ក្រុមហ៊ុន Apple បានប្រកាសអំពីរង្វាន់ថ្មីមួយដែលមានទឹកប្រាក់រហូតដល់ ១លានដុល្លារ សម្រាប់អ្នកដែលអាច Hack ចូលទៅក្នុងផ្លេតហ្វម Cloud AI របស់ខ្លួនដែលហៅថា Private Cloud Compute (PCC)។ ការធ្វើបែបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Apple ក្នុងការការពារភាពឯកជនរបស់អ្នកប្រើប្រាស់ និងគោលបំណងធានាឱ្យបាននូវសុវត្ថិភាពរឹងមាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន។
ដោយបើកឱ្យមានការសាកល្បង PCC ក្រុមហ៊ុន Apple បានអញ្ជើញ Developer អ្នកជំនាញផ្នែកសន្តិសុខ និងសាធារណជនទូទៅដែលមានជំនាញផ្នែកបច្ចេកវិទ្យា ឱ្យពិនិត្យមើលសន្តិសុខ AI cloud របស់ខ្លួន។ ពីមុន មានតែអ្នកជំនាញសន្តិសុខជ្រើសរើសប៉ុណ្ណោះដែលអាចចូលប្រើ PCC បាន ប៉ុន្តែការប្រកាសថ្មីរបស់ Apple ឥឡូវនេះអនុញ្ញាតឱ្យមានក្រុមកាន់តែធំអាចរកឃើញភាពដែលងាយរងគ្រោះដែលអាចកើតមាន។
ផ្លេតហ្វមមួយនេះ គាំទ្រមុខងារ AI ដែលមានថាមពលខ្ពស់ នៅពេលដែលសមត្ថភាពលើឧបករណ៍ប្រើប្រាស់ដូចជា iPhone និង Mac មិនគ្រប់គ្រាន់។ ទោះបីជា Apple ដំណើរការកិច្ចការ AI ភាគច្រើនដោយផ្ទាល់លើឧបករណ៍ដើម្បីផ្តល់អាទិភាពដល់ភាពឯកជនក៏ដោយ ប៉ុន្តែកិច្ចការធំៗត្រូវបានដំណើរការនៅលើ PCC ដែលជាកន្លែងមួយសម្រាប់ដើម្បីដំណើរការមុខងារ end-to-end encryption ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់។
រង្វាន់សម្រាប់អ្នកដែលអាចស្វែងរកកំហុសបានគឺគេបែងចែកជាថ្នាក់ៗ ដោយមានរង្វាន់ថ្នាក់កំពូលចំនួន ១លានដុល្លារចំពោះអ្នកដែលអាចស្វែងរកកំហុសធ្ងន់ធ្ងរដែលវាអាចមានការបង្កគ្រោះថ្នាក់ដល់ PCC Server។ រង្វាន់បន្ថែមទៀត ដូចជា ២៥០,០០០ដុល្លារសម្រាប់ការបំពានទិន្នន័យអ្នកប្រើប្រាស់ និង ១៥០,០០០ដុល្លារសម្រាប់ភាពងាយរងគ្រោះទៅលើ Network Level។ ហើយនេះគឺជាការលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវដោះស្រាយបញ្ហាសន្តិសុខដែលអាចកើតមានជាច្រើនទៀត។ តាមរយៈរង្វាន់ដែលគេបានរៀបចំនេះ Apple មានគោលបំណងជ្រើសរើស Hacker ដែលប្រកបដោយក្រមសីលធម៌ (ethical hackers) ក្នុងការស្វែងរក និងដោះស្រាយការគំរាមកំហែងផ្សេងៗដែលអាចកើតមាន។
យ៉ាងណាមិញសម្រាប់វត្តិនៃការផ្តល់ប្រាក់រង្វាន់សម្រាប់អ្នកដែលអាចស្វែងរកឃើញកំហុសនេះ Apple ក៏ធ្លាប់បានធ្វើវារួចមកហើយដែរ ជាក់ស្តែង Apple ធ្លាប់បានផ្តល់រង្វាន់ ១០០,០០០ដុល្លារ ទៅនិស្សិតសាកលវិទ្យាល័យម្នាក់សម្រាប់ការកំណត់អត្តសញ្ញាណកំហុសក្នុងប្រព័ន្ធប្រតិបត្តិការ Mac របស់ខ្លួន។ ដោយផ្តល់រង្វាន់កាន់តែខ្ពស់ពេលនេះ ក្រុមហ៊ុនសង្ឃឹមថានឹងអាចទាក់ទាញអ្នកដែលមានទេពកោសល្យកម្រិតខ្ពស់ដើម្បីការពារបច្ចេកវិទ្យា AI ចុងក្រោយបំផុតរបស់ខ្លួន។