ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃបច្ចេកវិទ្យា 5G ខណៈដែលប្រទេសជប៉ុនបានបោះជំហានទៅមុខយ៉ាងអស្ចារ្យ ដោយបានប្រកាសពីជោគជ័យក្នុងការតេស្តសមត្ថភាពឧបករណ៍គំរូ (Prototype) នៃបច្ចេកវិទ្យា 6G ដែលអាចបញ្ជូនទិន្នន័យក្នុងល្បឿនមហាសាល មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងឥតខ្សែ។

តាមរយៈការសហការគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៤ រួមមាន DOCOMO, NTT Corporation, NEC Corporation និង Fujitsu ឧបករណ៍គំរូ 6G នេះត្រូវបានគេបញ្ជាក់ថា អាចសម្រេចបាននូវល្បឿនបញ្ជូនទិន្នន័យរហូតដល់ 100 Gbps (Gigabits per second) ក្នុងចម្ងាយ ១០០ ម៉ែត្រ។ បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យា 5G ដែលកំពុងប្រើប្រាស់សព្វថ្ងៃ ល្បឿននេះគឺលឿនជាងដល់ទៅ ២០ ដង ដែលអនុញ្ញាតឱ្យការទាញយកទិន្នន័យទំហំធំ ឬវីដេអូកម្រិតខ្ពស់បំផុត (8K) ធ្វើឡើងបានក្នុងរយៈពេលត្រឹមតែមួយពព្រិចភ្នែក។

ជោគជ័យនេះកើតឡើងបានដោយសារការប្រើប្រាស់រលកសញ្ញាហ្វ្រេកង់ខ្ពស់ខ្លាំង ដែលគេហៅថា Sub-terahertz bands (ក្នុងចន្លោះពី 100 GHz ទៅ 300 GHz)។ ទោះបីជារលកសញ្ញាប្រភេទនេះមានសមត្ថភាពផ្ទុកទិន្នន័យបានច្រើនលើសលប់ ប៉ុន្តែវាមានបញ្ហាប្រឈមខ្លាំងទាក់ទងនឹងចម្ងាយ និងឧបសគ្គរារាំងសញ្ញា។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវជប៉ុនបានអភិវឌ្ឍឧបករណ៍បញ្ជូនសញ្ញា (Transmitter) និងឧបករណ៍ទទួលសញ្ញា (Receiver) កម្រិតខ្ពស់ ដើម្បីជម្នះបញ្ហានេះបានដោយជោគជ័យ។

បច្ចេកវិទ្យា 6G មិនមែនបង្កើតឡើងត្រឹមតែដើម្បីល្បឿនអ៊ីនធឺណិតលើទូរស័ព្ទដៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់៖
- បច្ចេកវិទ្យា Holographic: ការទាក់ទងគ្នាជាលក្ខណៈរូបភាព 3D ពិតៗ។
- យានយន្តស្វ័យប្រវត្តិ: ការបញ្ជូនទិន្នន័យរវាងរថយន្ត និងផ្លូវថ្នល់ដោយគ្មានភាពរអាក់រអួល (Zero Latency)។
- វេជ្ជសាស្ត្រឌីជីថល: ការវះកាត់ពីចម្ងាយតាមរយៈមនុស្សយន្ត ដែលទាមទារភាពជាក់លាក់បំផុត។
គូសបញ្ជាក់ផងដែរថា គម្រោង 6G នៅស្ថិតក្នុងដំណាក់កាលពិសោធន៍នៅឡើយ ដោយអ្នកជំនាញរំពឹងថា ការដាក់ឱ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មជាសកល នឹងត្រូវធ្វើឡើងនៅជុំវិញឆ្នាំ ២០៣០ ខាងមុខនេះ។
