Huawei ប្រកាសបង្ហាញបច្ចេកវិទ្យាកុំព្យូទ័រ AI យក្សថ្មី និង រុញ AI ទៅប្រើរកស៊ីសម្រាប់គ្រប់ឧស្សហកម្ម
ផែន ផាន់ណា
SEPTEMBER 22 2023
អាជីវកម្ម 4.0
410 views
3 mins read

ក្នុងព្រឹត្តិការណ៍ Huawei Connect 2023 នាទីក្រុងសៀងហៃឆ្នាំ២០២៣នេះ លោក David Wang ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញមួយជ្រកក្រោមស្លាកកម្មវិធីធំ “Accelerating Intelligence” ឬសម្រួលឱ្យងាយយល់ជាខេមរភាសាថា “ជម្រុញ ភាពឆ្លាតវៃ” បានបង្ហាញពីបច្ចេកវិទ្យាកុំព្យូទ័រ AI យក្ស ក្រោមឈ្មោះថា Atlas 900 SuperCluster និង ដំណោះស្រាយលើឧស្សហកម្មច្រើនជាង ៩ ប្រើសុទ្ធតែ AI ទៅលើវិស័យមួយចំនួនដូចជា ហិរញ្ញវត្ថុ រដ្ឋាភិបាល និង ឧស្សាហកម្មផលិតជាដើម។

381120738 144201798717417 5054238089005138354 N

ក្នុងបទបង្ហាញ លោក David Wang បានធ្វើការសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ ឧស្សាហកម្មក្នុងការចាប់យកដំណោះស្រាយឆ្លាតវៃ ឬ AI ឱ្យបានកាន់តែលឿន ហើយលោកក៏លើកឡើងពីកត្តារាំងស្ទះជាឧបសគ្គមួយចំនួនដូចជា ទិន្នន័យមានកំណត់ កម្លាំងនៃការគណនា និង ដំណើរការកូដ (Algorithm) ជាដើម។ ដើម្បីដោះបញ្ហាខាងលើនោះលោក បានបង្ហាញជំហរទៅលើការខិតខំប្រឹងប្រែងគាំទ្រ ការតភ្ជាប់ឆ្លាតវៃ និង បច្ចេវិទ្យាកុំព្យូទ័រឆ្លាតវៃ (Intelligent Computing)។

មានការចាប់អារម្មណ៍ច្រើនទៅលើបច្ចេកវិទ្យាកុំព្យូទ័រ Atlas 900 SupoerCluster ដែលជាបច្ចេកវិទ្យាសម្ដៅទៅលើការធ្វើការផ្លាស់ប្ដូរទៅលើការបង្វឹកគ្រឹះម៉ូដែល AI ជាមួយនឹងនវានុវត្តន៍ស្ថាបត្យកម្មកុំព្យូទ័រ Supoer Node និងមានកម្រិតនៃការបញ្ចូនទិន្នន័យលឿនរហ័សតាមរន្ធ 800GE។ បច្ចេកវិទ្យាកុំព្យូទ័រយក្សនេះលេចធ្លោខ្លាំងទៅលើ កម្លាំងក្នុងការគណនាខ្លាំងជាងមុន ជួយក្នុងការបង្វឹក AI ប្រកបដោយប្រសិទ្ធភាពខ្ពស់។

Huawei ក៏កំពុងបោះជំហានក្នុងការពង្រឹងគុណភាព និង ភាពទុកចិត្តបានទៅលើប្រព័ន្ធរបស់ខ្លួននៅគ្រប់កម្រិតចាប់តាំងពី គ្រឿងឧបករណ៍ផ្សេងៗរហូតដល់សេវាកម្មផ្សេងៗរបស់ក្រុមហ៊ុននេះ។ ក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ Huawei ក៏បានបង្ហាញពីបច្ចេកវិទ្យាបើកទូលាយ និងមានស្ថាបត្យកម្មបត់បែនរចនាឡើងដើម្បីយកទៅប្រើប្រាស់ក្នុងការជម្រុញការអភិវឌ្ឍ ទៅលើម៉ូដែល AI ដែលពិសេស និង ប្រកួតប្រជែងខ្ពស់ ដែល Huawei ហៅវាថា Compute Architecture for Nerual Networks (CANN) 7.0។

លោក David Wang ប្រកាសពីដំណោះស្រាយឆ្លាតវៃ ៩ថ្មីដោយផ្អែកទៅលើ គោលការណ៍ស្រាវជ្រាវមួយឈ្មោះថា Architecture for Intelligent Transformation ហើយដំណោះស្រាយឆ្លាតវៃថ្មីនោះ ធ្វើឡើងដោយឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដនៃឧស្សាហកម្ម។ លោកបានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះក្រុមហ៊ុន Huawei បានសហការជាមួយនឹងដៃគូរជាច្រើនបង្កើតបាន ដំណោះស្រាយឆ្លាតវៃ ច្រើនជាង ២០០ បច្ចេកវិទ្យា ជុំវិញឧស្សាហកម្ម ២០វិស័យ ហើយត្រូវបានយកទៅប្រើប្រាស់ក្នុងពិភពពិតដោយជោគជ័យ។

ក្រៅពីនេះ Huawei បានបញ្ចេញឯកសារ (White Paper) រៀបរាប់លម្អិតអំពី កិច្ចអនុវត្តជាក់ស្ដែងទទួលបានលទ្ធផលខ្ពស់ និង ករណីមួយចំនួន ដើម្បីជួយឱ្យ ភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាយកទៅប្រើប្រាស់ផ្លាស់ប្ដូរទៅ ដំណោះស្រាយឆ្លាតវៃ។ ឯកសារខាងលើបានជម្រុញឱ្យមានការសហការគ្នាជា ecosystem មានការចូលរួមចំណែកពីអាជីវកម្ម វិទ្យាស្ថានសិក្សារស្រាវជ្រាវ បញ្ញវន្ត ដើម្បីមានការរីកចម្រើនប្រកបដោយចីរភាពក្នុងឧស្សាហកម្ម AI។

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Huawei Connect ដែលធ្វើឡើងនៅទីក្រុង Shanghai នៅឆ្នាំនេះ ជ្រកក្រោមទិដ្ឋភាពរួមមួយ “ជម្រុញ ភាពឆ្លាតវៃ” Accelerate Intelligence ប្រមូលផ្ដុំភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា និង ឧស្សាហកម្ម ដើម្បីជម្រុញការអភិវឌ្ឍនៃ ភាពវៃឆ្លាតលើគ្រប់វិស័យ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Huawei Connect៖ HUAWEI CONNECT 2023

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia