ឱ្យតែនឹកគិតទៅដល់អ្នកធ្វើវីដេអូ ម្ហូបបែបស្រុកស្រែ ដើរបេះបន្លែបន្លុកក្បែរៗផ្ទះ ច្បាស់ណាស់គេនឹងនឹកឃើញ ទៅដល់យុវតីសំឡេងរដឺនៗមួយរូប ឈ្មោះថា ឆម ស្រីផាច ដែលវីដេអូរបស់គាត់ កំពុងផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង។ យុវតីវ័យ២៤ឆ្នាំរូបនេះ មានស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ធ្លាប់ជាអតីតសិស្សរៀនផ្នែក Business មួយរូបផងដែរ។
ថ្លែងប្រាប់ក្រុមការងារ Technology Cambodia អំពីសាច់រឿងនៃការធ្វើវីដេអូបែបជនបទ ដោយផ្ដោតសំខាន់ទៅការធ្វើម្ហូបនេះ កញ្ញាឆម ស្រីផាច បានឱ្យដឹងថា ដំបូងឡើយការធ្វើវីដេអូនេះ គឺកញ្ញាទទួលបានការបង្ហាញផ្លូវពីសំណាក់បងប្រុសរបស់ខ្លួន រួមទាំងមានការជួយជ្រោមជ្រែងពីគ្រួសារ ទើបកញ្ញាមានកម្លាំងចិត្តបន្តធ្វើវីដេអូរហូតមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះ។
កញ្ញាបានបង្ហើបថា ដោយសារតែការប្រើគាមភាសា និងតុងនិយាយតាមភូមិស្រុកគាត់ បូករួមទាំងការរកនឹកធ្វើប្រភេទវីដេអូម្ហូបប្លែកៗ បែបស្រុកស្រែចម្ការ ទើបរាល់វីដេអូដែលបានបង្ហោះនៅលើផេករបស់កញ្ញា ឈ្មោះថា Chhom Srey Pach ទទួលបានការចូលទស្សនាជាច្រើន រហូតដល់វីដេអូមួយចំនួន មានអ្នកចូលមើល ឡើងដល់រាប់លាននាក់។
ចូលមកដល់ប្រធានបទ ដែលបងប្អូនទាំងអស់គ្នាចង់ដឹងនោះ តើហេតុអ្វីបានជាប្រភេទវីដេអូរបស់កញ្ញា ឆម ស្រីផាច មានអ្នកចូលមើលច្រើន រហូតអាចទាញចំនួនអ្នក Follows ក្នុងផេកបានដល់ 1.1M បាន?
ត្រង់ចំណុចនេះកញ្ញាបានបញ្ជាក់ថា “ខ្ញុំគិតថាដោយសារតែ ភាសាដែលខ្ញុំប្រើគឺជាប្រភេទគាមភាសា ឬភាសាអ្នកស្រុក បូករួមទាំងការធ្វើម្ហូប បែបជនបទស្រុកស្រែចម្ការ ដែលធ្វើឱ្យពុកម៉ែបងប្អូនគាត់ចូលចិត្តទស្សនា ព្រោះវាធ្វើឱ្យពួកគាត់នឹកឃើញដល់អតីតកាល ជាពិសេសអ្នកដែលធ្លាប់រស់នៅទីជនបទ ហើយដូរមកនៅទីក្រុង។”
កញ្ញាបន្ត “សម្រាប់ការទាញអ្នកឱ្យមក Follow ផេក បានរហូតដល់ជាង 1M នេះ ក៏ព្រោះតែសន្ទុះអ្នកចូលមើល និង Share វីដេអូមានចំនួនច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះវានឹងចែកចាយទៅកាន់អ្នកមិនធ្លាប់ឃើញ ឱ្យពួកគេបានឃើញ។ នៅពេលដែលគេបានឃើញហើយ បើប្រភេទមាតិការ ឬវីដេអូដែលយើងធ្វើ មានភាពទាក់ទាញ វានឹងធ្វើឱ្យគេអាចរីករាយពេលមើលវីដេអូរបស់យើង ពិតណាស់គេនឹងយកម្រាមដៃរបស់គេ ចុច Follow Page របស់យើង ដើម្បីតាមដាននៅថ្ងៃស្អែកជាមិនខាន។”
ជាចុងក្រោយកញ្ញាបានផ្ដាំដល់អ្នកចង់ធ្វើវីដេអូក្រោយៗថា “សម្រាប់អ្នកដែលកំពុង ឬចង់ក្លាយជាអ្នកផលិតវីដេអូបែបស្រុកស្រែនេះ គឺវាមិនពិបាករហូតធ្វើមិនកើតនោះទេ ពោលគឺអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមធ្វើម្ហូបតាមតំបន់ ឬប្រចាំតំបន់ ឬក៏ការធ្វើម្ហូបតាមវាលស្រែ ដែលមានទេសភាពស្រស់ស្អាត ដើម្បីបន្ថែមរសជាតិវីដេអូដល់អ្នកកំពុងទស្សនា ឱ្យពួកគាត់មានអារម្មណ៍ថាសប្បាយ និងហាក់ដូចជាកំពុងរស់នៅក្នុងទិដ្ឋភាពដែលយើងបានបង្ហាញពិតៗ។
សម្រាប់ការច្នៃប្រឌិតទៅលើមុខម្ហូបវិញ គឺជាកត្តាដែលធ្វើឱ្យមានអ្នកចូលទស្សនាច្រើនផងដែរ ប៉ុន្តែបងប្អូនត្រូវតែចាំហើយចាំទៀតថា យើងត្រូវតែធ្វើអ្វីដែលជាខ្លួនឯង និងរក Unique នៃវីដេអូរបស់យើងឱ្យបាន។ មួយទៀតអ្វីដែលអ្នកធ្វើវីដេអូគួរជៀសវាង គឺរាល់វីដេអូរបស់យើង មិនប៉ះពាល់ដល់អ្នកដទៃ គោរពតាមគោលការណ៍របស់បណ្ដាញសង្គមនីមួយៗ និងមិនប៉ះពាល់ដល់ច្បាប់របស់ប្រទេសយើងផងដែរ។”
គូសបញ្ជាក់ថា ខាងលើនេះគឺជាការណែនាំខ្លះៗ ដែលកញ្ញាបានផ្ដាំផ្ញើដល់អ្នកបង្កើតវីដេអូ ដើម្បីស្វែងរកប្រាក់ចំណូលតាម Online ជំនាន់ក្រោយ ដែលជាផ្លូវមួយជួយដល់ជីវភាពខ្លួនឯង គ្រួសារ និងបង្ហាញពីអត្តសញ្ញាណជាតិទាំងមូល ឱ្យបរទេសបានឃើញផងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា