ថ្មីៗនេះកម្ពុជាទើបតែអនុញ្ញាតឱ្យរោងចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៣ ដែលបានបោះទុនវិនិយោគរាប់លានដុល្លារនៅក្នុងខេត្តចំនួន២របស់កម្ពុជា ដោយក្នុងនោះរួមមានខេត្តតាកែវមួយរោងចក្រ និងខេត្តស្វាយរៀងចំនួន២រោងចក្រ ខណៈការអនុម័តនេះសម្រេចដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។
២-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។
៣-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង៕