មកទល់ពេលនេះរឿងរ៉ាវជម្លោះរវាងក្រុមហ៊ុនយក្សទាំង២លើលោក គឺក្រុមហ៊ុន Apple និង Twitter ហាក់មានសភាពខ្លាំងឡើងៗ ពោលគឺថ្មីៗនេះលោក Elon Musk បានប្រកាសថា ក្រុមហ៊ុន Apple បានគំរាមលុបកម្មវិធី Twitter ចេញពី App Store របស់ខ្លួន ដោយមិនបានប្រាប់ពីមូលហេតុសមស្របណាមួយឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters។
ប្រភពដដែលបានបន្តថា ពេលនេះក្រុមហ៊ុន Apple បានបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើ Twitter ហើយ។ ចំពោះបញ្ហានេះ លោក Elon musk បាននិយាយថា ពេលនេះក្រុមហ៊ុន Apple កំពុងព្យាយាមដាក់សម្ពាធមកលើក្រុមហ៊ុន Twitter របស់លោក ជុំវិញការទាមទារឱ្យមានការសម្របសម្រួលមាតិកាឡើយវិញ។
សម្រាប់ការគំរាមលុបកម្មវិធីនេះគឺមិនមែនជាលើកទី១ទេ ពោលគឺក្រុមហ៊ុន Apple តែងតែអនុវត្តតាមច្បាប់របស់ខ្លួន តួយ៉ាង apple បានលុបកម្មវិធីធំៗចេញដោយមិនស្ដាយស្រណោះម្ដងរួចហើយ ដូចជា Gab និង Parler ជាដើម ប៉ុន្តែក្រោយពីមានការសម្របសម្រួល Apple ក៏អនុញ្ញាតសិទ្ធិឡើយវិញ។
គូសបញ្ជាក់ថា កន្លងមកលោក Elon Musk បាននិយាយពាក្យសម្ដីមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន Apple ដោយលោកបានឃើញពីក្រុមហ៊ុន Apple ឈប់ផ្សាយពាណិជ្ជកម្មជាមួយ Twitter រួចលោកក៏បង្ហោះសារ ជាសាធារណថា តើក្រុមហ៊ុន Apple ស្អប់ការនិយាយដោយសេរី នៅលើទឹកដីសហរដ្ឋអាមេរិក? បន្ទាប់មក Elon Musk ក៏បាន mention លោក Tim Cook នៅលើ Twitter ថា តើមានរឿងអ្វីកើតឡើយ? ប៉ុន្តែមិនមានការឆ្លងតបអ្វីឡើយ រហូតមកទល់ពេលនេះ បែរជាលោក Elon Musk ប្រកាសថា Apple ចង់បិទ Twitter នៅលើ App Store ចោលទៅវិញ៕
អត្ថបទដោយ៖ ផែន ផាន់ណា