ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់បរទេសចំនួន ៤២ ដោយក្នុងនោះរួមមានទាំង Facebook, Google និង TikTok បានបង់ពន្ធទៅឱ្យប្រទេសវៀតណាមចំនួន ៣.៤៤ពាន់ពាន់លានដុង ឬស្មើនឹង ១៤៦.៤០ លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមវិបផតថលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារវៀតណាម ចេញផ្សាយដោយកាសែត VNExpress កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានឱ្យដឹងថា វៀតណាមបានប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យារបស់បរទេស រាប់រយលានដុល្លារ ខណៈចំនួននេះគឺលើសពីអ្វីដែលបានរំពឹងទុក ២៤.៣% និងកើនឡើងរហូតដល់ ៨.៥% បើធៀបនឹងឆ្នាំ២០២១ កន្លងទៅ។
គូសបញ្ជាក់ថា វៀតណាមបានបង្កើតវិបផតថលថ្មីនេះ នៅអំឡុងខែមីនា ឆ្នាំ២០២២ ដើម្បីធ្វើឱ្យក្រុមហ៊ុនរបស់បរទេស ដែលចូលមកវិនិយោគក្នុងប្រទេសខ្លួន មានភាពងាយស្រួលក្នុងការបង់ពន្ធ។ នៅក្នុងឆ្នាំនេះប្រទេសវៀតណាម ហាក់កាក់កបខ្លាំង ព្រោះមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់បរទេសចូលទៅវិនិយោគ ដូច្នេះអ្វីដែលវៀតណាមទទួលបានគឺលុយបង់ពន្ធ និងការងារជាច្រើនកន្លែង ដល់ប្រជាជនខ្លួន៕
អត្ថបទដោយ៖ ផែន ផាន់ណា