បើយោងតាមការចេញផ្សាយរបស់ ទទូរទស្សន៍ជាតិកម្ពុជា ថ្មីៗនេះបានឱ្យដឹងថា “បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្ន្ងងខេត្តគោលដៅចំនួន ៤ រួចមក ស្អែកនេះ NEA នឹងរៀបចំ “វេទិកាការងារ” នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០ កន្លែងពីក្រុមហ៊ុន ធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering progress ផ្សារទំនើបម៉ាក្រូ មីក្រូហិរញ្ញវត្ថុមហានគរ និងក្រុមហ៊ុន PATE POK។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថាម៉ាក្រូធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកមកហើយ ជាលទ្ធផលយើងជ្រើសរើសបានបុគ្គលិកតាមរយៈការសហការនេះទាន់តម្រូវការរបស់ក្រុមហ៊ុនយើង។ លោកស្រីពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយNEA នៅថ្ងៃស្អែកនេះ។ លោកស្រីថាដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្ន ផ្សារទំនើបម៉ាក្រូនឹងនាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។