អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្ររកឃើញវិធីបណ្ដុះជើងកង្កែបដាច់ហើយ ដុះមកវិញបានដូចដើម
Sakada Techie
FEBRUARY 7 2022
ស្ទីម - STEAM
8.1 K views
1 min read

ពិការភាពជារឿងមួយដែលមិនមាននរណាចង់កើតមានឡើយ ហេតុនេះហើយអ្នកវិទ្យាសាស្ត្រខំប្រឹងយ៉ាងខ្លាំងធ្វើយ៉ាងណា អាចជួយជនពិការ ជាពិសេសអ្នកពិការអវៈយវៈ អាចត្រឡប់ទៅដូចដើមវិញបាន ដោយកន្លងទៅមានជាដៃជើងសិប្បនិម្មិត តែយ៉ាងណាក៏មិនដូចដៃជើងដើមឡើយ។

ជាដំណឹងដ៏ល្អមួយអ្នកវិទ្យាសាស្ត្រលើផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Tufts University សហរដ្ឋអាមេរិកបានស្រាវជ្រាវក្នុងដំណាក់កាលដំបូងពីវិធីក្នុងការបណ្ដុះដៃជើងមកវិញ បីដូចជារឿងហូលីវូដដូច្នោះដែរ ដោយធ្វើការសាកល្បងដោយវះកាត់ចាក់បញ្ជូលថ្នាំពិសេសដោយជោគជ័យលើសត្វកង្កែបក្នុងរយៈពេល ២៤ម៉ោងនេះបើតាមការចុះផ្សាយពីសំណាក់ទស្សនាវដ្តី Fast Company។

ក្រោយចាក់បញ្ចូលនូវសារធាតុនោះ ក៏ដូចជាបំពាក់នូវឧបករណ៍ម្យ៉ាងឱ្យកោសិការដុះមកវិញ ដែលគេហៅថា Silk Hydrogel នោះ ក្នុងរយៈពេល ១៨ខែ ជើងកង្កែបនឹងដុះវិញចេញជាសណ្ឋានជើងកង្កែបង មានទាំងសរសៃឈាម សរសៃប្រសាទមកផងនោះ។

យ៉ាងណាដែរ ក៏មិនទាន់ល្អដល់ធម្មជាតិដែរ ដោយគេឃើញថាមានឆ្អឹងផ្នែកខ្លះពុក ហើយកោសិការខ្លះក៏បាត់ដែរ ដោយអ្នកវិទ្យាសាស្ត្រកំពុងសិក្សាបន្ថែម ដើម្បីធ្វើឱ្យលទ្ធផលដែលទទួលបានមានភាពប្រសើរជាងមុន។

គេមិនទាន់អាចសន្និដ្ឋានបានទេថា របកគំហើញថ្មីនេះនឹងអាចប្រើបានទៅលើមនុស្សបានពេលណានោះទេ ប៉ុន្តែ សម្រាប់បច្ចុប្បន្នគេត្រូវធ្វើយ៉ាងណាឱ្យការប្រើប្រាស់នៅលើសត្វកង្កែបដំណើរការល្អ និង ធានាបាននូវសុវត្ថិភាពខ្ពស់ ក៏ដូចជាសិក្សារពីផលប៉ះពាល់ផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia