យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស IBM បានប្រកាសថា បុគ្គលិកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស IBM ប្រមាណជាជិត៨០០០នាក់និងត្រូវជំនួសដោយ AI ខណៈបច្ចេកវិទ្យា AI កាន់តែមានភាពឆ្លាតវៃ និងមានភាពរីកចម្រើនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមលោក Arvind Krishna នាយកប្រតិបត្តនៃក្រុមហ៊ុន IBM បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន IBM បានសម្រេចឈប់រើសបុគ្គលិកថ្មីចូល សម្រាប់មុខតំណែងទាំងឡាយណាដែល IBM សិក្សាឃើញថា នឹងអាចត្រូវជំនួសដោយ AI ក្នុងពេលអនាគត។ ហើយសម្រាប់ការងារដែលនឹងត្រូវជំនួសដោយ AI មុនគេ គឺក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងជំនួយការក្នុងការិយាល័យ ដូចជាបុគ្គលិកគ្រប់គ្រងផ្នែកធនធានមនុស្ស (HR) ជាដើម។
លោក Arvind Krishna បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ នៅក្នុងក្រុមហ៊ុន IBM មានបុគ្គលិកប្រមាណជា ២៦០០០នាក់ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងមានបុគ្គលិក៣០% ត្រូវបានជំនួសដោយ AI និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលស្មើនឹងចំនួន ប្រមាណ ៧៨០០នាក់ ដែលត្រូវប្រឈមមុខនឹងការបាត់បង់ការងារ។
គួរជម្រាបផងដែរថា ចូលដល់ឆ្នាំ២០២៣ បច្ចេកវិទ្យាបានក្លាយជាប្រធានបទក្ដៅដែលអ្នកអ្នកប្រើប្រាស់បច្ចេកវិទ្យាលើកយកមកជជែក ខណៈ AI មានសមត្ថភាពកាន់តែខ្លាំង អាចធ្វើការជាច្រើនបានមិនដូចមនុស្ស៕