ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលមានប្រទេសចំនួន១១ចូលរួម និងកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី០៩ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:ព្រឹត្តិការណ៍ដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ និងហេតុភេទអស្ចារ្យជាច្រើន ដែលយើងគួរឲ្យចងចាំ បំភ្លេចមិនបាន។ ពេលនេះដែរ យើងសូមលើកយកនូវរឿងរ៉ាវអស្ចារ្យចំនួន៥ដែលបានកើតឡើងអំឡុងពេលស៊ីហ្គេមលើទី៣២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៖
១. ព្រឹត្តិការណ៍បើកស៊ីហ្គេម ធ្វើឲ្យប្រជាជនខ្មែររំជួលចិត្ត៖ កម្ពុជាបានសាងភាពអស្ចារ្យអំឡុងពេលបើកព្រឹត្តិការណ៍ស៊ីហ្គេម កាលពីល្ងាចថ្ងៃទៅ០៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ដោយបានរៀបចំឈុតឆាកសម្ដែង ឬផ្ទាំងទស្សសនីភាពយ៉ាងល្អឥតខ្ចោះ អំពីដំណើរជាតិកម្ពុជា តាំងពីចាប់ផ្ដើមកកើតទឹកដីខ្មែរដំបូង រហូតរុងរឿងមកទល់ពេលបច្ចុប្បន្ន ដែលភាពអស្ចារ្យទាំងនេះ បានចាក់ដោតចំបេះដូងថ្នាក់ដឹកនាំ និងប្រជាជនខ្មែររាប់លាននាក់ មិនអាចបំភ្លេចបានឡើយ។
២. កីឡាការិនីប៊ូ សំណាង តស៊ូលើទីលានរត់ប្រណាំង បង្ហាញពិភពលោកទាំងមូល៖ អំឡុងពេលនៃការប្រកួតវិញ្ញាសារត់ប្រណាំង ៥,០០០ ម៉ែត្រផ្នែកនារី នៃព្រឹត្តិការណ៍ស៊ីហ្គេម កីឡាការិនីប៊ូ សំណាង បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ និងនៅលើបណ្ដាញសង្គម ស្រក់ទឹកភ្នែកស្ទើរមិនដឹងខ្លួន ពេលបានឃើញពីការតស៊ូនៅលើទីលានប្រកួតក្រោមដំណក់ទឹកភ្លៀង ទាំងស្រក់ទឹកភ្នែក ទោះដឹងថាលទ្ធផលរបស់ខ្លួន មិនសមប្រកបក៏ដោយ។ ក្នុងនោះដែរ ទាំងខ្សែវីដេអូ និងរូបភាពរបស់កីឡាការិនីសំណាង ត្រូវបានចែកចាយនៅលើបណ្ដាញសង្គមទាំងក្នុង និងក្រៅប្រទេស ដែលជាហេតុធ្វើឲ្យបរទេសស្គាល់ពីការតស៊ូរបស់កម្ពុជាកាន់តែច្បាស់។
៣. កីឡាគុនល្បុក្កតោ និងគុនខ្មែរ ដាក់ចូលជាធម្មនុញ្ញ ក្លាយជាវិញ្ញាសាក្នុងស៊ីហ្គេមក្រោយៗទៀត៖ គ្រាន់តែចាប់ផ្ដើមស៊ីហ្គេមបានប៉ុន្មានថ្ងៃប៉ុណ្ណោះ កីឡាគុនល្បុក្កតោ និងគុនខ្មែរ ត្រូវបានសម្រេចដាក់ចូលជាធម្មនុញ្ញ ក្លាយជាវិញ្ញាសារក្នុងស៊ីហ្គេម ដែលកន្លងមកពុំធ្លាប់មានកីឡាគុនល្បុក្កតោ និងគុនខ្មែរ ក្នុងស៊ីហ្គេមទេ។ សម្រាប់ការចុះបញ្ជីនេះគឺបានផ្ដល់ផលចំណេញច្រើនណាស់ដល់កម្ពុជា ពោលគឺធ្វើឲ្យពិភពលោកបានស្គាល់អ្វីទៅជា កីឡាគុនល្បុក្កតោ និងគុនខ្មែរ កាន់តែច្បាស់មួយកម្រិតទៀត។
៤. ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា និងបាល់ទះបុរស បានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ រឿងនេះស្ដាប់ទៅ ហាក់ដូចជាសាមញ្ញ ប៉ុន្តែវាគឺជាប្រវត្តិសាស្ត្រហើយសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា និងបាល់ទះបុរស តែមានសមត្ថភាពយកឈ្នះក្រុមជម្រើសជាតិប្រទេសផ្សេងៗ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន ខណ:កន្លងមកបាល់ទាំង២ប្រភេទនេះ មិនដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ។
៥. កម្ពុជាទទួលបានមេដាយសរុប ២៨២ ដោយក្នុងនោះមេដាយមាស ៨១គ្រឿង ខណ:ស៊ីហ្គេមលើកទី៣១នៅវៀតណាម កម្ពុជាបានមេដាយមាសត្រឹមតែ ៩គ្រឿងប៉ុណ្ណោះ៖ ឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ គឺជាប្រវត្តិសាស្ត្រហើយ ដែលអាចរកមេដាយបានច្រើន ខណ:ការប្រកួតស៊ីហ្គេមឆ្នាំមុនៗ គឺមិនទទួលបានបែបនេះទេ។
គួរជម្រាបបងដែរថា នៅមានរឿងអស្ចារ្យជាច្រើនទៀត ដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ប៉ុន្តែយើងសូមលើកយកតែ៥នេះមកសិន៕
អត្ថបទដោយ៖ ផែន ផាន់ណា