នាពេលបច្ចុប្បន្ននេះប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) មានភាពទូលំទូលាយលើកគ្រប់វិស័យទាំងអជីវកម្ម ការងារ និងការសិក្សា។ ជាពិសេស គឺការបញ្ជៀបចូលនៃមូលដ្ឋានគ្រឹះឌីជីថលទៅតាមប្រព័ន្ធស្ថាប័នអប់រំជាដើម ក្នុងនោះផងដែរប្រទេសកម្ពុជាយើងក៏កំពុងផ្តោតទៅលើវិស័យឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) ដែលក្រសួងអប់រំយុវជន និងកីឡាប្រកាសថា គ្រប់ថ្នាក់កម្រិតមធ្យមសិក្សា និងឧត្តមសិក្សានឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន។
ជម្រាបជូនប្រិយមិត្តថានាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ដែលស្ថិតនៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។
យោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងពីគោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីលើកកម្ពស់ការអប់រំប្រព័ន្ធឌីជីថលនៅកម្ពុជា ផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តអប់រំឌីជីថលសម្រាប់សាលារៀន, ផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងឧត្ដមានុវត្តន៍បច្ចេកវិទ្យាអប់រំ, ការប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌបច្ចេកវិទ្យាអប់រំ (EdTech Framework) និងក្របខ័ណ្ឌសាលារៀនឌីជីថលកម្ពុជា (Cambodia’s Digital School)។
នៅក្នុងកម្មវិធីសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១នេះ គឺធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៧ និង១៨ កុម្ភៈ ២០២៥ ក្នុងកម្មវិធីនេះក៏មាននូវការតាំងបង្ហាញស្នាដៃនានារបស់សិស្សានុសិស្សបច្ចេកវិទ្យាឌីជីថល, Robot និងប្រព័ន្ធស៊ីស្ទិម Robot, សៀវភៅសិក្សាប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យា, ការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ, ការតេ្តសនិងពិសោធន៍សម្ថតភាព Robot, និងស្នាដៃបច្ចេកវិទ្យាឌីជីថលផ្សេងៗជាច្រើនទៀត។
គូសបញ្ជាក់ផងដែរថា តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាមុំទី១ គឺផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ដែលផ្តោតលើការលើកកម្ពស់ការអប់រំឌីជីថល ដែលសំដៅលើការកសាងសេដ្ឋកិច្ចឌីជីថល និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា២០៣០៕