បញ្ហាមួយដែលមនុស្សភាគច្រើនបានជួបនោះគឺ អានអក្សររបស់ពេទ្យមិនដាច់ហើយបញ្ហាមួយនេះមិនមែនតែកើតឡើងនៅស្រុកយើងនោះទេពោលគឺនៅតាមបណ្តាប្រទេសធំៗមួយចំនួនក៏ជួបប្រទះបញ្ហនេះដូចគ្នា ក្នុងនោះផងដែរមិនមែនមានន័យថាពីពេទ្យមិនអាចសរសេរអក្សរឱ្យស្អាតបាននោះទេពោលគឺអាចនិយាយបានថាមកពីពេលវេលាមានតិច ឬការសរសេរប្រញ៉ាប់ជាដើម ដែលធ្វើឱ្យអ្នកជំងឺមើលមិនយល់ពីវេជ្ជៈបញ្ជាររបស់ពេទ្យ។
ដោយយោងទៅតាម TechCrunch ថ្មីៗនេះក្រុមហ៊ុន Google បានធ្វើការបង្ហាញនូវបច្ចេកវិទ្យារបស់ខ្លួនដោយអាចនឹងមកជួយដោះស្រាយបញ្ហាអក្សរដូចជើងក្តាមរបស់ពេទ្យនេះ។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុន កំពុងតែធ្វើការជាមួយនឹងឱសថការីជាច្រើនដើម្បីស្វែករកវិធីក្នុងការបំប្លែងអក្សរដែលសរសេរដោយដៃរបស់ពេទ្យ។
យ៉ាងណាមិញចំពោះមុខងារមួយនេះ ខាងក្រុមហ៊ុន Google គឺមិនទាន់បានធ្វើការបញ្ចេញឱ្យគេប្រើប្រាស់ជាសាធារណៈនោះទេពោលគឺស្ថិតក្នុងដំណាក់តេស្តសាកល្បងនៅឡើយ(Prototype) ហើយចំពោះដំណើរការនៃមុខងារនេះផងដែរ គឺវាអាចរំលេចឱ្យយើងឃើញថ្នាំភ្លាមៗតែម្តងនៅពេលដែលយើងបានបញ្ចូលរូបនៃអក្សរនោះ។
ប្រភពដដែលក៏បានបន្តថា ចំពោះបច្ចេកវិទ្យាមួយនេះវាអាចនឹងត្រូវបានគេយកមកប្រើប្រាស់ដើម្បីបំប្លែងអក្សរដែលសរសេរដោយដៃរបស់ពេទ្យ ឬអ្នកដែលស្ថិតក្នុងរង្វង់នេះឱ្យទៅជាប្រភេទ ឌីជីថលវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេក៏មិនទាន់ប្រាកដថាបច្ចេកវិទ្យាមួយនេះអាចនឹងចូលខ្លួនមកដោះស្រាយបញ្ហាអក្សរនេះបានច្បាស់លាស់100%នោះទេ។
សម្រាប់អ្នកទាំងអស់វិញដែលធ្លាប់ជួបបញ្ហាមួយនេះដែរទេ?
អត្ថបទដោយ៖ រិន មករា