឋអាមេរិកមកពីប្រទេសផ្សេងទៀតដែលមានពន្ធគយទាបជាង។ ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហាពន្ធគយនេះទេ។
សម្រួលអត្ថបទឡើងវិញដោយ៖ ងួន ឃុនណា