ក្រុមហ៊ុនរបស់ប្រទេសដាណឺម៉ាកជាច្រើន កំពុងតែសម្រុក នាំគ្នាវិនិយោគរោងចក្រធ្វើផលិតផលរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។ ថ្មីៗនេះក្រុមហ៊ុន LEGO Group ដែលជាក្រុមហ៊ុនយក្សចាស់វស្សាមួយ លើការធ្វើតុក្កតា និងសម្ភារៈក្មេងលេង បានបោះលុយវិនិយោគចំនួន ១ពាន់លានដុល្លារ ធ្វើរោងចក្រដ៏ធំមួយនៅវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ newsclick។
ប្រភពដដែលបានបន្តថា ក្រៅពីរោងចក្រផលិតតុក្កតា នៅមានក្រុមហ៊ុនផលិតថាមពលមួយទៀតរបស់ប្រទេសដាណឺម៉ាក ឈ្មោះ Orsted ក៏បានបញ្ជាក់ថា នាពេលអនាគត ខ្លួននឹងធ្វើតំបន់ផលិតថាមពលមួយ នៅប្រទេសវៀតណាម ស្ថិតក្នុងខេត្ត Binh Thuan និង Ninh Thuan ដោយត្រូវចំណាយលុយក្នុងការវិនិយោគអស់ ១៣.៦ពាន់លានដុល្លារ។ ហើយមកទល់ពេលនេះ ក្រុមហ៊ុន Orsted របស់ប្រទេសដាណឺម៉ាក បានចុះហត្ថលេខាជាមួយភាគីវៀតណាមរួចរាល់ហើយ។
មូលហេតុដែលក្រុមហុមហ៊ុន Orsted ជ្រើសរើសយកប្រទេសវៀតណាមបែបនេះ ព្រោះតែប្រទេសនេះ ត្រូវបានគេមើលឃើញថា មានកំណើនផលិតថាមពលកកើតឡើងវិញ លឿនបំផលុតនៅក្នុងតំបន់អាស៊ី។ គូសបញ្ជាក់ថា សរុបជាទឹកប្រាក់របស់ក្រុមហ៊ុនពីរ២ ប្រហែលជិត១៥ពាន់ដុល្លារហើយ។ យ៉ាងណាមិញ វៀតណាមស្រូបទាញបានអ្នកវិនិយោគធំៗជាច្រើន ដូចជា Apple, Samsung, xiaomi, google ជាដើមមកក្នុងប្រទេសរបស់ខ្លួន មិនត្រឹមតែពីប្រទេសដាណឺម៉ាកនោះទេ៕
អត្ថបទដោយ៖ ផែន ផាន់ណា