ថ្មីៗនេះក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) វិញ្ញាសា Mobile Legend: Bang Bang ធ្វើបានយ៉ាងល្អក្នុងប្រកួតចុងក្រោយ វគ្គសន្សំពិន្ទុក្នុងពូល A ដោយបានយកឈ្នះលើក្រុមប្រទេសនេប៉ាល់ លទ្ធផល ២-០ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៃការប្រកួត Gamers8 Asia Championship នៅរដ្ឋធានីរីយ៉ាតព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផលនេះក្រុមកម្ពុជាបានកក់កៅអី សម្រាប់ការប្រកួតជើងឯកពិភពលោក (IESF World Esport Championships)នៅទីក្រុង IASI ប្រទេស Romania។ នេះបើយោងតាមការចេញផ្សាយនៅលើទីភ្នាក់ងារសារព័ត៌មាន AKP។
ប្រភពខាងលើបានឱ្យដឹងបន្ថែមទៀតថា ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលទៅចូលរួមកិច្ចប្រជុំ និងដឹកនាំក្រុមជម្រើសជាតិកីឡាអេឡិចត្រូនិកកម្ពុជាចូលរួមប្រកួតនៅប្រទេសរូម៉ានី បានបញ្ជាក់មកថា ក្រុមប្រតិភូកីឡាអេឡិចត្រូនិកកម្ពុជាមានចំនួន ៧នាក់ រួមមាន៖ លោក ជាន ចាន់រ៉ា អ្នកដឹកនាំ លោក Alvarez Soriano Ralph Jamesគ្រូបង្វឹក និងកីឡាករ ទី ឧត្តម, កុសល ពិសិដ្ឋ, សុខ រដ្ឋ, សូ ម៉ារ៉ា និងកីឡាករ វិធូរ សុវិសាល។ នេះជាកម្មវិធីការប្រកួត Gamers8 Asia Championshipមាន២០ ប្រទេសចូលរួម ដែលព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការប្រកួតជម្រុះដណ្តើមយកកៅអីទៅកាន់ព្រឹត្តិការណ៍ IESF 15th WE Championships IASI 2023។ ឆ្លងកាត់៣ប្រកួត កម្ពុជាឈ្នះ២ និងចាញ់១ ដោយឈរលេខ២ក្នុងពូល A ហើយត្រូវឡើងទៅប្រកួតវគ្គ Playoff ដើម្បីដណ្តើមយកពានរង្វាន់ Gamers8 Asian Championship នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកបានបន្ថែមថា ឆ្លងកាត់ការប្រកួតនេះមានន័យថា កម្ពុជាបានកក់កៅអីទៅកាន់ការប្រកួតជើងឯកពិភពលោក (IESF World Esport Championships)ដែលគ្រោងនឹងរៀបចំនៅទីក្រុង IASI ប្រទេស Romania ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣៕