កាលពីថ្ងៃពុធទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន VSTECS និងក្រុមហ៊ុន Bitdefender បានប្រព្រឹត្តិទៅនូវសិក្ខាសាលាមួយក្រោមប្រធានបទ “Discover New Bitdefender Gravity Zone’s Integrated Cybersecurity ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Bitdefender ក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន VSTECS ព្រមទាំងអ្នកជំនាញលើវិស័យអាយធី និង Cybersecurity ជាច្រើននាក់ថែមទៀតផងដែរ។
កម្មវិធីនេះប្រព្រឹត្តិឡើងក្នុងគោលបំណង បង្ហាត់បង្ហាញទាក់ទងទៅនឹងប្រព័ន្ធការពារការវាយប្រហារតាមអ៊ីនធឺណេត របស់ក្រុមហ៊ុន Bitdefender ជាពិសេសការបញ្ចូលប្រព័ន្ធ Bitdefender GravityZone Endpoint Protection ជាមួយបច្ចេកវិទ្យា EDR និង XDR និងមានការវិភាគនៃកត្តាមនុស្សចំពោះបញ្ហាសុវត្ថិភាព Cyber ហើយដំណោះស្រាយ Cyber ដែល Bitdefender និង VSTECS នេះនឹងអាចផ្ដល់ប្រយោជន៍ជាអតិបរមាដល់អាជីវកម្ម ឬ ស្ថាប័នផ្សេងៗ។
សិក្ខាសាលាបានបើកទំព័រថ្មីឱ្យឃើញនៃ ការពង្រឹងការការពារសុវត្ថិភាព Cyber ដោយប្រើប្រាស់បច្ចេកវិទ្យា Endpoint Detection and Response (EDR) ជាមួយនឹងការវិភាគហានីភ័យ Cyber បង្ករឡើងដោយមនុស្ស Human Risk Detection ច្របាច់បញ្ចូលគ្នាទៅនឹងកម្មវិធីប្រឆាំងមេរោគ Sandboxing HyperDetect និង សេវាកម្មការពារសុវត្ថិភាព Cyber ដទៃទៀត។
នៅក្នុងកិច្ចចាប់ផ្ដើមនៃសិក្ខាសាលាសុវត្ថិភាព Cyber នេះលោក Nata Kosolpattrapak តំណាងឱ្យក្រុមហ៊ុន VSTECS បានលើកបង្ហាញអំពីគម្រូនៃការអភិវឌ្ឍវ៉ាក់សាំង ក្នុងអំឡុងពេលវិបត្តិកូវីដ ប្រដូចទៅនឹង បច្ចេកវិទ្យាការពារសុវត្ថិភាព Cyber ចុងក្រោយរបស់ Bitdefender ថាអាចការពារបាននូវមេរោគកុំព្យូទ័រ ឬអ៊ីនធឺណេត ចុងក្រោយបំផុត។
ជាមួយគ្នាផងដែរ លោក Michal Dominik និង លោក Samart Sriwichai ជាតំណាងរបស់ក្រុមហ៊ុន Bitdefender លោកទាំងពីរបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមួយនេះលើការផ្ដល់នូវដំណោះស្រាយ Cybersecurity ដែលជួយការពារអាជីវកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតពី មេរោគកុំព្យូទ័រ និង អ៊ីនធឺណេត ដែលតែងតែផ្លាស់ប្ដូរវិវត្តន៍ទៅមុខរហូតនោះ។
លោក Michal បានមានប្រសាសន៍ថា៖. “នៅ Bitdefender យើងប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវដំណោះស្រាយផ្នែក Cybersercurity យ៉ាងទូលំទូលាយ ដើម្បីការពារអាជីវកម្មជាច្រើនប្រកបដោយប្រសិទ្ធភាព”។ ជាមួយគ្នានេះដែរលោក Sasmart បានបន្ថែមថា “ដំណោះស្រាយបញ្ចូលគ្នារបស់យើង ផ្ដល់នូវអានុភាពឱ្យអាជីវកម្មក្នុងការប្រឆាំងតបតនិងការពារខ្លួនអំពីការគម្រាមកំហែង ក៏ដូចជាប្រតិបត្តិការនៃការការពារសុវត្ថិភាព Cyber កាន់តែងាយស្រួល។”
គួរជម្រាបថា ការវាយប្រហារផ្នែក Cyber អាចប៉ះពាល់ដល់ស្ថាប័នណាមួយក្នុងរូបភាពជាច្រើន ដែលអាចកើតឡើងពីការរំខានតិចតួចនៅក្នុងប្រតិបត្តិការអាជីវកម្ម រហូតដល់ការខាតបង់ធំធេងលើផ្នែកហរិញ្ញវត្ថុរប់សក្រុមហ៊ុន។ កន្លងទៅគេឃើញមានដូចជាប្រភេទ Malware ដែលជាមេរោគត្រូវបានគេប្រូក្រាមក្នុងគោលបំណងលួចជ្រៀតជ្រែកចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន ជាប្រភេទនៃការវាយប្រហារផ្នែក Cyber ដែលពេញនិយមក្នុងឧស្សាហកម្ម IT។ ក្រៅពីនោះមានដូចជាប្រភេទនៃការវាយប្រហារបែបជម្រិត Ransomware ប្រើប្រាស់ Viruse Tronjans និងការលួចបង្កប់ទ្វាក្រោយ Backdoor ជាដើម។
ក្នុងឆ្នាំ ២០២២ ការវាយប្រហារដោយប្រើប្រាស់ Malware ជាសកលមានការកើនឡើងខ្លាំងដោយហេតុថាកត្តាភូមិសាស្ត្រនយោបាយ ដោយមានការវាយប្រហារដោយប្រើប្រាស់ Malware ចំនួន ៥.៥ពាន់លានករណីត្រូវបានគេរកឃើញក្នុងឆ្នាំដដែលនេះ។ ភាគច្រើននៃការវាយប្រហការកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបើយោងតាមសន្ទសន៍សុវត្ថិភាព Cyber សកលពីសំណាក់ស្ថាប័ន SEON បានឱ្យដឹងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយនឹងរងការវាយប្រហារផ្នែក Cyber។
កន្លងទៅគេឃើញមានក្រុមប្រណាំងរថយន្ត F1 Scuderia Ferraria បានចាប់ដៃសហការជាមួយនឹងក្រុមហ៊ុន Bitdefender ជាមួយនឹងកុងត្រាច្រើនឆ្នាំ ផ្ដើមពីចុងឆ្នាំ ២០២២ មកដើម្បីបង្ហាញពីរបៀបដែល Bitdefender បង្កើតដំណោះស្រាយប្រកបដោយភាពរឹងមាំ និង ប្រសិទ្ធភាពខ្ពស់ជាប្រព័ន្ធ ហើយការសហការនេះកើតចេញពីបេះដូងរួមក្នុងការសម្រេចបាននូវ បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ និង អានុភាពខ្លាំង។ ភាពដូចគ្នារវាង Cybersecurity និង Formula 1 នោះគឺគ្រប់មីលីវិនាទី សុទ្ធតែមានតម្លៃហើយមានតែបច្ចេកវិទ្យាប៉ុណ្ណោះដែលអាចធ្វើឱ្យនរណាម្នាក់ឈានមុខទៅមុនគេបាន។
លោក Michal Dominic បានមានប្រសាសន៍បន្ថែមថា៖ “បច្ចេកវិទ្យាសុវត្ថិភាពរបស់ Bitdefender ដូចបច្ចេកវិទ្យារបស់ Ferrari ដូច្នោះដែរ។ យ៉ាងណាក៏គ្រប់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ត្រូវបានគ្រប់គ្រងដោយមនុស្ស ហេតុនេះហើយ Cybersecurity គឺមានមនុស្សជាគោល”។
ក្រុមហ៊ុន Bitdefender បានបង្ហាញពីភាពមោះមុតក្នុងការ បង្វឹកបណ្ដុះបណ្ដាលរឿងសុវត្ថិភាព និង ចាប់ដៃជាមួយដៃគូរដែលមានជំនាញខ្ពស់លើវិស័យ Cybersecurity នៅក្នុងទីផ្សារកម្ពុជា។
ចំពោះលោក ហេង ម៉េងហ៊ុយ អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន VSTECS បានឱ្យដឹងថា “Bitdefender GravityZone ជាផលិតផលប្រភេទ Endpoint Security Software លើកដំបូងដែលចែកចាយតាមរយៈដៃគូររបស់យើងទៅកាន់ ក្រុមហ៊ុន អង្គការ ស្ថាប័ន រដ្ឋាភិបាល”។ ហើយលោកបានបន្ថែមផងដែរថា GravityZone នេះជាដំណោះស្រាយបញ្ហាសុវត្ថិភាព Cyber មួយជុំ ដែលអាចបំពេញសឹងគ្រប់តម្រូវការ និង អភិវឌ្ឍរបៀបនៃការធ្វើសុវត្ថិភាព Cyber នៅកម្ពុជា។
ភ្ញៀវកិត្តយសដែលក្នុងនោះមានអ្នកមើលថែរប្រព័ន្ធបច្ចេកវិទ្យា ប្រចាំក្រុមហ៊ុនស្ថាប័ននីមួយៗ ដែលបានចូលរួមកម្មវិធីខាងលើ ក៏មានឱកាសក្នុងការសិក្សារស្វែងយល់ពីឱកាសក្នុងការប្រើប្រាស់និង ដាក់បញ្ចូល ប្រព័ន្ធ Bitdefender GravityZone Endpoint Protection with EDR & XDR Integration នេះ។ ក្រៅពីនេះកម្មវិធិខាងលើបានបង្ហាញពីឱកាសទីផ្សារ ករណីជាក់ស្ដែង ក៏ដូចជា ការសហការគ្នាក្នុងភាពជាដៃគូរផ្សេងៗ ព្រមទាំងមានជាវគ្គក្នុងបង្កើតឱកាសទំនាក់ទំនងផងដែរ៕