បើនិយាយដល់ផ្លែតហៅតុកៗ ឬតាក់ស៊ីដែលល្បីល្បាញនៅអាស៊ី គ្រប់គ្នាប្រហែលជានឹកឃើញ Grab ដែលទើបតែឈានជើងចូលទីផ្សារកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្ដែអ្នកដឹងទេថា ក្រុមហ៊ុនមួយដែលមានឈ្មោះថា GOJEK ក៏ជាត្រីឆ្លាមធំនៅក្នុងទីផ្សារមួយនេះផងដែរ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ GOJEK ផ្ដើមចេញពីការផ្ដល់សេវាហៅម៉ូតូឌុប ២០ម៉ូតូ ហើយបានវិវត្តិខ្លួនក្លាយជាក្រុមហ៊ុន Unicorn តម្លៃ១ពាន់លានដុល្លារ ត្រឹមរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ។ ហើយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ GOJEK បានប្រកាសពីការឡើង IPO បោះហ៊ុនលក់ជាសាធារណៈបានយ៉ាងជោគជ័យផងដែរ។
ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកក្រឡេកទៅមើលដំណើរចាប់ផ្ដើមពីតូច រហូតក្លាយជាក្រុមហ៊ុនយក្សពាន់លានដុល្លារ របស់ GOJEC និងរៀននូវមេរៀនមួយចំនួនខ្លឹមៗមួយចំនួនពី GOJEK ផងដែរ។
ក្រឡេកទៅមើលប្រវត្តិរបស់ GOJEC បន្ដិច ក្រុមហ៊ុនមួយនេះ កើតចេញពីបុរសម្នាក់ដែលមានឈ្មោះថា Nadiem Makarim ដែលជានិស្សិតរៀនចប់ពីសាកលវិទ្យាល័យ Harvard Business School។ ក្រោយធ្វើការយកបទពិសោធន៍នៅអាមេរិក៣ឆ្នាំ លោក Nadiem Makarim បានត្រឡប់មកប្រទេសឥណ្ឌូនេស៊ី ដែលជាទឹកដីកំណើតរបស់ខ្លួនវិញនៅក្នុងឆ្នាំ២០០៩។
ដោយពេលនោះ ប្រជាជននៅក្នុងប្រទេសឥណ្ឌូនេស៊ីជួបបញ្ហាមួយគឺលំបាកក្នុងការហៅម៉ូតូឌុប ជាពិសេសអ្នកនៅតំបន់ឆ្ងាយៗ ហើយសម្រាប់អ្នករត់ឌុបវិញរត់បានតែពេលព្រឹក និងល្ងាចតែប៉ុណ្ណោះ ហើយក្រៅពីចន្លោះម៉ោងនេះ គឺទំនេរដកខ្យល់ចោល។ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ លោក Nadiem Makarim បានធ្វើការដើរប្រមូលលេខម៉ូតូឌុប ដែលទុកចិត្តបាន២០នាក់ ហើយលោកដើរតួជា Call Center ចាំទទួលភ្ញៀវ ពោលគឺពេលមាននរណាត្រូវការម៉ូតូឌុបគេអាចខលទៅរកលោក ហើយលោកនឹងឱ្យម៉ូតូឌុបទៅយក មិនថាពួកគាត់នៅទីណាក៏អាចហៅម៉ូតូឌុបបានដែរ។
ក្រោយមកលោក Nadiem Makarim បាននឹកឃើញដំណោះស្រាយដែលល្អជាងនេះ ពោលគឺលោកចង់បង្កើតផ្លែតហ្វមមួយដែលអាចជួយភ្ជាប់អ្នករត់ឌុប និងអ្នកជិះឱ្យជួបគ្នា។ តាមរយៈផ្លែតហ្វមនេះអ្នកជិះចង់ហៅម៉ូតូឌុបពេលណាម៉ោងណាក៏បានលែងលំដាកដូចមុន ហើយអ្នករត់ឌុបក៏ទទួលបានភ្ញៀវច្រើនជាងមុនផងដែរ។
ក្រោយពីនឹកឃើញគំនិតនេះ លោកលោកបានទៅបបួលមិត្តជិតស្និតម្នាក់ដែលមានឈ្មោះថា Michaelangelo Moran មកបង្កើតក្រុមហ៊ុនថ្មីជាមួយគ្នា ដោយដាក់ឈ្មោះថា GOJEK នៅក្នុងឆ្នាំ២០១៤។ ហើយក្នុងឆ្នាំនោះដដែលអ្នកទាំងពីរក៏ទទួលបានទុនវិនិយោគដំបូងពីក្រុមហ៊ុន NSI Venture។
រហូតដល់ខែមករា ឆ្នាំ២០១៥ អ្នកទាំងពីរបានដាក់ដំណើរការកម្មវិធីហៅម៉ូតូ GOJEK ជាលើដំបូង ហើយត្រឹមរយៈពេលតែ ៦ខែ GOJEK បានពង្រីកខ្លួនលឿនដូចព្យុះ ដោយមានអ្នកដឹកនៅលើផ្លែតហ្វមរបស់ខ្លួនរហូតដល់ទៅ ៣ម៉ឺននាក់ឯណោះ។
ជាមួយគ្នានេះដែរ ក្នុងឆ្នាំដដែល GOJEK បានពង្រីកសេវាកម្មជាច្រើនដូចជា GoCar ហៅឡាន, GoMart ទិញទំនិញពីម៉ាតដឹកដល់ផ្ទះ, GoMed, ទិញថ្នាំ, GoClean ហៅអ្នកសម្អាតផ្ទះ, GoDoc ផ្ញើរឯកសារ, GoDelivery ដឹកញ្ជូន និងបំបែកចេញជាសេវាកម្មជាច្រើនទៀត។
ដោយសារតែអាចជួយដោះស្រាយបញ្ហាក្នុងការធ្វើដំណើរ និងការផ្ញើរអីវ៉ាន់ បូករួមនឹងសេវាកម្មផ្សេងៗជាច្រើននោះ ជាហេតុធ្វើឱ្យ GOJEK ផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាហេតុធ្វើឱ្យ GOJEK ក្លាយជាក្រុមហ៊ុន Unicorn តម្លៃ១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៦ ពោលគឺ GOJEK ប្រើពេលតែ២ឆ្នាំប៉ុណ្ណោះ ក្នុងការក្លាយជា Unicorn Company ចាប់តាំងបង្កើត GOJEK ក្នុងឆ្នាំ២០១៤មក។
បច្ចុប្បន្ននេះ GOJEK បានក្លាយជាក្រុមហ៊ុន សាជីវកម្មដ៏ធំមួយដែលមានតម្លៃខ្លួនប្រមាណ១០លានដុល្លារ និងត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដឹកជញ្ជូនអនឡាញដ៏ល្បីល្បាញបំផុតមួយនៅអាស៊ី ខណៈក្រុមហ៊ុនមួយនេះកើតចេញពីការដោះស្រាយបញ្ហាហៅម៉ូតូឌុបតែប៉ុណ្ណោះ ដែលមនុស្សគ្រប់គ្នាគិតថាជារឿងសាមញ្ញៗតែប៉ុណ្ណោះ។
មេរៀនដែលយើងអាចរៀនសូត្របានពី ដំណើររបស់ GOJEK រួមមាន៖
- ប្រសិនបើអ្នកចង់រកស៊ី អ្នកត្រូវមើលឱ្យឃើញពីបញ្ហារបស់អតិថិជន តើអតិថិជនជួបបញ្ហាអ្វី? ហើយត្រូវការអ្វី? ការចេះមើលបញ្ហាពិតប្រាកដរបស់អតិថិជន នឹងធ្វើឱ្យយើងដឹងថាតើត្រូវបង្កើតផលិតផលឬសេវាកម្មដ៏ល្អបំផុតមួយបាន។ ហើយប្រសិនបើផលិតផលឬសេវាកម្មរបស់អ្នកពិតជាដោះស្រាយបញ្ហាពិតរបស់មនុស្សមែន អ្នកមិនបាច់ភ័យរឿងអត់អតិថិជនប្រើទេ។ ហេតុនេះត្រូវចេះមើលឱ្យស៊ីជម្រៅទៅលើបញ្ហា បញ្ហាជាឱកាស។
- មេរៀនទី២ គឺការប្រើបច្ចេកវិទ្យា ប្រសិនបើ លោក Nadiem Makarim និង លោក Michaelangelo Moran គ្រាន់តែជួលបុគ្គលិកបន្ថែម ហើយធ្វើខ្លួនត្រឹមជា Call Center ចាំតែទម្លាក់ម៉ូយម៉ូតូឌុបឱ្យភ្ញៀវ ហើយមិនបង្កើត App ម្លេះ GOJEK មិនរីកធំដល់សព្វថ្ងៃនេះទេ ពោលគឺការប្រើបច្ចេកវិទ្យាអាចជួយឱ្យប្រជជនឥណ្ឌូនេស៊ីគ្រប់ៗរូបអាចហៅម៉ូតូឌុប ឬតាក់ស៊ីបានដែលអាចទុកចិត្តបានយ៉ាងងាយស្រួលបំផុត មិនថាពួកគេនៅតំបន់ណាទេ។ ហេតុនេះក្នុងនាមជាសហគ្រិនជំនាន់ថ្មី យើងគួរតែចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា។
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Nava Siri; Telegram: @Navasiri)