Metaverse បានក្លាយជាបច្ចេកវិទ្យាស្លាប់រស់របស់ Mark Zuckerberg ដោយគាត់ប្ដេជ្ញាយ៉ាងមុតមាំនឹងផ្ដោតធ្វើបច្ចេកវិទ្យានេះឱ្យខានតែបានបើទោះបើកបញ្ជីមកខាតរាល់ខែក៏ដោយ ព្រោះតែសក្ដានុពលដ៏អស្ចារ្យនៃ Metaverse នេះត្រូវបានគេលើកឡើងនិយាយថានឹងអាចមកជំនួសស្មាតហ្វូនបាន ហើយថ្មីៗនេះទៀត នាយកប្រតិបត្តិក្រុមហ៊ុន Meta ដដែលនៅនិយាយទៀតថានឹងអាចជំនួស Laptop ផង។
នៅក្នុង Status លើបណ្ដាញសង្គម Facebook ដ៏វែងអន្លាយមួយរបស់លោក Mark Zuckerberg ដែលគេអាចសម្គាល់ថាជាសុន្ទុរកថាថ្លែងទៅកាន់អ្នកវិនិយោគនោះ នាយកប្រតិបត្តិ Meta បានឱ្យដឹងថា គាត់មានបំណងនឹងបញ្ចេញឧបករណ៍ VR ថ្មីសន្លាងមួយដែលនឹងអាចមកជំនួស Laptop បាន ក្រោមឈ្មោះគម្រោងឈ្មោះថា Project Cambria។
ទំនងដូចជាចង់លួងអ្នកវិនិយោគ ដែលខ្លះខឹងសម្បានឹងរឿងខាតដោយសារវិនិយោគលើ Metaverse ផងនោះ Mark Zuckerberg បានថ្លែងថា៖ “ខ្ញុំដឹងថាវាថ្លៃក្នុងការកសាងវា(Project Cambria) នេះឡើង ប៉ុន្តែវាជារបស់មួយដែលមិនត្រូវបានគេធ្វើឡើងពីមុនមកទេ”។ ខុសពី Oculus Quest 2 ដែលកន្លងមកជា វ៉ែនតា VR ដែលធ្វើឡើងផ្ដោតលើការកំសាន្តច្រើននោះ គេអាចដឹងបានថា Project Cambria នឹងផ្ដោតលើការធ្វើការងារច្រើន។
តាមទិន្នន័យលើក្រដាសគេអាចមើលឃើញខ្លះថា ដំណើរការនៃការកសាង Metaverse កំពុងតែរំកិលទៅរកភាពជោគជ័យបន្តិចម្ដងៗហើយ ដោយហេតុតែកាលពីឆ្នាំ ២០២១ កន្លងទៅវ៉ែនតា VR Quest 2 ត្រូវបានលក់ដាច់អស់រហូតដល់ទៅ៨.៧លានគ្រឿងឯណោះ រីឯកំណើននៃការអភិវឌ្ឍកម្មវិធី និង មាតិកានៅលើ Metaverse ក៏មានកំណើនកើនឡើងខ្លាំងផងដែរ។
Mark មិនបានបញ្ជាក់ពីពេលថាយើងនឹងអាចចាប់កាន់វ៉ែនតា VR ថ្មីនោះនៅពេលណាឡើយ ដោយលោកនិយាយថា៖ “យើងនឹងចែករំលែកព័ត៌មានលម្អិតទាក់ទងនឹង Project Cambria នៅប៉ុន្មានខែខាងមុខនេះ មុនពេលដែលយើងបញ្ចេញវាជាផ្លូវការ” ។
គូសបញ្ជាក់ផងដែរថា រាប់តាំងតែពីឆ្នាំ ២០២០មក ផ្នែក Metaverse របស់ក្រុមហ៊ុន Meta ឬ និយាយឱ្យចំតែម្ដង នាយកដ្ឋាន Reality Labs នៅក្នុងក្រុមហ៊ុន Meta បានខាតបង់ប្រាក់រហូត ២០ពាន់លានដុល្លារ រកចំណេញមិនទាន់ឃើញឡើយ ហើយ Mark Zuckerberg ក៏មិនធានាថា Meta នឹងចំណេញពីជំនួញ Metaverse នៅឆ្នាំនេះដែរ៕
អានសុន្ទរកថាលម្អិត៖
អត្ថបទដោយ៖ Sakada Techie