ក្នុងឆ្នាំ២០២២នេះ ក្រោយពីប្រកាសចេញ iPhone 14 ដែលជាទូរសព្ទសេរីថ្មីរបស់ខ្លួន ក្រុមហ៊ុន Apple បានដាក់គម្រោងផលិតបន្ថែមនូវទូរសព្ទសេរី iPhone 14 របស់ខ្លួនរហូតដល់ទៅ ៦លានគ្រឿង ដើម្បីត្រៀមផ្គង់ផ្គង់តម្រូវការទីផ្សារ និងដើម្បីបង្កើនការលក់បន្ថែមចំណូលទាញចូលក្រុមហ៊ុន។ ប៉ុន្ដែក្ដីរំពឹងរបស់ Apple ត្រូវបានរសាត់បាត់តាមខ្យល់ ក្រោយតម្រូវការទូរសព្ទ iPhone 14 បានធ្លាក់ចុះខ្លាំង ហើយមនុស្សចាប់អារម្មណ៍តែសេរី iPhone Pro និង Pro Mac។
ជាក់ស្ដែង បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងលុបចោលផែនការបង្កើនការផលិតទូរសព្ទត្រកូល iPhone 14 ចំនួន ៦លានគ្រឿងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ហើយផ្ដោតដើរតាមផែនការណ៍ចាស់ ពោលគឺគ្រោងផលិតត្រឹម ៩០លានគ្រឿងដូចឆ្នាំមុនៗដែរ។
ប្រភពដដែលបានឱ្យដឹងទៀតថា មូហេតុដែល Apple ជួបបញ្ហាខាងលើនេះ មួយផ្នែកគឺបណ្ដាលមកពីចិនដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតមួយលើលោក កំពុងតែមានសេដ្ឋកិច្ចធ្លាក់ចុះ ជាហេតុធ្វើឱ្យទូរសព្ទ iPhone 14 មានការលក់នៅចិនធ្លាក់ចុះខ្លាំងរហូតដល់ទៅ ១១% បើប្រៀបធៀបទៅនឹង iPhone ដែលចេញសេរីមុនៗ។ បន្ថែមពីនេះទៀត អតិថិជននៅចិន គិតថា iPhone 14 ធម្មតា មានរូបរាងនិងមុខងារស្រដៀងទៅនឹង iPhone 13 ដែរ។ ហេតុនេះ iPhone 14 ធម្មតាលក់មិនសូវដាច់ប៉ុន្មានទេនៅចិន ប៉ុន្ដែសម្រាប់ iPhone 14 Pro និង Pro Mac គឺនៅមានតម្រូវការច្រើន ជាហេតុធ្វើឱ្យ Apple កាត់បន្ថយការផលិត iPhone 14 ធម្មតា និងផ្ដោតលើការផលិត iPhone 14 Pro ជំនួសវិញ។
គួរជម្រាបផងដែរថា សម្រាប់បញ្ហាធ្លាក់ចុះនៃការលក់នេះមិនមែនកើតឡើងចំពោះតែ Apple ទេ ពោលគឺក្រុមហ៊ុនផ្សេងក៏អាចជួបបញ្ហានេះដូចគ្នា ពោលគឺបញ្ហាបណ្ដាលមកពីអតិផរណាកើនឡើងជុំវិញពិភពលោក ក៏ដូចជាបញ្ហាដែលបណ្ដាលមកពីសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ស្របពេលដែលបញ្ហាទាំងអស់នេះកំពុងតែកើតមានឡើង គេបានរំពឹងទុកថា នៅក្នុងឆ្នាំនេះទីផ្សារស្មាតហ្វូនពិភពលោក នឹងធ្លាក់ចុះ ៦.៥%៕