នឹកស្មានមិនដល់! ផុសវីដេអូតែ១សោះ ស្ដ្រីដែលជាបុគ្គលិកម្នាក់នេះ ត្រូវ Apple គំរាមដេញចោល
Navasiri Morm
AUGUST 16 2022
អាជីវកម្ម 4.0
407 views
2 mins read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា អ្នកស្រី Paris Campbell ដែលជាបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានខាងក្រុមហ៊ុនគំរាមថានឹងដកចេញពីការងារ ក្រោយធ្វើការផុសវីដេអូមួយនៅលើ TikTok ពីគន្លឹះប្រើប្រាស់ទូរសព្ទ iPhone ខណៈ Apple លើកឡើងថាការធ្វើបែបនេះ គឺបានបំពានទៅនឹងគោលការណ៍ក្រុមហ៊ុន។

ប្រភពដដែលបាឱ្យដឹងទៀតថា បើតាមច្បាប់គោលការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបានកំណត់ដោយ Apple គឺបានហាម មិនឱ្យបុគ្គលិករបស់ខ្លួនទាំងអស់បង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់ខ្លួន និយាយពីអតិថិជន មិត្តរួមការងារ ឬព័ត៌មានសម្ងាត់នៅក្នុងក្រុមហ៊ុននោះទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ច្បាប់ដែលបានចែងនេះ មិនបានលម្អិត ឬដាក់លក្ខខណ្ឌហាមប្រាមមិនឱ្យបុគ្គលិកបង្ហោះពាក់ព័ន្ធនឹងបច្ចេកវិទ្យាទៅលើទូរសព្ទមួយចំនួននោះឡើយ។

យ៉ាងណាមិញ កាលពីសប្ដាហ៍មុន អ្នកស្រី Paris Campbell ដែលជាបុគ្គលិកផ្នែក អ្នកបច្ចេកទេសជួសជុលនៅក្នុងហាង Apple ដែលធ្វើការជាមួយ Apple អស់រយៈពេលជាង៦ឆ្នាំហើយនោះ បានបង្ហោះវីដេអូឆ្លើយតបទៅកាន់អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់ដែលបានបាត់ទូរសព្ទ iPhone របស់ខ្លួននៅក្នុងកម្មវិធីប្រគុំតន្ដ្រី Coacella ហើយក្រោយមកក៏ទទួលបានសារពីជនខិលខូចដែលរើសបានទូរសព្ទនាងយ៉ាងដូច្នេះថា ព័ត៌មានផ្ទាល់ខ្លួនរបស់នាងនឹងត្រូវដាក់លក់ក្នុងទីផ្សារងងឹត បើមិនព្រមបញ្ជារបិទគណនី Apple ID របស់នាងទេនោះ។

ដោយអ្នកស្រី Paris Campbell បានឆ្លើយតបទៅកាន់​ ស្រ្ដីដែលទទួលបានបាត់ទូរសព្ទ ហើយទទួលបានសារគំរាមនោះយ៉ាងដូច្នេះថា «ខ្ញុំមិនអាចប្រាប់លម្អិតបានទេថា ខ្ញុំដឹងព័ត៌មានបែបនេះដោយរបៀបណា ប៉ុន្ដែអ្វីដែលខ្ញុំអាចប្រាប់បានគឺ រយៈពេល៦ឆ្នាំមកនេះ ខ្ញុំជាបុកគ្គលិកផ្នែកវិស្វ័កករ Hardware នៅក្រុមហ៊ុនមួយ ដែលគេចូលចិត្តនិយាយពីផ្នែកឈើ»។ នេះជាឃ្លាដែលអ្នកស្រី Campbell និយាយក្នុងវីដេអូមុននឹងឆ្លើយតបទៅកាន់សំណួររបស់ស្រ្ដីដែលបានបាត់ទូរសព្ទនោះ ដោយបន្ដយ៉ាងដូច្នេះថា «ទូរសព្ទរបស់អ្នកនឹងគ្មាប្រយោជន៍អ្វីសម្រាប់ពួកគេទេ ហើយអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចជួយសង្គ្រោះពួកគេ ហើយខ្ញុំឱ្យយោបល់ថា អ្នកមិនចាំបាច់ធ្វើជួយពួកគេទេ»។

ក្រោយបង្ហោះបាន ២៤ម៉ោងនៅលើ TikTok វីដេអូឆ្លើយតបរបស់អ្នកស្រី Paris Campbell ក៏បានផ្ទុះយ៉ាងខ្លាំង ដោយមានអ្នកទស្សនារហូតដល់ទៅ ៥លានដងឯណោះ។ ហើយក្រោយមកអ្នកស្រី Paris Campbell ក៏ទទួលបានសារមួយពីប្រធានគ្រប់គ្រងរបស់ខ្លួន ដោយប្រាប់ឱ្យនាងលុបវីដេអូរបស់នាងចេញ បើពុំដូច្នេះ នាងនឹងត្រូវដកចេញពីការងារ ដោយសារតែនាងបានធ្វើល្មើសទៅនឹងច្បាប់ផ្សព្វផ្សាយរបស់ Apple។

គួរជម្រាបផងដែរថា ក្រោយពីទទួលបានសារមួយនេះ អ្នកស្រី Paris Campbell មិនបានលុបវីដេអូចោលនោះទេ ហើយរង់ចាំមើលថាតើក្រុមហ៊ុននឹងដេញនាងចោលឬអត់ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ រយៈពេលមួយសប្ដាហ៍ក្រោយមកនាងមិនទទួលបានសារដេញចេញនោះទេ ហើយនាងថែមទាំងបានផលិតវីដេអូមួយ បង្ហាញថាខ្លួនជាបុគ្គលិក Apple ថែមទៀតផង។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកស្រី Paris Campbell បាននិយាយថា ខ្លួនបានឆែកមើលច្បាប់ និងកិច្ចសន្យាជាមួយ Apple រួចហើយ មិនមានមាត្រា ឬចំណុចណាហាមិនឱ្យនាងបង្ហាញប្រាប់គេនៅលើបណ្ដាញសង្គមថា ខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន​ Apple នោះទេ ប៉ុន្ដែយ៉ាងណាក៏ដោយ អ្វីដែលគេហាមនោះ គឺកុំឱ្យតែបង្ហាញថាខ្លួនជាបុគ្គលិក Apple ហើយធ្វើរឿងមិនល្អ ឱ្យប៉ះពាល់ទៅដល់កេរ្ដិ៍ឈ្មោះរបស់ Apple។

មេរៀនដែលអ្នកអាចរៀនបានពី សាច់រឿងពិតមួយនេះ គឺបើអ្នកជាបុគ្គលិកត្រូវឆែកមើលកិច្ចសន្យា និងច្បាប់នៅក្រុមហ៊ុនដែលខ្លួនធ្វើការឱ្យច្បាស់ ប្រយ័ត្នការធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ការងារ និងក្រុមហ៊ុនដែលអ្នកធ្វើការ ដែលវាគឺជាប្រភពចំណូល ឬនិយាយឱ្យសាមញ្ញថាជាឆ្នាំបាយរបស់អ្នក៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia