នេះគឺជាដំណឹងមួយដែលយើងមានមោទកភាពខ្លាំងមែនទែន ខណៈពុម្ពអក្សរចំនួន ២១ទៀត ត្រូវបានដាក់បញ្ចូលទៅក្នុង Google Fonts រួចជាស្រេច។ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ បើយោងតាមគណនី Twitter ផ្លូវការរបស់ Google Fonts បានប្រកាសជូនជាសាធារណៈថា ពុម្ពអក្សរខ្មែរ ឬ Font Khmer ថ្មីទាំង២១ បានដាក់ឱ្យប្រើប្រាស់ហើយ។
អ្វីដែលយើងមានភាពភ្ញាក់ផ្អើលនោះគឺ Google Fonts បានបង្ហោះភ្ជាប់មកជាមួយនូវ អក្សរខ្មែរ នៅលើ Caption ថា “ការយកចិត្តទុកដាក់” រួមផ្សំជាមួយនឹងអក្សរអង់គ្លេសដែលមានន័យសេចក្ដីថា “ពួកយើងបានបន្ថែមពុម្ពអក្សរខ្មែរដ៏អស្ចារ្យចំនួន ២១ទៀត ពីអ្នករចនាពុម្ពខ្មែរជើងចាស់គឺលោក ដាញ់ហុង ដែលលោកគឺជាអ្នកទទួលខុសត្រូវ លើការរចនាពុម្ពអក្សរខ្មែរ និងបច្ចេកវិទ្យាផ្សេងទៀត។”
មកទុលបច្ចុប្បន្ននេះមាន Font Khmer ចំនួន ១៣៥៩ ដែលត្រូវបានដាក់នៅលើ Google Fonts បូករួមទាំង Font ថ្មី២១នេះផង។ ពុម្ពអក្សរខ្មែរដែលមាននៅលើ Google Fonts នេះភាគច្រើន សុទ្ធសឹងតែជាស្នាដៃរបស់អ្នកជំនាញផ្នែកពុម្ពអក្សរខ្មែរជើងចាស់ ដូចជាលោកដាញ់ ហុង និងលោក ទេព សុវិចិត្រ ជាដើម។
គូសបញ្ជាក់ថា Font ខ្មែរទាំង ១៣៥៩ នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ឬទាញយកដោយឥតគិតថ្លៃ។ ដូច្នេះហើយសម្រាប់អ្នកដែលកំពុងត្រូវការ Font ខ្មែរបន្ថែមអាចចូលទៅទាញយកបាន។
អត្ថបទដោយ៖ ផែន ផាន់ណា