ក្រោយរកស៊ី ៦ឆ្នាំ ក្រុមហ៊ុនវៀតណាម Bluetronics ប្រកាសបិទទ្វារចាកចេញពីកម្ពុជា ទៅបើកនៅប្រទេសនេះវិញ
ផែន ផាន់ណា
FEBRUARY 21 2023
ឌីជីថល
40 K views
2 mins read

បើកក្បាលទំព័រឆ្នាំថ្មី២០២៣ ក្នុងត្រីមាសទី១ ក្រុមហ៊ុន Mobile World ដែលយើងស្គាល់ឈ្មោះមួយទៀតថា Bluetronics ចាប់ផ្ដើមរើហាងលក់របស់ខ្លួនចេញពីប្រទេសកម្ពុជា ស្ទើរតែទាំងអស់ ដើម្បីឈោងចាប់ទីផ្សារថ្មីទៅកាន់ប្រទេសឥណ្ឌូណេស៊ី ខណ:បច្ចុប្បន្នមានតែហាង Bluetronics ចំនួន២ប៉ុណ្ណោះដែលនៅបើកដំណើរ ក្នុងស្រុកខ្មែរ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត vnexpress។

Mobile World គឺជាយីហោមួយរបស់ប្រទេសវៀតណាម និងជាក្រុមហ៊ុនលក់រាយ ប្រភេទគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទ និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃរាប់ពាន់មុខ ប៉ុន្តែពេលនេះចាប់ផ្ដើមបិទហាងសឹងតែទាំងអស់នៅកម្ពុជា។ លោក Doan Van Hieu Em ប្រធានផ្នែកលក់គ្រឿងអេឡិចត្រូនិក និងទូរស័ព្ទរបស់ក្រុមហ៊ុន Mobile World បានឲ្យដឹងថា បន្ទាប់ពីឈានជើងចូលមកកាន់ទីផ្សារកម្ពុជាអស់រយ:ពេល៦ឆ្នាំ ឥឡូវនេះយើងសម្រេចបិទអាជីវកម្មនៅកម្ពុជា និងចាប់យកទីផ្សារនៅក្នុងប្រទេសផ្សេង។

1 1676645143 9652 1676645284

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា បើតាមទិន្នន័យលើគេហទំព័រ Bluetronics គឺមានតែ២ហាងទៀតប៉ុណ្ណោះ ដែលកំពុងបន្តលក់នៅក្នុងទីក្រុងភ្នំពេញ ដោយកន្លងមកគឺមានហាង Bluetronics ចំនួន ៥៥កន្លែង នៅទូទាំងប្រទេសកម្ពុជា។ បើរំលឹកបន្តិចក្រុមហ៊ុន Mobile World បាន​បើក​ហាង​ដំបូង​គេ​នៅ​កម្ពុជាមាន​ឈ្មោះ BigPhone ​កាល​ពី​ជិត ៦ ឆ្នាំ​មុន ដោយរំពឹងយ៉ាងខ្លាំងថា ហាងនីមួយៗ នឹងអាចរកចំណូលបាន 2 ពាន់លានដុង ឬស្មើនឹង 84,700 ដុល្លារ ក្នុងមួយខែ។ នៅចុងឆ្នាំ 2019 នេះ BigPhone ត្រូវបានប្តូរឈ្មោះទៅជា Bluetronics ដោយមិនត្រឹមតែលក់ទូរស័ព្ទមួយមុខទេ ក្រុមហ៊ុននេះបានចាប់ផ្ដើមនាំចូលគ្រឿងអេឡិចត្រូនិកជាច្រើនមុខទៀត មកលក់នៅខ្មែរ។

Bluetronics 800x450

យ៉ាងណាមិញ ក្រោយបោះជំហានចូលទីផ្សារកម្ពុជា ក្រុមហ៊ុន Mobile World ក៏ធ្លាប់មានមហិច្ឆតាចង់ប្រើប្រាស់ Bluetronics នេះ ធ្វើជាវេទិការមួយចូលទៅក្នុងទីផ្សារលក់រាយនៅអាស៊ីអាគ្នេយ៍ផងដែរ។ ប្រភពខាងលើដដែលបានបន្តថាហាង Bluetronics អាចរកចំណូលកើនឡើងជាបីខ្ទង់ក្នុងរយៈពេលជិត 4 ឆ្នាំជាប់ៗគ្នា ដែលជិតដល់ 500 ពាន់លានដុងក្នុងឆ្នាំ 2021។ ទោះបីជាយ៉ាងណាក៏ដោយចំណូលនេះនៅតែបានតិចជាង 0.5% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Mobile World ។

បន្លែមពីលើនេះក្រុមហ៊ុន Mobile World បានឲ្យដឹងដែរថា ខ្សែសង្វាក់អាជីវកម្មនេះ មិនមានសក្តានុពលក្នុងការរួមចំណែកក្នុងប្រាក់ចំណូល និងប្រាក់ចំណេញដ៏សំខាន់នាពេលអនាគតរបស់ក្រុមហ៊ុននោះទេ ដូច្នេះយើងបានបិទវាជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយបន្ទុកផ្សេងៗទៀត។

176633

គូសបញ្ជាក់ថា បន្ទាប់ពីដកខ្លួនចេញពីប្រទេសកម្ពុជា ពេលនេះ Bluetronics នឹងចាប់យកទីផ្សារប្រទេសផ្សេង​ គឺឥណ្ឌូណេស៊ី ដោយប្ដូរឈ្មោះទៅជា EraBlue ដោយលក់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀតដដែល។ បច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌូណេស៊ី មានហាង EraBlue ចំនួន៥ហើយ ដោយក្រុមហ៊ុន Mobile World បានបើកកាលពីចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយកំណត់យកចំណូលប្រចាំខែ ជាមធ្យមចំនួន 5 ពាន់លានដុង។ អ្នកគ្រប់គ្រង Mobile World បាននិយាយថាទំហំទីផ្សារនៅក្នុងប្រទេសនេះគឺមានតម្លៃប្រហែល 14 ពាន់លានដុល្លារ ដែលមានទំហំធំជាងរបស់កម្ពុជា និងវៀតណាម ២ដង៕

អត្ថបទដោយ៖ ផែន​ ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia