សម័យទំនើបនេះ អ្វីៗសុទ្ធតែមាននៅលើឌីជីថលទាំងអស់ ទាស់ត្រង់ថាតើយើងមានពេលសម្រាប់រៀន ឬផ្ដោតទៅលើការរៀនតាមប្រព័ន្ធអនឡាញដែរ ឬអត់? នៅកម្ពុជាមាន App មួយ ពិសេសមែនទែន ពោលគឺនៅក្នុង App នេះបានប្រមូលផ្ដុំទៅដោយវគ្គរៀនជំនាញ ឬរៀនបច្ចេកទេសជាច្រើន ដាក់ឲ្យសាធារណជន អាចចុះឈ្មោះចូលរៀនបានដោយឥតគិតថ្លៃ។
App នេះមានឈ្មោះថា TVET E-Learning ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវ: និងប្រមូលផ្ដុំមេរៀនរៀនបច្ចេកទេសដូចជា “កសិកម្ម, មេកានិក, អគ្គិសនី និងថាមពល, បច្ចេកវិទ្យាព័ត៌មានវិទ្យា, គ្រប់គ្រងធុរកិច្ច, ធុរកិច្ច ICT, កម្មន្តសាល, សំណង់ស៊ីវិល, បរិក្ខាត្រជាក់ និងកម្ដៅ, ស្ថាបត្យកម្ម, អេឡិចត្រូនិក។”
ជាមួយគ្នានេះ នៅតាមមេរៀនៗនីមួយសុទ្ធតែភ្ជាប់មកជាមួយនូវការពន្យល់យ៉ាងក្បោះក្បាយ លំហាត់អនុវត្ត ព្រមទាំងមានវីដេអូបង្រៀន ឯកសារមេរៀនអេឡិចត្រូនិក ការស្វ័យវាយតម្លៃការសិក្សា ចំណេះដឹង និងព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ សិក្ខាកាម សិស្ស និស្សិត អាណាព្យាបាល និងសាធារណៈជនទាំងអស់ អាចទាញយកប្រើប្រាស់កម្មវិធីនេះ ទាំងក្នុង Play Store និង App store។