បច្ចុប្បន្ននេះកំពូលមហាសេដ្ឋីពិភពលោក Elon Musk ពុំមានផ្ទះសម្រាប់ស្នាក់អាស្រ័យដូចគេឯងឡើយ ពោលគឺលោកតែងតែសម្រាកនៅផ្ទះមិត្តភក្ដិ និងកន្លែងធ្វើការ ឬជួលផ្ទះតូចមួយសម្រាប់ស្នាក់នៅបណ្ដោះអាស្ននម្ដងម្កាល។ ការលក់ទាំងដីទាំងផ្ទះគ្រប់កន្លែងបែបនេះ ព្រោះ Elon លែងចង់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយអចលនទ្រព្យទាំងនោះ ដោយលោកត្រូវការពេលវេលាសម្រាប់ផ្ដោតលើការងារ និងគោលដៅក្នុងជីវិត។ ជារឿងគាប់ជួនដែរ ថ្មីៗនេះម្ដាយរបស់ Elon គឺអ្នកនាង Maye Musk បានទៅលេងកន្លែងកូនរបស់នាង ប៉ុន្តែស្ថានការណ៍ដែលនាងបានជួបនោះ គឺត្រូវគេងក្នុងកន្លែងជួសជុលរ៉ុក្កែត SpaceX ពុំមានកន្លែងសម្រាប់គេងសមរម្យឡើយ។
ថ្លែងប្រាប់កាសែត The Sunday Times ម្ដាយបង្កើតរបស់ Elon Musk បានរ៉ាយរ៉ាប់អំពីកន្លែងគេងរបស់នាង ពេលទៅលេងកូនប្រុស ដែលជាកំពូលមហាសេដ្ឋីពិភពលោកក្នុងរដ្ឋតិចសាស់។ អ្នកនាង Maye Musk ដែលមានអាយុ ៧៤ ឆ្នាំរូបនេះ បានឱ្យដឹងថា Elon Musk ជាមនុស្សដែលមិនចេះចាប់អារម្មណ៍នឹងទ្រព្យសម្បត្តិទាល់តែសោះ ព្រោះអំឡុងពេលដែលអ្នកនាងទៅលេងកូន គឺត្រូវដេកនៅក្នុងយាន្តដ្ឋានរបស់ក្រុមហ៊ុន SpaceX ផ្ទាល់តែម្ដង។ ម្ដាយរបស់ Elon បានបញ្ជាក់ទៀតថា “ Elon Musk មិនមានសូម្បីតែផ្ទះសម្រាប់ស្នាក់ជិតក្រុមហ៊ុន SpaceX របស់គេផង”។
អ្វីដែលគួរឱ្យសោកស្ដាយ ម្ដាយបង្កើតរបស់ Elon Musk បញ្ជាក់ថា នាងមិនចាប់អារម្មណ៍នឹងគម្រោងភពអង្គាររបស់កូនប្រុសម្នាក់នេះឡើយ។ គួររំលឹកថា កាលពីដើមឆ្នាំ២០២២នេះ Elon Musk ធ្លាប់ប្រកាសថា គាត់មិនមានផ្ទះទេ និងថែមទាំងបញ្ជាក់ថា លោកស្នាក់នៅផ្ទះមិត្តភក្ដិរបស់លោក។ គាត់ក៏ធ្លាប់បាននិយាយនៅលើ Twitter ថា ខ្ញុំបានលក់ទ្រព្យសម្បត្តិខាងក្រៅស្ទើរតែទាំងអស់ ហើយខ្ញុំក៏មិនត្រូវការសាច់ប្រាក់សុទ្ធសម្រាប់កាន់ក្នុងដៃនោះដែរ។ លោកបន្ថែមថា កម្មសិទ្ធិទាំងនោះ អាចទាញខ្ញុំឱ្យធ្លាក់ចុះ និងមិនងាយសម្រេចគោលដៅ៕
អត្ថបទដោយ៖ ផែន ផាន់ណា