នាថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានអញ្ជើញចូលរួមជាអធិបតីបើកសម្ភោធជាផ្លូវការពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022) នៅអគារ A-F នៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការសម្របសម្រួលរបស់អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិព័រណ៍បច្ចេកវិទ្យានេះ ជាកម្មវិធីពិព័រណ៍ថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា និងជាកម្មវិធីអមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១. កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤, ២. បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត និងផលិតផលនិងសេវាកម្មបច្ចេកវិទ្យា, ៣. ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ, និងឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា, ៤. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងធុរកិច្ចថ្មីបច្ចេកវិទ្យា សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ, ៥. ជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា, និងនវានុវត្តន៍ និង ៦. លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវរួម ជាដើម។
លោកស្រី MILA JIVKOVA KUSHEVA តំណាងក្រុមហ៊ុន Smart Axiata បានលើកឡើងថា ក្នុងនាមជាក្រុមហ៊ុននាំមុខផ្នែកបច្ចេកវិទ្យា យើងយល់យ៉ាងច្បាស់នូវតួនាទីរបស់យើងក្នុងនាមជាតួអង្គសំខាន់ក្នុងការកសាងនូវសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងរយៈពេល ១៤ ឆ្នាំ កន្លងមកនេះ យើងបាន និងកំពុងគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយនឹងនិយ័តករនានា ដើម្បីធ្វើឱ្យប្រសើរឡើង និងពង្រីកនូវនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលលើផ្នែកសេវាកម្ម និងផលិតផលរបស់យើង ព្រមទាំងធ្វើឱ្យប្រសើរឡើង និងពង្រីកនូវគុណភាពបណ្តាញ និងសេវាគ្របដណ្តប់ដើម្បីធានាថាមូលដ្ឋានគ្រឹះផ្សេងៗត្រូវបង្កើតឡើងសម្រាប់កម្ពុជាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។
លោក Andy Chee ប្រធានក្រុមហ៊ុន Kepstar Data Centre Management បានលើកឡើងថា ក្រុមហ៊ុនរបស់លោកត្រៀមខ្លួនជាស្រេចរួមធ្វើដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃសេដ្ឋកិច្ច និងសង្គមឌីជីថល។ ជាមួយគ្នានេះដែរ លោក William Kim តំណាងក្រុមហ៊ុន Publox បានលើកឡើងផងដែរថា ក្រុមហ៊ុននឹងផ្តល់នូវអធិបតេយ្យភាពទិន្នន័យរបស់ប្រជាជនកម្ពុជាគ្រប់រូប តាមថ្នាលទិន្នន័យរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា North latitude, THirty-degrees (NTH)។ លោកបានបន្ថែមថា លោកមានបំណងចង់ឱ្យប្រជាជនកម្ពុជាយល់ដឹងអំពីតម្លៃ និងគុណតម្លៃដ៏អស្ចារ្យនៃទិន្នន័យរបស់ពួកគាត់។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យចាំបាច់បំផុត ជាពិសេសក្នុងវិស័យកសិកម្ម ដែលជាគន្លឹះនៃការអភិវឌ្ឍន៍ជាតិក្នុងសម័យបច្ចេកវិទ្យានេះ។ ការធ្វើទំនើបកម្មវិស័យកសិកម្ម គឺជួយទៅដល់ការរីកចម្រើនក្នុងវិស័យនេះ ជាពិសេសការធានាបាននូវសន្តិសុខស្បៀងជាសកល។ ទោះជាយ៉ាងក្តី ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ចាំបាច់ត្រូវពិនិត្យមើលអំពីផលប៉ះពាល់ ជាពិសេសផលប៉ះ ពាល់ទៅលើបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសក្តានុពលក្នុងការបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងជះឥទ្ធិពលទៅលើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានតាមមហិច្ឆតានៃរបៀបវារៈឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល និងបង្កើតនូវអត្ថប្រយោជន៍សម្រាប់ សេដ្ឋកិច្ច សង្គម និង បរិស្ថាន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍បន្ថែមទៀតថា ដើម្បីចាប់យកនូវអត្ថប្រយោជន៍នៃ នវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព យើងត្រូវ៖ ១. កៀរគរនូវរាល់ធនធានទេពកោសល្យរបស់យើងទាំងអស់ឆ្ពោះសំដៅទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព, ២. ពង្រឹងប្រព័ន្ធនវានុវត្តន៍ តាមរយៈការផ្តល់នូវបរិស្ថានដែលជំរុញនិងការពារនូវការចាប់យកនូវហានិភ័យ និងផ្តល់នូវបរិយាកាសវិនិយោគប្រកបដោយសន្តិសុខ, ៣. ផ្តល់ការលើកទឹកចិត្តដល់ការ វិនិយោគពីប្រភពផ្សេងៗ ជាអាទិ៍ ការវិនិយោគផ្ទាល់ពីបរទេស និងផលប៉ះពាល់នៃវិនិយោគ ហើយត្រូវសម្របនូវធនធានហិរញ្ញវត្ថុវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទាំងអស់ឆ្ពោះសំដៅទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព និង ៤. បង្កើតនូវសេដ្ឋកិច្ចពុទ្ធិនវានុវត្តន៍បើកចំហរ និងប្រកបដោយបរិយាបន្ន។
ថ្លែងក្នុងសុន្ទរកថាបើកសម្ភោធជាផ្លូវការកម្មវិធីពិព័រណ៍ច្ចេកវិទ្យាកម្ពុជា ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល និងឌីជីថលូបនីយកម្មគឺជានិន្នាការគន្លឹះក្នុងការជំរុញតម្រូវការសម្រាប់ជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ទូរគមនាគមន៍ អប់រំ សុខភាព និងវិស័យរដ្ឋាភិបាល។ ក្នុងដំណើរការនៃបរិវត្តកម្មឌីជីថល និងឌីជីថលូបនីយកម្មនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ទៅលើចំណុច ជាអាទិ៍ ១. ការអភិវឌ្ឍធនធានមនុស្ស ទាំងជំនាញ និងចំណេះដឹង ដែលជាកត្តាលីករមិនអាចខ្វះបានក្នុងការជំរុញផលិតផលសេដ្ឋកិច្ច និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងជំនាញទាបនិងពលកម្មដោយការអនុគ្រោះ ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញខ្ពស់ បច្ចេកវិទ្យា និងមូលធន, ២. សារៈសំខាន់នៃសហគ្រាសធុនតូចនិងធម្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច, ៣. ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដែលបាននិងកំពុងជួយជំរុញផលិតភាពនៅក្នុងគ្រប់ផ្នែកនិងវិស័យផ្សេងៗជាច្រើន និង ៤. ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងភាពធននឹងអាកាសធាតុ ដែលជាផ្នែកសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព តាមរយៈការពង្រីកការសហការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការលើកកម្ពស់ការផ្លាស់ប្តូរថាមពល, និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងសម្រាប់សេដ្ឋកិច្ចបៃតង។
នៅក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការកម្មវិធីពិព័រណ៍ច្ចេកវិទ្យាកម្ពុជា ២០២២ នេះ ក៏មានពិធីអមមួយចំនួនផងដែរ ដូចជា៖ ១. ពិធីសម្ពោធជាផ្លូវការនូវរបាយការណ៍ស្តីពីសន្ទស្សន៍វិនិយោគនវានុវត្តន៍ (Innovation Investment Index) ដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ Konrad-Adenauer-Stiftung (KAS), ២. ពិធីសម្ពោធបើកការដ្ឋាននៃក្រុមហ៊ុន Kepstar Data Centre, ៣. វិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Kepstar Data Centre Management និងក្រុមហ៊ុន Mobile C&C និង ៤. វិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Publox និងក្រុមហ៊ុន Mobile C&C។
គួរបញ្ជាក់ផងដែរថា ពិព៌រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ រួមមានកម្មវិធីចម្បងៗ ដូចជា៖ វេទិកាកិច្ចសន្ទនា វិស័យសាធារណៈ-ផ្នែកឯកជន (ASEAN Public-Private Sector Dialogue), វេទិកាពិព័រណ៍បច្ចេកវិទ្យាកម្ពុជា (Main Stage), វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Stage), វេទិកាធុរកិច្ចថ្មីបច្ចេកវិទ្យា (Tech Startup Stage) និងសកម្មភាពសំខាន់ៗមួយចំនួនទៀត ជាអាទិ៍ កម្មវិធីទំនាក់ទំនង និងជំនួបរវាងវិនិយោគិននិងធរុកិច្ចថ្មីបច្ចេកវិទ្យាជាដើម។
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ទទួលបានការគាំទ្ររៀបចំដោយអន្តរក្រសួងចំនួន ៩ រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល។ ជាមួយគ្នានេះដែរ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ក៏បានទទួលការឧបត្ថម្ភគាំទ្រពីវិស័យសាធារណៈនិងឯកជនមួយចំនួន ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រុមហ៊ុន SMART Axiata, ក្រុមហ៊ុន Kepstar Data Center, ក្រុមហ៊ុន Publox, ក្រុមហ៊ុន Metfone, ក្រុមហ៊ុន Online, ក្រុមហ៊ុន Edotco, ធនាគារព្រីនស៍, ធនាគារភ្នំពេញពាណិជ្ជ ម.ក, ធនាគារស្ថាបនា, ក្រុមហ៊ុន Mobile C&C, ក្រុមហ៊ុន Huawei Technology (Cambodia), ក្រុមហ៊ុន Cellcard, ធនាគារវីង, ក្រុមហ៊ុន Binance, សហគ្រិនខ្មែរ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុន Vehaa Data Center និងលោកឧកញ៉ា PHU Se Tong។ ជាងនេះយើងក៏មានស្ថាប័នដៃគូមួយចំនួនផងដែរដូចជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, ក្រុមហ៊ុន Tube Coffee និង Tube Central, ក្រុមហ៊ុន Thalias, ក្រុមហ៊ុន Aus Khmer, ក្រុមហ៊ុន Coca Cola, ក្រុមហ៊ុន Krud និង Vattanac Beer, ក្រុមហ៊ុន Compass, Factory Phnom Penh, ក្រុមហ៊ុន G Gear Group, ក្រុមហ៊ុន Sabay, សារព័ត៌មាន Phnom Penh Post, ក្រុមហ៊ុន Quantum, ក្រុមហ៊ុន Sabay Osja, ធុរកិច្ច Bonkert Solutions និងក្រុមហ៊ុន Today ISP។