យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុនទំនាក់ទំនងផ្កាយរណបចល័ត Globalstar បានកើនឡើងភាគហ៊ុនដល់ទៅ 42% ក្រោយក្រុមហ៊ុន Apple ប្រកាសចេញជាផ្លូវការនូវទូរសព្ទសេរីថ្មី iPhone 14 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានសហការណ៍ជាមួយនឹងក្រុមហ៊ុន Globalstar ធ្វើការទៅលើការបង្កើតមុខងារថ្មីមួយឈ្មោះថា SOS ហៅរកជំនួយសង្រ្គោះបន្ទាប់ ពេលវង្វេងផ្លូវ ជាប់នៅកណ្ដាលព្រៃ កណ្ដាលទឹក ឬតំបន់ដាច់ស្រយាលណាមួយ។
ដោយមុខងារ SOS ថ្មីនៅលើ iPhone 14 គឺអាចផ្ញើសារសុំជំនួយបានភ្លាមៗ ទោះបីជាអត់មានស៊ីម ឬអត់មានសេវាក៏ដោយ ហើយការណ៍ដែលអាចធ្វើរឿងនេះបាន គឺ Apple ត្រូវបង្កើតបច្ចេកវិទ្យាភ្ជាប់ទៅកាន់ផ្កាយរណប ហើយត្រូវការភ្ជាប់ទៅកាន់ផ្កាយរណបរបស់ Globalstar ផងដែរ។
គួរជម្រាបផងដែរថា មុខងារផ្ញើសារតាមផ្កាយរណបដើម្បីរកជំនួយ SOS របស់ Apple នេះ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើ។ ហើយក្រោយពីប្រកាសចេញមុខងារថ្មីនេះ ភ្ជាប់នៅក្នុង iPhone 14 នៅក្នុងព្រឹត្តិការណ៍ Far Out រួចមក បានធ្វើឱ្យមនុស្សចាប់ផ្ដើមចាប់អារម្មណ៍នឹងមើលឃើញពីអនាគតដ៏រឹងមាំរបស់ GlobalStar ដែលមានដៃគូរយុទ្ធសាស្រ្ដរឹងមាំដូចជា Apple ជាហេតុធ្វើឱ្យមនុស្សសម្រុកទៅទិញហ៊ុន Globalstar ធ្វើឱ្យមានការកើនឡើងហ៊ុនរហូតដល់ទៅ ៤២%ត្រឹមមួយពព្រេចភ្នែក៕