បើនិយាយដល់វិស័យបាល់ទាត់ នោះគេប្រាកដជានឹកឃើញដល់កីឡីករ Lionel Messi ដែលជាកំពូលកីឡាករបាល់ទាត់ដ៏ពូកែមួយរូបនៅក្នុងប្រវត្តិសាស្រ្ដបាល់ទាត់ពិភពលោក។ ហើយកាលពីយប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ Messi បានសម្រេចក្ដីស្រមៃលើកពានពិភពលោក FIFA World Cup Qatar 2022 តំណាងឱ្យប្រទេសអាហ្សង់ទីនដែលជាប្រទេសកំណើត ក៏ដូចជាសម្រេចក្ដីស្រមៃមុនពេលចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់របស់លោក។
យ៉ាងណាក៏ដោយ សម្រាប់រឿងដែលគួរឱ្យចាប់អារម្មណ៍នោះ ស្របពេលដែលតារាបាល់ទាត់ល្បីៗ ភាគច្រើន ក្រោយពីចូលនិវត្តន៍ ពួកគេច្រើនតែទៅធ្វើជាគ្រូបង្វិក ឬម្ចាស់ក្រុមបាល់ទាត់ណាមួយជាដើម។ ប្លែកតែកីឡាករ Lionel Messi ស្របពេលដែលលិចដំណឹងល្ហៀងៗថា លោកជិតដល់ពេលចូលនិវត្តន៍ ថ្មីៗនេះ លោកបានសម្រេចចិត្តងាកទៅវិនិយោគលើកការបើកក្រុមហ៊ុនបច្ចេកវិទ្យា និងកីឡា។
បើតាមការចុះផ្សាយរបស់ សារព័ត៌មាន TechCrunch បានឱ្យដឹងថា ក្រុមហ៊ុនដែលលោក Lionel Messi ទើបតែបង្កើតមកនេះមានឈ្មោះថា «Play Time Sports-Tech HoldCo LLC» នៅ Sillicon Valley សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនវិនិយោគ ផ្ដោតទៅលើការច្នៃបច្ចេកវិទ្យា មកប្រើប្រាស់ជាមួយនិងកីឡា។ ហើយបច្ចុប្បន្ននេះ នៅខាងក្រោមក្រុមហ៊ុន Play Time មានកូនក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៣ ដូចខាងក្រោម៖
១. MatchDay៖ គឺជាក្រុមហ៊ុនផលិតហ្គេមបាល់ទាល់ទាត់ ដែលមានគោលដៅបង្កើតហ្គេមបាល់ទាត់ផ្ដល់បទពិសោធន៍ដ៏អស្ចារ្យសម្រាប់មនុស្ស៥ពាន់លាននាក់។
២. AC Momento៖ គឺជាកម្មវិធី ដោះដូរ និងដេញថ្លៃអាវរបស់កីឡាករល្បីៗ ពាក់ហើយម្ដងក្រោយប្រគួតបាល់ទាត់។ មានមនុស្សច្រើនណាស់ដែលចង់បានអាវពីកីឡាករដែលគេស្រលាញ់គាំទ្រ ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺ ទោះបីជាគេមានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏ពិបាកក្នុងការទិញអាវនោះដែរ។
ជាដំណោះស្រាយចំពោះបញ្ហានេះ ខាងក្រុមហ៊ុន AC Momento របស់លោក Messi បានបង្កើត App មួយឡើងដោយខាងក្រុមហ៊ុននឹងធ្វើការទាក់ទងទៅកាន់កីឡាករសួរនាំរឿងអាវមុន បន្ទាប់មកគេនឹងបើកឱ្យមហាជនដេញថ្លៃនៅពេលចាប់ផ្ដើមប្រគួត ក្រោយការប្រគួតបាល់៩០នាទីត្រូវបានបញ្ចប់ គេនឹងប្រកាសពីអ្នកឈ្នះក្នុងការដេញថ្លៃអាវរបស់កីឡាករម្នាក់ៗ នៅក្នុង App ហើយខាង AC Momento នឹងធ្វើការរៀបចំផ្ញើអាវទៅឱ្យអ្នកដេញថ្លៃឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធី។ យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២២នេះ អាវរបស់កីឡាករម្នាក់ឈ្មោះថា Maradona’s Hand of God ត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ទៅ ៧.១លានអឺរ៉ូឯណោះ។
៣. Baller TV៖ គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ផ្ដោតទៅលើការផ្សាយផ្ទាល់កីឡាយុវជន៦ប្រភេទ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ កីឡា Softball, Lacross, American Football។
សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Play Time មិនទាន់ចប់នោះទេ ពោលគឺស្ថាបនិកក្រុមហ៊ុនមួយនេះ នៅតែសំឡឹងមើលឱកាសវិនិយោគថ្មីៗជានិច្ច មិនថាតែការវិនិយោគដើម្បីជួយសហគ្រិនបច្ចេកវិទ្យាដែលទើបតែបើកអាជីវកម្មថ្មីៗ (Startup) និងការវិនិយោគទៅលើក្រុមបាល់ទាត់ផ្សេងៗផងដែរ។
ទន្ទឹមនឹងនេះផងដែរ នៅក្នុងដំណើរនៃការបើកក្រុមហ៊ុននេះ មានមនុស្សដែលមានសមត្ថភាពពូកែៗ បានចូលរួមសហការធ្វើការជាមួយនឹងលោក Messi ជាក់ស្ដែងដូចជាលោក Razmig Hovaghimian ដែលធ្លាប់បង្កើតអាជីវកម្មរយលានដុល្លារ និងបុគ្គលឆ្នើមៗ ជាច្រើនរូបទៀត។
គួរជម្រាបផងដែរថា លោក Lionel Messi បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់តាំងតែពីអាយុ ១៧ឆ្នាំមកម្លេះ ខណៈបច្ចុប្បន្នលោកមានវ័យ៣៥ឆ្នាំ។ ក្នុងដំណើរអាជីពជាកីឡាករបាល់ទាត់លោក Lionel Messi បានបង្កើតនូវទិដ្ឋភាពអស្ចារ្យៗ ជាច្រើនតាមដែលធ្វើឱ្យមួយពិភពលោកចងចាំ។ ហើយនៅចុងឆ្នាំ២០២២នេះ លោកបានសម្រេចក្ដីស្រមៃលើកពានពិភពលោក FIFA World Cup Qatar 2022 តំណាងឱ្យប្រទេសអាហ្សង់ទីនដែលជាប្រទេសកំណើតរបស់ខ្លួន មុននឹងចូលនិវត្តន៍ ខណៈលោក Lionel Messi បានប្រកាសថា នេះជាការប្រគួតពាន FiFa World Cup ចុងក្រោយរបស់លោក។ ដោយឡែកបើយើងក្រឡេកទៅមើលទ្រព្យសម្បត្តិរបស់លោក Lionel Messi វិញបើតាមគេហទំព័រ Business Insiderបច្ចុប្បន្ននេះមានប្រមាណ ៦០០លានដុល្លារឯណោះ៕