យោងតាមការចុះផ្សាយរបស់គេហទំព័រ Futurism អតីតបុគ្គលិកក្រុមហ៊ុន Tesla មា្នក់ ឈ្មោះ Carl Medlock ដែលធា្លប់កាន់តំណែងជាអ្នកគ្រប់គ្រងម្នាក់នៅក្នុងក្រុមហ៊ុន Tesla បានឱ្យដឹងថា ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងគំនិតរបស់ Elon Musk អ្នកនឹងត្រូវដកចោលពីការងារភ្លាមៗ ដោយគ្មានលក្ខខណ្ឌ។
លោក Carl Medlock បានរៀបរាប់ថា គ្រប់ការប្រជុំទាំងអស់ជាមួយ Elon Musk នៅពេលដែលគាត់ក្រោយឈរនៅជ្រុងតុ ហើយប្រកាសបិទការប្រជុំ និងកំណត់ទិសដៅប្រាប់ថាត្រូវធ្វើអីហើយ ប្រសិនបើក្រោយមកអ្នកជំទាស់ ឬមិនព្រមធ្វើតាមគំនិតដែលបានសម្រេចនោះទេ អ្នកនឹងត្រូវគាត់ដកចេញពីការងារភ្លាមៗ តែម្ដង។ ហើយនេះមិនមែនជា ការគំរាម ឬលើកឡើងនិយាយតៗគ្នាទេ ប៉ុន្ដែវាជារឿងពិតជាក់ស្ដែងដែលធ្លាប់កើតមាននៅក្នុងក្រុមហ៊ុន Tesla។
យ៉ាងណាមិញ នេះអាចជាចរិកធ្វើការបែបច្បាស់លាស់ និងហ្មត់ចត់មួយរបស់លោក Elon Musk ។ ជាក់ស្ដែង នៅក្នុងវីដេអូបទសម្ភាសន៍មួយ លោក Elon Musk ធ្លាប់បានលើកឡើងថា លោកមិនពូកែគ្រប់យ៉ាងទេ តែមូលហេតុដែលធ្វើឱ្យលោកអាចធ្វើរឿងអស្ចារ្យដែលគេនឹកស្មានមិនដល់ ដូចជាផលិតរុកកែត ឬឡានអគ្គិសនីបាន គឺដោយសារតែលោកមានជំនឿ និងមានភាពរឹងមាំចេញពីខាងក្នុង មានន័យថា លោកតែងតែសិក្សានិងប្រមូលទិន្នន័យ ហើយកំណត់ទិសដៅការងារដ៏ច្បាស់លាស់បំផុតមួយ រួចទើបលោកសម្រេចដាក់ឱ្យបុគ្គលិកធ្វើ។ ហើយក្នុងនាមលោកជាអ្នកដឹកនាំ ទោះមនុស្សមួយពិភពលោក មិនជឿថាលោកអាចផលិតឡានអគ្គិសនីបានជោគជ័យក៏ដោយ លោកនៅតែជឿជាក់លើការងារមួយនេះដែរ។
ដោយសារតែមានចរិកច្បាស់លាស់ ជឿប្រកបដោយមានមូលដ្ឋាន ពោលគឺការសិក្សាស្រាវជ្រាវ បូករួមជាមួយនឹងការដឹកនាំជំរុញមនុស្សឱ្យធ្វើសកម្មភាពឥតឈប់ឈរទោះបីជាធ្លាប់ជាការបរាជ័យរាប់សិបដងហើយនោះ នៅទីបំផុតលោក Elon Musk អាចផលិតឡានអគ្គិលសនីបានយ៉ាងជោគជ័យ ហើយនៅទីបំផុត Tesla ជាប់ជាកំពូលយីហោឡានអគ្គិសនីដ៏ល្បីល្បាញបំផុតមួយលើលោក។
មេរៀនដែលយើងអាចរៀនបានពីលោក Elon Musk គឺមុននឹងធ្វើអ្វីមួយអ្នកត្រូវដាក់គោលដៅឱ្យច្បាស់លាស់ បើគោលដៅរបស់អ្នករេទៅតាមខ្យល់បក់ ឬមជ្ឍដ្ឋាននៅខាងក្រៅ តើអ្នកអាចសម្រេចគោលដៅណាមួយបានយ៉ាងដូចម្ដេចទៅ? ហើយមួយទៀត គ្រាន់តែគោលដៅ អ្នកប្ដូររហូតទៅហើយ តើនរណាចង់ដើរតាមមេដឹងនាំដែលមិនមានភាពរឹងមាំ និងភាពច្បាស់លាស់ពីខាងក្នុងបែបនេះ?