ឪពុកម្តាយទូទាំងពិភពលោកជាច្រើនរូបចង់ដឹងអំពីអាយុសមស្របក្នុងការឱ្យស្មាតហ្វូនដល់កូនៗរបស់ពួកគេ ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់លើសុខភាពផ្លូវចិត្ត។
ការសិក្សារបស់ស្ថាប័ន Sapien Labs បានរកឃើញថា ការណ៍ដែលកុមារប្រើស្មាតហ្វូនតាំងតែពីក្មេង សុខភាពផ្លូវចិត្តរបស់ពួកគេងាយនឹងទទួលការរង់គ្រោះធ្ងន់ធ្ងរ។ ការស្ទង់មតិបានបង្ហាញថា ៧៤% នៃក្មេងស្រីដែលទទួលបានស្មាតហ្វូនដំបូងរបស់ពួកគេនៅអាយុ ៦ ឆ្នាំ បានរាយការណ៍មានការកើតឡើងនូវជម្ងឺថប់បារម្ភ បើប្រៀបធៀបនឹង ៥២% ដែលទទួលបានវានៅអាយុ ១៥ ឆ្នាំ។
ស្រដៀងគ្នានេះដែរ ៤២% នៃក្មេងប្រុសដែលទទួលបានស្មាតហ្វូនដំបូងនៅអាយុ ៦ ឆ្នាំ មានជម្ងឺថប់បារម្ភ ហើយចំនួននេះថយចុះមកត្រឹម ៣៦% សម្រាប់អ្នកដែលទទួលបានវានៅអាយុ ១៨ ឆ្នាំ។
លោក Zach Rausch ជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាកលវិទ្យាល័យ NYU និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់ "The Anxious Generation" ណែនាំឱ្យពន្យារពេលប្រើប្រាស់ស្មាតហ្វូនរហូតដល់ថ្នាក់វិទ្យាល័យ (ប្រហែលអាយុ ១៤ ឆ្នាំ) និងប្រព័ន្ធផ្សព្វផ្សាយសង្គមរហូតដល់អាយុ ១៦ ឆ្នាំ។ គាត់ស្នើឱ្យមានសាលារៀនគ្មានទូរស័ព្ទចាប់ពីថ្នាក់មត្តេយ្យរហូតដល់អនុវិទ្យាល័យដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននាពេលចាប់ផ្តើមវ័យជំទង់។ អង្គការ Smartphone Free Childhood នៅចក្រភពអង់គ្លេស និង Delay Smartphones នៅសហរដ្ឋអាមេរិកគាំទ្រនូវការស្រាវជ្រាវនេះ។