មានរឿងអ្វីកើតឡើង ប្រសិនបើក្នុងពេលដ៏ខ្លីខាងមុខ សិស្សសាកលវិទ្យាល័យ មិនបាច់ធ្វើលំហាត់កិច្ចការផ្ទះដោយខ្លួនឯង ហើយប្រើបច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត AI ឱ្យធ្វើលំហាត់ជំនួស?
រឿងនេះ គឺពិតជាបានកើតឡើងពិតប្រាកដមែន ដោយយោងតាមគេហទំព័រ Vice បានឱ្យដឹងថា ម្ចាស់គណនី Reddit ម្នាក់ឈ្មោះ Innovate_rye បានធ្វើការចែករំលែកបទពិសោធន៍ក្នុងរៀនសូត្រនៅសាកលវិទ្យាល័យរបស់ខ្លួនយ៉ាងដូច្នេះថា កាលនៅរៀនសាកលវិទ្យាល័យ គាត់បានប្រើប្រាស់ AI ជាជំនួយក្នុងការធ្វើលំហាត់ ក៏ដូចជាសរសេររបាយការណ៍ផ្សេងៗ ផ្ញើឱ្យគ្រូ។ បន្ថែមពីនេះទៀត លោកថែមទាំងប្រើ AI ជាជំនួយ ទទួលធ្វើលំហាត់ឱ្យសិស្សដទៃ រហូតអាចរកបាន១០០ដុល្លារ ក្នុងមួយសប្ដាហ៍ថែមទៀតផង។
ជាមួយគ្នានេះ Innovate_rye ក៏បានរៀបរាប់ឱ្យដឹងទៀតថា ប្រសិនបើគេធ្វើលំហាត់ដោយខ្លួនឯង ជាមធ្យមនឹងត្រូវចំណាយពេល ២ម៉ោង ប៉ុន្ដែការប្រើ AI ដើម្បីជាជំនួយ គាត់អាចបញ្ចប់លំហាត់នោះបានយ៉ាងល្អ ត្រឹមរយៈពេលតែ ២០នាទីប៉ុណ្ណោះ។ បន្ថែមពីនេះទៀត Innovate_rye ថែមទាំងបានលើកឧទាហរណ៍ជាក់ស្ដែងមួយ ប្រសិនបើគ្រូដាក់លំហាត់ ដោយឱ្យពិពណ៌នាអំពី គុណសម្បត្តិ និងគុណវិបត្តិនៃជីវបច្ចេកវិទ្យា (Biotechnology) គាត់ធ្លាប់ប្រើ AI ឱ្យឆ្លើយដោះស្រាយបញ្ហាមួយនេះបានយ៉ាងងាយស្រួល និងថែមទាំងទទួលបាននិទ្ទេស A ថែមទៀតផង។
ទន្ទឹមនឹងនេះផងដែរ ក៏មានសិស្សនិស្សិតដែលធ្លាប់ប្រើ AI ឱ្យជួយធ្វើលំហាត់ជាច្រើននាក់ទៀត បានមកបញ្ចេញមកតិយោបល់ជាមួយ Innovate_rye យ៉ាងដូច្នេះថា ការប្រើ AI ឱ្យជួយធ្វើលំហាត់ ទោះបីជានៅមានចំណុចខ្សោយខ្លះ ដូចជាអត្ថបទដែល AI សរសេរចេញមកខ្វះប្រភពយោងមួយចំនួន ប៉ុន្ដែគ្មាននរណាអាចចាប់ដឹងទេថា វាគឺជាអត្ថបទដែលសរសេរឡើងដោយ AI។
ហើយបើតាមលោក George Veletsianos ដែលជា អ្នកជំនាញការច្នៃប្រឌិត និងបច្ចេកវិទ្យានៅសាកលវិទ្យាល័យ Royal Roads បានពន្យល់ថា មូលហេតុដែលកម្មវិធីត្រួតពិនិត្យសំណេរមិនអាចចាប់បានថា វាជាអត្ថបទដែលចងក្រងដោយ AI គឺដោយសារតែអត្ថបទទាំងអស់ត្រូវបានរៀបរៀងមកថ្មីទាំងស្រុងដោយ AI ដោយយោងតាមទិន្នន័យចាស់ៗជាច្រើនចូលគ្នា ជាហេតុធ្វើឱ្យសូម្បីតែកម្មវិធីត្រួតពិនិត្យ Plagiarism ក៏មិនអាចចាប់ដឹងដែរ។
ការប្រើបច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត AI សម្រាប់មកជួយធ្វើលំហាត់ មិនមែនជារឿងចម្លែកនោះទេ ដោយចាប់តាំងពីក្រុមហ៊ុន Open AI ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យា AI របស់លោក Elon Musk បានបើកឱ្យ API ម៉ូដែលភាសាមួយដែលមានឈ្មោះថា GPT-3 ក៏មានអ្នកប្រើប្រាស់ជាច្រើន ចាប់ផ្ដើមបញ្ចូលព័ត៌មាន ក៏ដូចជាទិន្នន័យទាក់ទងទៅនឹងភាសាជាច្រើន រហូត AI របស់ Open AI មានសមត្ថភាពអាចសរសេរអត្ថបទឆ្លើយឆ្លងផ្សេងៗ បានយ៉ាងល្អដូចមនុស្ស រហូតដល់ថ្នាក់ប្រសិនបើយើងមិនបានដឹងមុនថាវាត្រូវបានសរសេរដោយ AI នោះយើងនឹងមិនអាចបែកចែកបានទេថាមួយណាត្រូវបានសរសេរដោយមនុស្ស ហើយមួយណាត្រូវបានសរសេរដោយ AI។
សរុបមក បច្ចេកវិទ្យាមានទាំងរឿងវិជ្ជមាន និងអវិជ្ជមាន ហើយបើទោះបីជាការប្រើ AI ជាជំនួយនៅក្នុងការធ្វើលំហាត់ជួយឱ្យចំណេញពេលវេលា និងមានភាពងាយស្រួលក៏ពិតមែន ប៉ុន្ដែយ៉ាងណាក៏ដោយ សូមកុំភ្លេចថាចំណេះដឹងដែលនឹងទទួលបាន ឬដក់ជាប់នៅក្នុងការចងចាំយើងពិតប្រាកដ គឺកើតចេញពីដំណើរការនៃការឆ្លងកាត់ការរៀនសូត្រយ៉ាងពិតប្រាកដ៕