មនុស្សជាច្រើននៅលើពិភពលោក បានចំណាយពេលវេលាជារាប់ម៉ោង ក្នុងមួយថ្ងៃ ដើម្បីអូសហ្វេសប៊ុកមើលនូវរឿងរ៉ាវ ឬព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ដែលគេបានចែកចាយ។ យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនបានរៀបចំពេលវេលាត្រឹមត្រូវ មិនឱ្យហ្វេសប៊ុកអូសទាញពួកគេឱ្យខាតពេលនោះ ប៉ុន្តែក៏មានមួយចំនួនទៀត ហាក់ផ្ទុយពីនេះ។
រំលឹកទៅដល់អតីតកាលបន្តិច កាលពីឆ្នាំ២០១៦កន្លងទៅ លោក Mark Zuckerberg ស្ថាបនិករបស់ Facebook ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Telegraphថា នៅក្នុង១ថ្ងៃគាត់អូសហ្វេសប៊ុកតែពេលក្រោកពីដំណេក ហើយរយៈពេលនៃការប្រើប្រាស់វិញ សម្រាប់ថ្ងៃដែលមិនសូវមានព្រឹត្តិការណ៍អ្វីសំខាន់អាចខ្ទង់ ៣ទៅ ៤នាទី ប៉ុណ្ណោះ តែលោកអាចនឹងប្រើប្រាស់យូរជាងនេះបន្តិចបន្តួចប្រសិនបើមានព្រឹត្តិការណ៍សំខាន់ណាមួយកើតឡើង។
ឆែក Facebook ដើម្បីដើរឱ្យទាន់ព្រឹត្តិការណ៍តែបន្តិចទេ Mark Zuckerberg ក៏ចាប់ផ្ដើមប្រកបជីវភាពប្រចាំថ្ងៃរបស់គាត់ទៅ ដោយបើតាមការចុះផ្សាយពីសំណាក់សារព័ត៌មាន Business Insider បានឱ្យដឹងថាគាត់ចំណាយពេលធ្វើការក្នុងមួយសប្ដាហ៍តិចជាង Elon Musk ទេចន្លោះពី ៥០ ទៅ ៦០ម៉ោងប៉ុណ្ណោះ ប៉ុន្តែគាត់ធ្លាប់និយាយថាខួរក្បាលគាត់គិតពី Facebook គ្រប់ពេលវេលា។
ត្បិតថាគាត់ជាមេក្រុមហ៊ុនបណ្ដាញសង្គមក៏ពិតមែន Mark មិនចង់ឱ្យមនុស្សជក់លេងហ្វេសប៊ុករហូតភ្លេចគិតពីរឿងជុំវិញខ្លួននោះទេ ដោយកាលពីឆ្នាំ ២០១៨ គាត់បានអះអាងប្រាប់អ្នកវិនិយោគថា គាត់នឹងធ្វើឱ្យពេលវេលាអ្នកប្រើប្រាស់ Facebook ក្នុងសភាពមួយតិចល្មម ហើយផ្ដោតឱ្យអ្នកប្រើប្រាស់គិតទៅលើមិត្តភក្តិ និងគ្រួសារវិញ។
សហគ្រិនរូបនេះក៏ជាមនុស្សចូលចិត្តអានម្នាក់ផងដែរ ដោយគាត់ធ្លាប់ថ្លែងប្រាប់ Business Insider ថាក្នុងរយៈពេល ២សប្ដាហ៍គាត់អានចប់សៀវភៅមួយក្បាល ដែលមនុស្សជាច្រើនគួរយកគម្រូតាម ព្រោះថា ក្នុងតំណែងដ៏រវល់នេះ គាត់នៅតែអាចឆ្លៀតពេលបាន។
អត្ថបទដោយ៖ ផែន ផាន់ណា