កាលពីពេលថ្មីៗនេះ បុរសម្នាក់ឈ្មោះ Lennert Wouters បាននិយាយថា គេអាចហែកចូលទៅកាន់ប្រព័ន្ធអ៊ីនធឺណិតទម្លាក់ពីលើមេឃ Starlink របស់មហាសេដ្ឋី Elon Musk បានយ៉ាងងាយស្រួល ដោយចំណាយលុយតែ ២៥ដុល្លារប៉ុណ្ណោះ ដែលនេះ គឺជាចន្លោះប្រហោងមួយដែល Starlink ត្រូវប្រញ៉ាប់ពិនិត្យ និងកែប្រែជាបន្ទាន់។
ប្រភពដដែលបានឱ្យដឹងទៀតថា សន្និសីទសន្តិសុខកុំព្យូទ័រនៅទីក្រុង Las Vegas ដែលបានប្រារព្ធឡើងកាលពីដើមសប្ដាហ៍មុន លោក Lennert Wouters ដែលជាអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពមកពីសាកលវិទ្យាល័យបែលហ្ស៊ិក KU Leuven បានធ្វើបទវិភាគ និងបានបង្ហាញអ្នកចូលរួមពី Modchip ឬ Circuit Board ដែលជាឧបករណ៍ច្នៃមួយដែលអាចជួយឱ្យគេអាចហែកចូលប្រព័ន្ធអ៊ីនធឺណិតទម្លាក់ពីលើមេឃតាមរយៈផ្កាយរណបរបស់ Starlink បានតាមរយៈការបញ្ជាតាមភាសាកូដ ខណៈឧបករណ៍មួយនេះ គេអាចរកទិញបានយ៉ាងងាយស្រួលនៅលើទីផ្សារ នៅក្នុងតម្លៃតែ ២៥ដុល្លារប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោក Lennert Wouters ក៏បានចូលរួមកម្មវិធីហេកមួយរបស់ក្រុមហ៊ុន SpaceX ដែលកម្មវិធីនេះ ក្រុមហ៊ុន SpaceX នឹងឱ្យជាប្រាក់រង្វាន់សម្រាប់អ្នករកឃើញចន្លោះប្រហោងទៅលើប្រព័ន្ធអ៊ីនធឺណិត Starlink។ ហើយតាមរយៈការរកឃើញចន្លោះប្រហោងមួយនេះ កាលពីថ្ងៃពុធ សប្ដាហ៍មុន ក្រុមហ៊ុន SpaceX ក៏បានធ្វើការអបអរសារទរ នឹងផ្ដល់នូវរង្វាន់ដល់លោក Lennert Wouters ផងដែរ។ ហើយក្រុមហ៊ុនបាននិយាយថា នឹងធ្វើកំណែទម្រង់ក៏ដូចជាធ្វើបច្ចុប្បន្នភាពទៅលើកន្លែងដែលរកឃើញថាទន់ខ្សោយទៅលើប្រព័ន្ធរបស់ខ្លួន។
គួរជម្រាបផងដែរ Starlink គឺជាគម្រោងអ៊ីនធឺណិតទម្លាក់ពីលើមេឃតាមរយៈផ្កាយរណបមកផែនដី ដែលជាគម្រោងរបស់មហាសេដ្ឋី Elon Musk ដោយបច្ចុប្បន្ននេះ Starlink មានអតិថិជនដែលកំពុងតែប្រើប្រាស់រហូតដល់ទៅ ៤សែននាក់ទូទាំងពិភពលោក។ ហើយចំណែកឯផ្កាយរបណវិញ មានរហូតដល់ទៅ ២៥០០ផ្កាយរណបនៅលើមេឃ ដែលវាដើរតួនាទី សម្រាប់បញ្ចូនសេវាអ៊ីនធឺណិត ពីលើមេឃមកផែនដី៕