ប្រទេសចិន៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអ្នកវិភាគសកលប្រចាំឆ្នាំ២០២៣ (HAS) លើកទី ២០ របស់ខ្លួននៅឯទីក្រុង Shenzhen ប្រទេសចិន។ ដោយកិច្ចប្រជុំកំពូលនេះត្រូវបានចូលរួមដោយអ្នកវិភាគឧស្សាហកម្មជាង ១០០០នាក់ រួមមានអ្នកវិភាគហិរញ្ញវត្ថុ អ្នកដឹកនាំមតិសំខាន់ៗ និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីជុំវិញពិភពលោក ដែលបានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីស្ថានភាពនៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ហៅកាត់ថា (ICT) រួមតាំងការបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងការគូសវាសផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្ដូរនៃបច្ចេកវិទ្យាឌីជីថល និងនិន្នាការឧស្សាហកម្មបច្ចេកវិទ្យាទាំងមូលទៅថ្ងៃអនាគត។
នៅក្នុងឱកាសនេះផងដែរ លោកស្រី Sabrina Meng អនុប្រធានបង្វិល និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei បានធ្វើការផ្លែងបើកសុន្ទរកថា និងបានលើកឡើងយ៉ាងដូច្នេះថា «ដំណើវិវត្តន៍ទៅកាន់ឌីជីថលគឺជាសមុទ្រខៀវសម្រាប់ឧស្សាហកម្មទាំងមូល។ ហើយក្រុមហ៊ុន Huawei នឹងបន្តវិនិយោគទៅលើផ្នែក ការតភ្ជាប់អ៊ីនធឺណិត កុំព្យូទ័រ Storage ផ្ទុកទិន្នន័យ និងបច្ចេកវិទ្យា Cloud»។
លោកស្រីបានបន្ដទៀតថា «យើងមានគោលបំណងផ្តល់ជូនអតិថិជនរបស់យើង នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានបង្កើតឡើងយ៉ាងសាមញ្ញបំផុត ប៉ុន្ដែមានគុណភាពខ្ពស់បំផុត ដែលផ្តល់នូវបទពិសោធន៍ល្អ និងចំណាយទាបបំផុត។ គោលដៅរបស់យើង គឺជួយក្រុមហ៊ុនទាំងអស់ឡើងទៅលើឌីជិថលតាមរយៈ៤ដំណាក់កាល រួមមាន ជួយបង្កើតប្រតិបត្តិការណ៍ឌីជីថល បង្កើតផ្លែតហ្វមឌីជីថល ធ្វើឱ្យផ្លែតហ្វមទាំងអស់នោះមានភាពឆ្លាតវៃ ដែលអាចកាត់បន្ថយការប្រើប្រាស់ធនធាន និងមានភាពងាយស្រួលជាងមុន។ ហើយដំណាក់កាលចុងក្រោយ គឺដាក់ឱ្យបុគ្គលិកប្រើប្រាស់ផ្លែតហ្វមបច្ចេកវិទ្យាឆ្លាតវៃដែលបានបង្កើតឡើង។ ហើយនេះ គឺជាពេលវេលាដ៏ល្អ ដើម្បីរីកចម្រើនជាមួយអនាគតបច្ចេកឌីជីថលថ្មីដ៏គួរឱ្យរំភើបនេះ»។
ជាការចែករំលែកជុំវិញអនាគតនៃបច្ចេកវិទ្យាឌីជីថល លោកស្រី Meng ក៏បានធ្វើការលើកយកនូវចំណុចសំខាន់ៗចំនួន ៣ ដែលកើតចេញពីបទពិសោធន៍ជិត១០ឆ្នាំ នៅក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថលរបស់ក្រុមហ៊ុន Huawei ដូចខាងក្រោម៖
ទី១ យុទ្ធសាស្រ្តគឺជារឿងសំខាន់និងចាំបាច់ណាស់៖ លោកស្រីបានពន្យល់ដូច្នេះថា កាលណានិយាយពីការវិវត្តន៍ផ្លាស់ប្តូរឌីជីថល គឺគេត្រូវនិយាយពីការរៀបចំផែនការយុទ្ធសាស្រ្ត និងជម្រើសជាយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ។ ហើយរាល់ការវិវត្តន៍ផ្លាស់ប្ដូរទៅកាន់ឌីជីថលដែលទទួលទៅបាន គឺត្រូវជំរុញដោយយុទ្ធសាស្រ្តដ៏ល្អមួយ មិនមែនបច្ចេកវិទ្យានោះទេ។ ហេតុនេះការរៀបចំផែនការណ៍យុទ្ធសាស្រ្ដក្នុងការអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវគឺជារឿងដែលចាំបាច់បំផុត។
ទី២ ទិន្នន័យគឺជាមូលដ្ឋានគ្រឹះ៖ ទិន្នន័យ (Data) គឺពិតជាសំខាន់ខ្លាំងណាស់ ហើយទិន្នន័យនឹងមានតម្លៃខ្លាំងនៅពេលដែល វាត្រូវបានគេយកទៅប្រើប្រាស់ក្នុងស្ថាប័នទាំងមូល។ ដូច្នេះការរៀបចំគ្រប់គ្រងនិងការប្រើប្រាស់ទិន្នន័យ គឺជាកូនសោរដ៏សំខាន់ឆ្ពោះទៅរកភាពរីកចម្រើន និងភាពជោគជ័យ។
ទី៣ ការប្រើបច្ចេកវិទ្យាឆ្លាតវៃគឺជាទិដៅ៖ ការផ្លាស់ប្ដូរប្រតិបត្តិការណ៍ស្ថាប័នទៅជាឌីជីថល ក៏ដូចជាការបង្កើតផ្លែតហ្វមឌីជីថលឆ្លាតវៃ សម្រាប់ប្រើប្រាស់ក្នុងស្ថាប័ន នឹងជួយឱ្យការប្រតិបត្តការណ៍ដំណើរការរលូន។ ហើយសម្រាប់ការគ្រប់គ្រងវ វិភាគ និងប្រើប្រាស់ទិន្នន័យនឹងកាន់តែមានភាពងាយស្រូលជាងមុនផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជួយឱ្យយើងអាចវិភាគយកទិន្នន័យដែលចាំបាច់ ធ្វើឱ្យទិន្នន័យមានភាពងាយយល់ និងអាចយកទៅទាំងអស់នោះ ទៅបង្កើតជាផែនការណ៍សកម្មភាពសម្រាប់អនុវត្តន៍ឆ្ពោះទៅរកការផ្លាស់ប្ដូរឌីជីថលកម្រិតបន្ទាប់បាន។
នៅក្នុងឱកាសនេះផងដែរ លោកបណ្ឌិត Zhou Hong ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនៃក្រុមហ៊ុន Huawei ក៏បានលើកឡើងនៅក្នុងព្រឹត្តិការណ៍នេះថា លោកបានរួមចំណែកជាមួយសម្មតិកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន Huawei សម្រាប់ពិភពឆ្លាតវៃនាពេលអនាគត ដែលលម្អិតអំពីរបៀបដែលយើងអាចផ្លាស់ប្ដូរបទពិសោធន៍ រចនាសម្ព័ន្ធចំណេះដឹងដែលស្ថិតក្រោមមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាឆ្លាតវៃ។
លោក Zhou បានបន្ដទៀតថា «ការគិតឡើងវិញទៅលើប្រព័ន្ធបណ្ដាញ និងកុំព្យូទ័រ គឺសំខាន់ខ្លាំងណាស់ ខណៈពួកយើងកំពុងតែឆ្ពោះទៅកាន់ពិភពលោកដែលពោពេញដោយបច្ចេកវិទ្យាឆ្លាតវៃ។ បន្ថែមពីនេះទៀត យើងក៏បាននឹង បន្ដស្រាវជ្រាវទៅលើបច្ចេកវិទ្យា AI សម្រាប់យកទៅប្រើប្រាស់ដើម្បីជំរុញវិស័យជាច្រើនផងដែរ។
ក្រោយពីបញ្ចប់សុន្ទរកថា សំខាន់ទាំងពីរខាងលើ កម្មវិធីបន្ទាប់ត្រូវបានបន្តដោយការបើកពិភាក្សាជាក្រុម ទៅលើថាតើផលិតភាពឌីជីថល ដើរតួចនាទីសំខាន់ដូចម្ដេចខ្លះ ក្នុងការជំរុញឌីជីថលនីយកម្មឧស្សាហកម្ម? តើបញ្ហាប្រឈមអ្វីខ្លះដែលឧស្សាហកម្មជួបប្រទះក្នុងដំណើរការនៃការផ្លាស់ប្ដូរស្ថាប័នពួកគេទៅកាន់ឌីជីថល ការណែនាំនូវអ្វីសកម្មភាពត្រូវធ្វើពីអ្នកជំនាញ និងពិភាក្សាទៅលើការរំពឹងទុករបស់ស្ថាប័ននីមួយៗក្នុងដំណើរផ្លាស់ប្ដូរទៅកាន់ឌីជីថលរបស់ពួកគេ។
គូសជម្រាបផងដែរថា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ២០ឆ្នាំរបស់ Huawei Global Analyst Summit ហើយ កិច្ចប្រជុំកំពូលនៅក្នុងឆ្នាំនេះ រួមជាមួយនឹងវគ្គចែកចេញជាទូលំទូលាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ខែមេសា ឆ្នាំ២០២៣។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.huawei.com/en/events/has