ក្រោយបញ្ចប់ការសិក្សាលើផ្នែកវិស្វករពីសាកលវិទ្យាល័យន័រតុន អស់រយ:ពេលជិត១០ឆ្នាំ និងប្រឡូកក្នុងវិស័យការងារនេះជាច្រើនឆ្នាំផងដែរនោះ លោកគឹម ស្រ៊ាង បានសម្រេចចិត្តបន្ថែមអាជីព ចាប់យកមុខរបរថ្មីមួយទៀត គឺជាអ្នកនាំចូលគ្រឿងអេឡិចត្រូវនិកពីក្រៅប្រទេស និងផ្គត់ផ្គង់គ្រឿងសម្ភារ:ក្នុងផ្ទះឆ្លាតវៃ ឬ Smart Home ព្រោះមើលឃើញពីតម្រូវការ និងការផ្ដល់ភាពងាយស្រួលខ្លាំង ដល់មនុស្សសម័យទំនើប។
នៅក្នុងតួនាទីជាសហស្ថាបនិកនៃហាងលក់ Hi Smart Home លោកគឹម ស្រ៊ាង បានឲ្យក្រុមការងារចាបខៀវដឹងថា “លោកគឺជាអតីតវិស្វករម្នាក់ ដែលតែងតែធ្វើប្លង់គម្រោងសំណង់នានាឲ្យទៅអតិថិជន។ បន្ទាប់ពីប្រឡូកក្នុងការងារនេះច្រើនឆ្នាំ លោកបានមើលឃើញពីសារ:សំខាន់នៃការប្រើប្រាស់ឧបករណ៍ Smart Home នៅតាមលំនៅឋាន អំពីភាពងាយស្រួល ចំណេញពេលវេលា និងសន្សំសំចៃថវិកា រូបលោកក៏សម្រេចចិត្ត ចាប់យកអាជីវកម្មមួយនេះ នៅចុងឆ្នាំ២០២២។
លោកបានបន្តថា បច្ចុប្បន្នហាង Hi Smart Home គឺមានផ្គត់ផ្គង់ឧបករណ៍ Smart Home ជាច្រើនមុខ របស់ប្រេន Aqara ដែលជាផលិតផលទទួលស្គាល់ត្រឹមត្រូវពីខាងក្រុមហ៊ុន Apple។ ថ្លែងទាំងក្ដីសោមនស្សលោកគឹម ស្រ៊ាង សង្កត់ធ្ងន់ថា នៅហាង Hi Smart Home គឺមានគ្រឿងសម្ភារ:ឆ្លាតវៃជាច្រើន រួមមានប្រភេទកាម៉េរាចាប់រូបភាពដោយប្រព័ន្ធ AI, ឧបករណ៍បញ្ជាម៉ាស៊ីនត្រជាក់តាម Apple Homekit, សែនសឺផ្ដល់សញ្ញាពេលបិទបើកបង្អួចទ្វារ, ឧបករណ៍បញ្ជាវាំងននឲ្យបិទឬបើក, ព្រីភ្លើងប្រភេទឆ្លាតវ៉ៃ ដែលអាចវាស់កម្រិតភ្លើងយើងកំពុងប្រើ, សោផ្ទះឆ្លាតវ៉ៃ អាចប្រើទូរស័ព្ទ iPhone ឬនាឡិកា iWatch និងចុចលេខកូដបែបឌីជីថល ស្រាប់បើកបិទ, អំពូលភ្លើងឆ្លាតវៃ, និងគ្រឿងអេឡិចត្រូវនិកឆ្លាតវៃជាច្រើនមុខទៀត។”
ម្ចាស់ហាងរូបនេះបានបញ្ជាក់បន្ថែមដែរថា ឧបករណ៍ជាច្រើនដែលលោកនាំចូលមកគឺទទួលបានការគាំទ្រពីសំណាក់អតិថិជនខ្លាំង ជាពិសេសអ្នកដែលមានផ្ទះ ឬបន្ទប់ផ្ទាល់ខ្លួន ហើយចង់ឲ្យបន្ទប់នេះក្លាយជាកន្លែងមួយ ដែលបំពាក់ទៅដោយឧបករណ៍ Smart Home។
ផ្ទុយទៅវិញអ្វីដែលលោកចង់បង្ហាញទៅកាន់មនុស្សទូទៅដែលតែងមាងគំនិតថា "ឧបករណ៍ SmartHome គឺប្រើបានតែនៅវីឡា ឬផ្ទះអ្នកមានស្ដុកស្ដម្ភ ទើបមានលទ្ធភាពប្រើ!" ឲ្យបានជ្រាបច្បាស់ថា ឧបករណ៍ SmartHome គឺមិនថ្លៃខ្លាំងដូចដែលមនុស្សជាច្រើនបានគិតនោះទេ ពោលគឺវាអាស្រ័យទៅតាមបញ្ចប់ផលិតផល ដែលយើងចង់បំពាក់នៅក្នុង ឬក្នុងបន្ទប់ បើត្រឹមតែរៀបចំធម្មតាៗ គឺអស់មិនដល់៥០០ដុល្លារផង។
លោកគឹម ស្រ៊ាង បានថ្លែងថានៅ Hi Smart Home គឺមានកញ្ចប់១៥០ដុល្លារ រហូតដល់៨០០ដុល្លារ ទៅតាមការបញ្ជាទិញផលិតផលពីក្នុងហាងទៅ និងមានសេវាកម្មទៅរៀបចំជូន ដល់ផ្ទះតែម្ដង។ យ៉ាងណាមិញ សម្រាប់អ្នកជាវផលិតផលតែមួយមុខៗ គឺចំណាយលុយតែ១៥០$ ទៅ២៥០$ គឺនឹងទទួលបានផលិតផលល្អ ឆ្លាតវ៉ៃ យកទៅប្រើ តួយ៉ាងដូចជាសោផ្ទះបែបឌីជីថលជាដើម។
ជាចុងក្រោយសហស្ថាបនិក Hi Smart Home បានប្រាប់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ Smart Home ថា “ការប្រើប្រាស់ឧបរកណ៍ទាំងនេះ គឺមានសារសំខាន់សម្រាប់ការរស់នៅ ពោលគឺវាផ្ដល់ទាំងសុវត្ថិភាព ភាពងាយស្រួល លឿនរហ័ស សន្សំសំចៃ ឧទាហរណ៍សូម្បីតែចង់បើកភ្លើង បើកម៉ាស៊ីនត្រជាក់ បើកវាំងនន និងបញ្ជាក់ឧបករណ៍ផ្សេងៗ ក៏អាចបញ្ជាតាម App ពីចម្ងាយដីរាប់រយគីឡូម៉ែត្របានដែរ។ ហើយបើនិយាយពីសោផ្ទះវិញ ឬកាមេរ៉ាឆ្លាតវ៉ៃវិញ វានឹងផ្ញើសារ ឬបញ្ចេញសំឡេងឲ្យយើងបានដឹង ពីការភាពមិនប្រក្រតីណាមួយកើតឡើង៕”
អត្ថបទដោយ៖ ផែន ផាន់ណា