ជិតដល់ថ្ងៃ Samsung បញ្ចេញកំពូលស្មាតហ្វូន Galaxy S23 Series ហើយ ដោយឡែកថ្មីៗនេះក៏ឃើញមានការបែកធ្លាយនូវគំរូទូរស័ព្ទបត់ថ្មីរបស់ Samsung ឬហៅថា Folding Phone ដែលអាចមានសមត្ថភាពក្នុងការបត់បាន360ដឺក្រេថែមទៀតផង។
ដោយយោងទៅតាមការចុះផ្សាយរបស់ The Verge បានឱ្យដឹងថា Samsung បានធ្វើការបង្ហាញនូវគំរូអេក្រង់ទូរស័ព្ទបត់ជំនាន់ថ្មីដែលអាចកាច់បត់ទាំងចូលក្នុងនិងពន្លាចេញមកក្រៅ ដោយគេបានរចនាអេក្រង់បត់លើកនេះគឺមិនឱ្យឃើញមានស្មាមផ្នត់នោះទេពេលដែលបត់ម្តងៗ ដោយសារតែវាមានត្រចៀកបែបដំណក់ទឹក(Water Drop Hinge) ដូច្នេះពេលដែលយើងបត់វាចូលក្នុងឬបត់វាចេញក្រៅដល់360ដឺក្រេវិញគឺមិនធ្វើមានស្មាមលើអេក្រង់ទេ។
យ៉ាងណាមិញ ប្រភពដដែលក៏បានបន្តថា អេក្រង់ប្រភេទនេះគឺមិនមែនជាលើកទីមួយទេដែល Samsung បានដាក់វាបង្ហាញវាធ្វើជាគំរូ ម្យ៉ាងទៀតបើតាមពាក្យចចាមអារ៉ាម គេរំពឹងថាអេក្រង់ប្រភេទនេះ Samsung អាចនឹងបំពាក់វានៅលើ Galaxy Z Fold 5 ផងដែរ ដែលបច្ចុប្បន្ន Samsung Galaxy Z Fold 4 គឺអាចបត់អេក្រង់បានត្រឹមតែ180ដឺក្រេតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយយើងនៅមិនទាន់ដឹងតម្រុយថា Samsung Galaxy Z Fold 5 នឹងត្រៀមចេញជាផ្លូវការនៅថ្ងៃណាឱ្យពិតប្រាកដនោះទេ ប៉ុន្តែគេរំពឹងថា Samsung អាចនឹងបញ្ចេញ Galaxy Z Flip 5 នៅខែសីហាខាងមុខនេះហើយ។
គួរជម្រាបផងដែរ បើទោះបីជាមិនទាន់មានដំណឹងពីការចេញ Galaxy Z Fold 5 និង Galaxy Z Flip 5 ថានឹងចេញថ្ងៃណាពិតប្រាកដក៏ដោយ ប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំនោះគឺកៀកថ្ងៃមែនទែនហើយ ដោយក្រុមហ៊ុន នឹងធ្វើការបញ្ចេញស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនគឺ Galaxy S23 Series ដោយគេរំពឹងថាវានឹងមានមុខងារល្អប្រសើរជាងមុនទាំងឈីប កាមេរ៉ាទំហំ200MP ជាពិសេសអាចនឹងបំពាក់មុខផ្កាយរណប ដែលអាចតេឬផ្ញើសារចេញពេលគ្មានសេវាថែមទៀតផង។
សម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះស្មាតហ្វូនដែលបំពាក់មកជាមួយអក្រង់ដែលអាចបត់បាន 360ដឺក្រេបែបនេះ? បើក្រុមហ៊ុន ផលិតវាដាក់លក់មែនតើអាចទាក់អ្នកទាំងអស់គ្នាដក់លុយសន្សំដើម្បីទិញវាទេ?
អត្ថបទដោយ៖ រិន មករា