ក្ដៅៗ! ល្បីរឿងផ្ញើសារតាមតេឡេក្រាមឈ្នះលុយពី Smart ៥០$ ឥឡូវក្រុមហ៊ុនចេញបញ្ជាក់រឿងនេះហើយ
ផែន ផាន់ណា
MAY 22 2023
អាជីវកម្ម 4.0
1.8 K views
2 mins read

ដោយមានសារបោកប្រាស់ពាក់ព័ន្ធនឹងការឈ្នះទឹកប្រាប់ផ្សេងៗ ដោយប្រើឈ្នះរបស់ក្រុមហ៊ុន Smart ថ្មីៗនេះក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី («ស្មាត») បានជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាប "អំពីសកម្មភាពបោកប្រាស់ថ្មីៗដែលបាននិងកំពុងកើតមានឡើងនៅលើបណ្តាញសង្គមតេលេក្រាម Telegram ឬ/និង ហ្វេសបុកដោយមានបុគ្គលមួយចំនួនកំពុងប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុន ស្មាត ដើម្បីព្យាយាមឆបោកអតិថិជន តាមរយៈការសាកសួរអំពីព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ និងចំនួនទឹកប្រាក់របស់ពួកគេ។"

Photo 2023 05 22 16 19 59

ក្រុមហ៊ុន ស្មាត មិនមានពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំនិងការឆបោកដែលបាននិងកំពុងកើតមាននៅលើ Telegram ឬ/និង ហ្វេសបុក នេះទេ។ យើងខ្ញុំសូមធ្វើការណែនាំដល់អតិថិជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសារ ឬសំណើណាមួយដែលអះអាងថាមកពីក្រុមហ៊ុន ស្មាត នៅលើបណ្តាញទំនាក់ទំនងសង្គម Telegram ឬ/និង ហ្វេសបុក ហើយសូមមេត្តាកុំធ្វើការឆ្លើយតបនឹងសារបែបនោះឲ្យសោះ។

យើងខ្ញុំក៏សូមអំពាវនាវម្តងទៀតដែរថា យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយអតិថិជន តាមរយៈបណ្តាញផ្លូវការ រួមមានវិបសាយ ផេកហ្វេសប៊ុក Facebook Page Smart Axiata (មានផ្លាកសញ្ញា ធិកពណ៌ខៀវ) និង គណនីផ្លូវការផ្សេងទៀតដូចជា Telegram Smart Axiata (មានសញ្ញាធិកពណ៌ខៀវ) តែបុណ្ណោះ។

អាស្រ័យហេតុនេះ ប្រសិនបើ អតិថិជនទទួលបានសារណាមួយដែលគួរឲ្យសង្ស័យ ឬមិនមានភាពច្បាស់លាស់ សូមមេត្តាទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈលេខទូរសព្ទ Hotline 1204 ឬផេកហ្វេសប៊ុក ផ្លូវការរបស់យើងខ្ញុំដើម្បីសាកសួរព័ត៌មានលម្អិត។ សូមអតិថិជនទាំងអស់មេត្តាជ្រាបផងដែរថា បន្ទាប់ពីបានទទួលព័ត៌មានជុំវិញបញ្ហាដូចបានរៀបរាប់ខាងលើ យើងខ្ញុំបាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហាទាំងនោះ។

ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន ទាំងអស់នូវសេវាកម្មល្អបំផុត និងការធានាបាននូវ ការប្រើប្រាស់ប្រកបដោយការការពារខ្ពស់បំផុត ។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជន ទាំងអស់មេត្តាបន្តរក្សាការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ និងចាត់ចែងវិធានការឲ្យបានសមស្រប ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន

ខាងក្រោមជាគន្លឹះបន្ថែមមួយចំនួនដើម្បីជួយការពារខ្លួនអ្នកពីក្រុមបោកប្រាស់៖

សូមកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាពាក្យសម្ងាត់របស់អ្នក ទៅនរណាម្នាក់ដែលអ្នកមិនស្គាល់- ត្រូវមានការសង្ស័យចំពោះសារពីអ្នកដែលមិនធ្លាប់ស្គាល់ ជាពិសេសសារដែលពាក់ព័ន្ធនិងការផ្ដល់ជូនអ្នកនូវអ្វីមួយដោយឥតគិតថ្លៃ

ប្រសិនបើអ្នកមិនប្រាកដថាសារនោះស្របច្បាប់ទេ សូមទាក់ទងក្រុមហ៊ុន ឬស្ថាប័នដោយផ្ទាល់។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia