ទីបំផុត Samsung បានធ្វើការបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួនហើយគឺ Galaxy S23 Ultra ដោយការចេញមកម្តងនេះគឺជាការអាប់ឌែតដ៏បំផុតសម្រាប់ Samsung បើទោះបីជាទោះបីជាមើលទៅតួខ្លួនលើកនេះហាក់ដូចគ្នាជាមួយ S22 Ultra ក៏ពិតមែនប៉ុន្តែ គេបានបំពាក់គ្រឿងក្នុងក៏ដូចជាមុខងារពិសេសៗផ្សេងទៀតនៅលើកំពូលស្មាតហ្វូននេះតែម្តង។
ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ Galaxy S23 Series ដែលបានបញ្ចេញនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked កាលពីយប់មិញគឺសុទ្ធសឹងតែផ្តោតទៅលើសមត្ថភាពនៃការថតរូប ថតវីដេអូ ជាពិសេសការថតពេលយប់គឺចាប់យកពន្លឺបានល្អជាងមុន ជាមួយនឹងការច្របាច់ Pixel បញ្ចូលដែលធ្វើគុណភាពនៃរូបកាន់តែល្អជាងមុន។
ចំណុចលេចធ្លោមួយទៀតដែល Samsung បានធ្វើការអាប់ឌែតខ្លាំងជាងគេទៅលើ S23 Ultra នេះគឺកាមេរ៉ា ដោយកាមេរ៉ាគោលរបស់វាគេបានឡើងពី108MP មក 200MP យកតែម្តងជាមួយនឹងប្រភេទសេនស័រ ISOCELL HP2 ហើយសម្រាប់លែន3គ្រាប់ផ្សេងទៀតគឺមិនមានការផ្លាសប្តូរទេជាមួយនឹងលែនទំហំ 12MP ជាប្រភេទ Ultra-Wide និងលែន2ទៀតទំហំ10MP ដូចគ្នាជាប្រភេទ Telephoto ជាមួយនឹង Optical Zoom ចាប់ពី 3x ដល់ 10x ។
ដូច្នេះសម្រាប់ចំណុចពិសេសនៃកាមេរ៉ារបស់ Galaxy S23 Ultra លើកនេះគឺ វាមានសមត្ថភាពក្នុងការថតវីដេអូបានរហូតដល់ 8K 30fps អាចប្រើប្រាស់ជាមួយនឹងមុខងារ Expert Raw នៅក្នុង Camera App តែម្តង ពង្រឹកគុណភាពនៃការ Zoom 100x ដល់ឋានព្រះច័ន្ទកាន់តែច្បាស់ជាងមុន។
ចំពោះកាមេរ៉ាមុខនៅលើ Galaxy S23 Ultra នេះវិញគឺ Samsung បានទម្លាក់វាពី 40MP មកនៅត្រឹម 12MP តែប៉ុណ្ណោះ ប៉ុន្តែបើទោះបីជាមានទំហំ Megapixel តូចពិតមែនតែវាក៏មានសមត្ថភាពខ្លាំងដែរដោយគេបានបំពាក់នូវបច្ចេកវិទ្យា Fast Autofocus ក៏ដូចជា Super HDR ជាដើមដែលធ្វើឱ្យការថតរូប ថតវីដេអូចេញពីកាមេរ៉ាមុខគឺច្បាស់ល្អ។
សម្រាប់អេក្រង់របស់ Galaxy S23 Ultra មួយនេះគឺគេបានបំពាក់មកជាមួយនឹងប្រភេទអេក្រង់ Dynamic AMOLED 2X ទំហំ 6.8អិញអាចឆ្លាស់ Refresh Rate ចាប់ពី 1Hz រហូតដល់ 120Hz អាចបង្ហាញបានដល់កម្រិត1440p លើសពីនេះទៅទៀតវាត្រូវបានស្រោបការពារទៅដោយ Gorilla Glass Victus 2 ទាំងអេក្រង់ខាងមុខនឹងខ្នងខាងក្រោយតែម្តង ជាមួយនឹងកម្រិតនៃការជ្រាបទឹក IP68។
យ៉ាងណាមិញ សម្រាប់ឈីបវិញ Galaxy S23 Ultra នេះគេបានបំពាក់មកជាមួយនឹង Snapdragon 8 Gen 2 ហើយឈីបប្រភេទនេះមិនត្រឹមតែអាចរុញកម្លាំងកំពូលស្មាតហ្វូននេះឱ្យខ្លាំងទេ វាថែមទាំងជួយប្រើប្រាស់ថ្មឱ្យមានប្រសិទ្ធភាពថែមទៀតផងមានន័យថាវាមិនសូវស៊ីថ្មខ្លាំង។
ម្យ៉ាងទៀតសម្រាប់ថ្មវិញគឺមានទំហំ 5,000mAh ដដែលជាមួយនឹងល្បឿននៃការសាក 45W ហើយវាមានជម្រើស RAM និង Storage ចាប់ពី 8/256GB, 12/256GB, 12/512GB, និង 12/1TB ដូច្នេះអ្នកទាំងអស់គ្នាអាចធ្វើការដាក់ Pre-Order បានដើម្បីទទួលបាន Promotion ពិសេសៗពី Samsung ហើយសម្រាប់តម្លៃនៅក្នុងស្រុកយើងខាង Samsung នឹងធ្វើការប្រកាសជាផ្លូវការនៅពេលឆាប់ៗនេះ។
ទស្សនាវីដេអូការចាប់កាន់ដំបូងនៃ Galaxy S23 Ultra
អត្ថបទដោយ៖ រិន មករា