យោងតាមសារព័ត៌មាន TechCrunch បានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន Apple និង Google បញ្ចេញបច្ចុប្បន្នភាពបន្ទាន់ ដើម្បីការពារការវាយប្រហារពីក្រុម Hacker ។ ក្រុមហ៊ុន Apple និង Google បានបញ្ចេញនូវបច្ចុប្បន្នភាពកម្មវិធី (Software Updates) ជាច្រើន ដើម្បីការពារប្រឆាំងនឹងយុទ្ធនាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានកំណត់គោលដៅលើអ្នកប្រើប្រាស់របស់ខ្លួនមួយចំនួន។

កាលពីថ្ងៃពុធ ក្រុមហ៊ុន Google បានបញ្ចេញកញ្ចប់ជួសជុល (Patches) សម្រាប់កំហុសសុវត្ថិភាពមួយចំនួននៅក្នុងកម្មវិធីរុករក Chrome។ ក្រុមហ៊ុនបានកត់សម្គាល់ថា មានកំហុសមួយក្នុងចំណោមនោះ កំពុងត្រូវបានក្រុម Hacker ទាញយកផលប្រយោជន៍យ៉ាងសកម្ម (actively exploited) មុនពេលក្រុមហ៊ុនមានពេលជួសជុលទាន់។

អ្វីដែលខុសប្លែកពីធម្មតាសម្រាប់ Google គឺនៅពេលនោះ ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ប៉ុន្តែនៅថ្ងៃសុក្រ Google បានធ្វើបច្ចុប្បន្នភាពព័ត៌មានដោយបញ្ជាក់ថា កំហុសនេះត្រូវបានរកឃើញរួមគ្នាដោយ ក្រុមវិស្វកម្មសុវត្ថិភាពរបស់ Apple និង ក្រុមវិភាគការគំរាមកំហែងរបស់ Google (TAG)។ ក្រុមអ្នកស្រាវជ្រាវទាំងនេះ ជាទូទៅមានភារកិច្ចតាមដានក្រុម Hacker ដែលគាំទ្រដោយរដ្ឋាភិបាល និងក្រុមហ៊ុនផលិតមេរោគចារកម្ម (Spyware) ដែលនេះជាសញ្ញាបង្ហាញថា យុទ្ធនាការវាយប្រហារនេះអាចត្រូវបានរៀបចំឡើងដោយក្រុម Hacker ដែលមានរដ្ឋាភិបាលនៅពីក្រោយខ្នង។

ក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុន Apple ក៏បានបញ្ចេញបច្ចុប្បន្នភាពសុវត្ថិភាពសម្រាប់ផលិតផលសំខាន់ៗរបស់ខ្លួន រួមមាន៖
- iPhone និង iPad
- កុំព្យូទ័រ Mac
- Vision Pro
- Apple TV និង Apple Watch
- កម្មវិធីរុករក Safari
សម្រាប់ម៉ូឌែលដែលងាយប្រឈមនឹងការ Hack បំផុត៖
- iPhone: ចាប់ពីម៉ូឌែល iPhone XS ចុះមកក្រោម រហូតដល់ iPhone 8/8 Plus និង iPhone X (ព្រោះម៉ូឌែលចាស់ៗទាំងនេះ ច្រើនតែមិនទទួលបាន Update ចុងក្រោយគេបង្អស់)។
- iPhone ស៊េរីថ្មី (XS, 11, 12, 13, 14, 15, 16): ក៏ងាយរងគ្រោះដែរ ប្រសិនបើ នៅប្រើ Version ទាបជាង iOS 17.7.2 ឬ iOS 18.1.1។
- iPad: រាល់ iPad ដែលប្រើប្រាស់ Version ចាស់ជាង iPadOS 18.1.1 ឬ 17.7.2។

គូសបញ្ជាក់ផងដែរថា យោងតាមសេចក្តីណែនាំអំពីសុវត្ថិភាពសម្រាប់ iPhone និង iPad ក្រុមហ៊ុន Apple បានជួសជុលកំហុសចំនួនពីរ។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានដឹងថាបញ្ហានេះ "អាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការវាយប្រហារដែលមានលក្ខណៈស្មុគស្មាញបំផុត ប្រឆាំងនឹងបុគ្គលជាក់លាក់ដែលជាគោលដៅ" ដែលកំពុងប្រើប្រាស់ឧបករណ៍ដែលមានកំណែទាបជាង iOS 26។
