បើតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងថា "ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃនេះបានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។"
ប្រភពពី World Bank បានបន្ថែមថា "គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា (Cambodia: Solid Waste and Plastic Management Improvement Project) គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។
គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។"
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ”។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ “បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ លើសពីនេះ គម្រោងនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់, ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម, ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ ជាមិនខាន។”
គម្រោងនេះនឹងអនុវត្តរួមគ្នាដោយក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, និងក្រសួងសាធារណការ និងដឹកជញ្ជូន។