អស្ចារ្យ! Elon សម្ងំផលិតខួរក្បាលម៉ាស៊ីន ខ្លាំងជាងខួរក្បាលមនុស្ស ត្រៀមដាក់ចូលមនុស្សយន្ដ និងឡាន Tesla
Navasiri Morm
OCTOBER 5 2022
អាជីវកម្ម 4.0
91 views
2 mins read

មហាសេដ្ឋី Elon Musk ត្រូវបានគេចាត់ទុកថា ជាអ្នកផ្លាស់ប្ដូរវិស័យរថយន្ដពិភពលោក ឱ្យងាកមកប្រើរថយន្ដអគ្គិសនីដើម្បីអនាគតរបស់បរិស្ថាន ហើយអ្វីដែលធ្វើឱ្យមនុស្សមួយពិភពលោកកោតភ្ញាក់ផ្អើល និងកាន់តែកោតសរសើរចំពោះរថយន្ដអគ្គិសនី Tesla របស់លោក Elon Musk នោះ មុខងារបើកបរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានតៃកុង ឬភាសាអង់គ្លេសហៅថា Auto-Pilot ដោយមុខនេះត្រូវបានធ្វើឡើងមកដើម្បីជួយកាត់បន្ថយកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែដើម្បីអាចឱ្យមុខងារ Auto-Pilot នេះជោគជ័យបាន គឺតម្រូវឱ្យមានខួរក្បាលឌីជីថល ដែលមានសមត្ថភាពស្មើ ឬខ្លាំងជាងខួរក្បាលមនុស្សដើម្បីជួយ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក Lex Fridman កាលពីពេលថ្មីៗនេះ លោក Elon Musk បានបង្ហើបយ៉ាងដូច្នេះថា រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ការចាប់ផ្ដើមផលិតរថយន្ដអគ្គិសនីគឺជារឿងដ៏លំបាកបំផុតមួយសម្រាប់លោក ប៉ុន្ដែអ្វីដែលលំបាកខ្លាំងលើសពីការគិតរបស់លោកនោះ គឺការផលិតមុខងារបើកបរដោយស្វ័យប្រវត្តិ Auto-Pilot នេះឯង។

លោក Elon Musk រៀបរាប់ឱ្យដឹងថា ដើម្បីអាចធ្វើឱ្យមុខងារ Auto-Pilot នេះជោគជ័យ បច្ចុប្បន្ននេះមានតែវិធីសាស្រ្ដមួយប៉ុណ្ណោះ ពោលគឺត្រូវបង្កើតប្រព័ន្ធមួយ ចម្លងរបៀបក្នុងការបើកបរ ការគិត និងសកម្មភាពរបស់មនុស្សពិតៗឱ្យបាន។ ហេតុនេះគេត្រូវផលិតប្រព័ន្ធការគិតរបស់មនុស្សទៅជាទម្រង់ឌីជីថល ឬបើនិយាយឱ្យងាយយល់ គឺត្រូវផលិតខួរក្បាលមនុស្សនៅក្នុងទម្រង់ឌីជីថលដែលមានសមត្ថភាពខ្លាំងក្នុងការបើកបរហ្នឹងឯង។

លោក Elon Musk បានលើកឡើងទៀតថា ខួរក្បាលឌីជីថលនេះ នឹងមានសមត្ថភាពខាងបើកបរខ្លាំងជាងខួរក្បាលរបស់មនុស្ស ដោយហេតុថា ខួរក្បាលរបស់មនុស្សតែងតែមានការរំខាន ដូចជាគិតរឿងផ្សេងៗ ពេលកំពុងបើកបរ មើលទូរស័ព្ទ ឱនចាប់របស់ផ្សេងៗ ខណៈខួរក្បាលឌីជីថលមិនត្រូវបានរំខានដោយរឿងទាំងអស់នេះទេ។ បន្ថែមពីនេះទៀត ខួរក្បាលឌីជីថលអាចមើលឃើញកន្លែងងងឹត និងអាចមើលបានគ្រប់ទិស ខណៈពេលបើកបរមនុស្សមិនអាចមើលឃើញនៅកន្លែងងងឹត និងអាចមើលបានតែទិសដៅខាងមុខ និងមើលទៅទិសដៅខាងក្រោយតាមកញ្ចក់តែប៉ុណ្ណោះ។

គួរជម្រាបផងដែរថា កាលពីពេលកន្លងទៅនេះ ខាងក្រុមហ៊ុន Tesla បានបញ្ចេញមុខងារបើកបរដោយស្វ័យប្រវត្តិ Auto-Pilot នេះ នៅក្នុងទម្រង់ Beta។ ហើយបើតាមការឱ្យដឹងរបស់លោក Elon Musk ផ្ទាល់ លោករំពឹងថា នឹងបញ្ចប់ការផលិតខួរក្បាលឌីជីថល ដែលត្រូវយកទៅបង្កើតមុខងារ Auto-Pilot នៅចុងឆ្នាំ២០២២នេះ។ ដោយលោកមានក្ដីសង្ឃឹមក្នុងចិត្តថា មុខងារ Auto-Pilot នេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចន្លោះពី ២ ទៅ ៣ ដង ប្រើប្រៀបទៅនឹងការគ្រប់គ្រងការបើកបរដោយមនុស្ស៕

 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia