នេះជារឿងដែលពុំគួរឱ្យជឿ ខណៈលោក Elon Musk បានអះអាងថាបន្ទះ Microchip របស់ក្រុមហ៊ុន Nerualink អាចជួយព្យាបាលមនុស្សអ្នកកំពុងលើសគីឡូបាន។ Elon ក៏បានដាក់ជំងឺធាត់ ឬលើសគីឡូជ្រុលនេះ ចូលក្នុងបញ្ជីជំងឺដែលត្រូវព្យាបាល ដូចជាជំងឺសរសៃប្រសាទជាដើម។
ការលើកឡើងរបស់លោក Elon Musk នេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយ TED កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ដោយលោកបានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្ននេះជំងឺធាត់ឬលើសគីឡូ កំពុងក្លាយជាបញ្ហាប្រឈមច្រើនឡើងៗ ដែលលោកថាក្រុមហ៊ុន Nerualink អាចជួយព្យាបាលបាន។
យ៉ាងណាមិញក៏មានសាស្ត្រាចារ្យម្នាក់ឈ្មោះ Andrew Jackson អ្នកជំនាញផ្នែកប្រសាទ ក៏បានចេញមកបដិសេដចំពោះការុំលើកឡើងរបស់លោក Elon Musk ថា “ខ្ញុំគិតថាវាមិនគួរឱ្យទុកចិត្តនោះទេ ដែលយើងអាចយកបច្ចេកវិទ្យាទាក់ទងនឹងសរសៃប្រសាទ ទៅព្យាបាលជំងឺធាត់នោះ។” នេះបើយោងតាមការចុះផ្សាយរបស់ Insider។
គូសបញ្ជាក់ថាលោក Elon Musk បានបង្កើតក្រុមហ៊ុន Neuralink ឡើងនៅក្នុងឆ្នាំ២០១៦ ដែលផ្ដោតសំខាន់ទៅលើការបង្កើតបន្ទះ Microchip ដោតចូលទៅក្នុងខួរក្បាលមនុស្ស ក្នុងគោលបំណងព្យាបាលជំងឺដូចជា សរសៃប្រសាទ ជំងឺដែលមានបញ្ហាឆ្អឹងខ្លង ពិការភ្លែក ខ្វិនខ្វង់ និងមនុស្សធាត់លើសទម្ងន់នេះជាដើម៕
អត្ថបទដោយ៖ ផែន ផាន់ណា