នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រសួងប្រៃសណីយន៍និងទូរគមនាគមន៍ បានបញ្ចេញកម្មវិធី(App) វាស់ស្ទង់ល្បឿនអ៊ីនធើណេត “MPTC Speed Test” សម្រាប់វាស់ស្ទង់ដំណើរការអ៊ីនធើណេតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនរបស់អ៊ីនធើណេតតាមមុខងារនីមួយៗ។
MPTC Speed Test មានសមត្ថភាព អាចបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធើណេតប្រចាំថ្ងៃ។
លើសពីនេះទៅទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាអ៊ីនធើណេត មានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះ ជាភស្ដុតាងសម្រាប់រាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈទូរស័ព្ទ Hotline 6789 ឬផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh ដើម្បីប្ដឹងតវ៉ា (Complaint) និងស្វែងរកដំណោះស្រាយ។
កម្មវិធី MPTC Speed Test នេះ សាធារណៈជនអាចធ្វើការទាញយកបាន ទាំងនៅលើ App Store និង Play Store។
អត្ថបទដោយ៖ ផែន ផាន់ណា