Tesla ប្រញាប់ប្រមូលឡាន ១.៦លានគ្រឿងពីចិន មកជួសជុលផ្នែក២នេះជាបន្ទាន់ ដើម្បីសុវត្ថិភាពអាយុជីវិតភ្ញៀវ
Navasiri Morm
JANUARY 10 2024
យានយន្ត
6.6 K views
1 min read

កាលពីថ្ងៃ៥ មករាឆ្នាំ២០២៤ និយតកររដ្ឋចិនបានប្រកាស ឱ្យក្រុមហ៊ុន Tesla ត្រូវធ្វើការប្រមូលឡានរបស់ខ្លួនប្រមាណ ១.៦លានគ្រឿងពីអតិថិជននៅឯប្រទេសចិន យកចូលក្នុងឃ្លាំងជួសជុលជាបន្ទាន់ ដើម្បីការពារដល់សុវត្ថិភាពអាយុជីវិតរបស់អតិថិជន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ឡានទាំង ១.៦លានគ្រឿងដែលប្រមូលត្រឡប់ទៅវិញ នឹងត្រូវយកទៅជួសជុលលើមុខងារពីរសំខាន់ៗ រួមមានមុខងារ បើកបរដោយស្វ័យប្រវត្តិ (Autopilot) និងមុខងារចាក់សោរ (Lock)។ ទោះបីជាយ៉ាងនេះក្ដី សម្រាប់ការជួសជុលឡានទាំងអស់នេះ ខាងនិយតករចិនបានបញ្ជាក់ថា ក្រុមហ៊ុន Tesla អាចធ្វើការជួសជុលបញ្ហាទាំងពីរនេះបាន តាមរយ:ការធ្វើបច្ចុប្បន្នភាពទៅលើ Software រថយន្ដទាំងអស់នោះបានពីចម្ងាយ ដូច្នេះហើយគឺមិនចាំបាច់ប្រមូលឡានដឹកទៅកាន់ឃ្លាំងនៅអាមេរិកនោះឡើយ។

ជាមួយគ្នានេះដែរ និយតករចិន បានបញ្ជាក់ថា រថយន្ដដែលមានផលប៉ះពាល់ហើយត្រូវប្រមូលមកវិញរួមមានរថយន្ដ Tesla Model S, Model X, Model 3 និង Model Y របស់ក្រុមហ៊ុន Tesla ដែលរថយន្ដទាំងអស់នោះ​ ត្រូវបានគេរកឃើញថា មានបញ្ហាមួយចំនួន ជាពិសេសគឺមុខងារបើកបរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានមនុស្សបើកដែលអាច "បង្កើនហានិភ័យនៃការប៉ះទង្គិចរថយន្ត និងបង្កហានិភ័យសុវត្ថិភាព" ដល់ប្រជាជនចិន ដែលជាអ្នកប្រើប្រាស់។

គួរជម្រាបផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Tesla ត្រូវប្រមូលឡានរបស់ខ្លួនមកជួសជុលជូនអតិថិជន ប៉ុន្ដែយ៉ាងណាក៏ដោយ វាបានបង្ហាញពីទំនួលខុសត្រូវ និងការផ្ដល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួនផងដែរ ខណ:បច្ចុប្បន្នេះ Tesla គឺជាក្រុមហ៊ុនផលិតរថយន្ដមួយ ដែលអាចផលិតឡានអគ្គិសនីបានយ៉ាងអស្ចារ្យ និងអាចលក់ទៅកាន់ទីផ្សារចិនបានថែមទៀតផង៕

ប្រភព៖ CNBC

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia