Motorola គឺជាយីហោស្មាតហ្វូនដ៏ល្បីល្បាញបំផុតមួយទូទាំងពិភពលោកក្នុងជំនាន់ទូរស័ព្ទចុចប៊ូតុង តែជាអកុសលចាប់តាំងពីថ្ងៃដែល Apple បានបង្កើទូរស័ព្ទចុចអេក្រង់មកបានធ្វើឱ្យ Motorola ធ្លាក់កូដបាត់មុខពីទីផ្សារអស់មួយរយៈធំ។ប៉ុន្តែយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ Motorola កំពុងតែសំងំអភិវឌ្ឍទូរស័ព្ទរបស់ខ្លួនឱ្យកាន់តែទំនើបជាងមុខដើម្បីដណ្តើមយកទីផ្សារមកវិញ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ បើយោងទៅតាមលោក Chen Jin ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Motorola បានបង្ហោះសារនៅលើ Weibo ថាបច្ចុប្បន្ននេះ Motorola កំពុងតែសំងំអភិវឌ្ឍទូរស័ព្ទអេក្រង់បត់របស់ខ្លួនដោយញ៉ុកចំណុចពិសេសបន្ថែម ដើម្បីត្រៀមដណ្តើមទីផ្សារទូរស័ព្ទអេក្រង់បត់ជាមួយ Samsung និង Huawei។
មែនទែនទៅទូរស័ព្ទអេក្រង់បត់ដំបូងរបស់ Motorola គឺបានចេញលក់តាំងពីឆ្នាំ2019មកម្លេះឈ្មោះថា Motorola Razr ហើយក្នុងឆ្នាំ2020ក៏មានមូឌែលមួយទៀតដែរគឺ Razr 5G ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺ Galaxy Z Flip បានលេបត្របាក់យកទីផ្សាមួយនេះពី Motorola បាត់ទៅហើយ។
យ៉ាងណាមិញ ទោះបីជាចាញ់សង្រ្គាមមួយជើងមុនក៏ពិតមែន ប៉ុន្តែ Motorola មិនបានចុះចាញ់ឡើយ។ ដោយបច្ចុប្បន្ននេះ Motorola កំពុងតែ សំងំផលិតទូរស័ព្ទអេក្រង់បត់ម៉ូតថ្មី មានឈ្មោះថា Motorola Razr 3 ដើម្បីប្រកួតក្នុងទីផ្សារនាឆ្នាំ2022ខាងមុខនេះ។
គូសបញ្ជាក់ផងដែរថា Motorola Razr 3 នឹងចេញលក់នៅពេលឆាប់ៗខាងមុខនេះ ដោយវាយលុកក្នុងទៅផ្សារចិនមុនគេ ហើយសង្ឃឹមថាម៉ូឌែលថ្មីនេះវានឹងមានសមត្ថិភាពខ្លាំងអាចស្តារមុខមាត់នៃត្រកូលទូរស័ព្ទអេក្រង់បត់របស់ខ្លួន។
អត្ថបដោយ៖ រិន មករា