អ៊ីនធើណេត Starlink ដែលកំពុងល្បីល្បាញនៅក្នុងប្រទេសលោកខាងលិច និងនៅប្រទេសក្នុងតំបន់អាស៊ីមួយចំនួនផងដែរ ពេលនេះចាប់ផ្ដើមមានវត្តមាននៅខ្មែរបណ្ដើរៗហើយ ដោយមានកូនខ្មែរ-អាមេរិកម្នាក់ រស់នៅលើទឹកដីខេត្តព្រះសីហនុ បាននាំយកចានផ្កាយរណប Starlink ពីបរទេស មកដំឡើងនៅខ្មែរ ក្នុងចំការវ៉ានីឡារបស់គាត់។
បុរសជនជាតិខ្មែរកាត់អាមេរិករូបនេះមានឈ្មោះថា តារា ចាន់ ដែលបច្ចុប្បន្នលោកគឺជាម្ចាស់ចំការវ៉ាន់នីឡា ក្នុងខេត្តព្រះសីហនុ និងជាបុរសខ្មែរដំបូងគេ ដែលបានប្រើប្រាស់អ៊ីនធើណេត Starlink ដែលជាផលិតផលរបស់ក្រុមហ៊ុនលោក Elon Musk។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោកតារា ចាន់ បុរសកូនកាត់រូបនេះ បានប្រាប់ក្រុមការងារចាបខៀវថា លោកបានទិញអ៊ីនធើណេត Starlink នេះ នៅក្នុងកញ្ចប់ជាង២០០ដុល្លារតែប៉ុណ្ណោះ ដោយដំបូងឡើយលោកបានឃើញមិត្តភក្ដិ ប្រើប្រាស់បណ្ដាញអ៊ីនធើណេត ចាប់សេវាពីផ្កាយរណបនេះដំណើរការបានលឿនល្អ ទើបលោកសម្រេចចិត្តកុម្ម៉ង់ទិញមកប្រើនៅខ្មែរសាកល្បង។
គោលបំណងនៃការប្រើប្រាស់មួយទៀតនោះគឺ ដើម្បីមានភាពងាយស្រួលទំនាក់ទំនងជាមួយម៉ាក់ប៉ា ដែលរស់នៅឆ្ងាយ ព្រោះសេវាដែលទទួលបានពីអ៊ីនធើណេត Starlink គឺដំណើរការលឿនល្អ ទោះបីជាលោកកំពុងរស់នៅក្នុងតំបន់ដាច់ស្រយាលក៏ដោយ។
គូសបញ្ជាក់ថា លោកតារា ចាន់ បាននាំយកចានអ៊ីនធើណេត Starlink នេះមកកម្ពុជាអំឡុងដើមឆ្នាំ២០២៣ និងពុំមានគោលបំណងណាមួយ ដើម្បីធ្វើអាជីវកម្មឡើយ។ សម្រាប់អ៊ីនធើណេត Starlink នេះដែរ គឺមានភាពងាយស្រួលខ្លាំង ដោយសារតែវាចាប់សេវា ពីផ្កាយរណប ដូច្នេះតំបន់ដាច់ស្រយាលក៏អាចមានសេវាទៅដល់ដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា