កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ដើម្បីរួមចំណែកជួយឱ្យប្រជាជនទូទាំងពិភពលោកចូលដល់សេវា 5G ក្រុមហ៊ុន Huawei Technology បានប្រកាសដាក់ចេញនូវដំណោះស្រាយសម្រាប់សេវា 5G ថ្មី ដែលមានឈ្មោះថា «All-Band 5G Solution» ក្រោមគោលគំនិត «One 5G» ដែលនឹងមកជួយសម្រួលក៏ដូចជាជំរុញដល់ការវិវត្តន៍ឱ្យប្រជាជនទូទាំងពិភពលោកអាចប្រើប្រាស់សេវា 5G ដែលមានល្បឿនលឿនយ៉ាងពេញលេញបាន។
ថ្លែងនៅក្នុងវេទិកា Global Mobile Broadband Forum 2022 (MBBF2022) នៅឯងទីក្រុងបាងកកប្រទេសថៃ លោក Yang Chaobin ប្រធានក្រុមហ៊ុន Huawei ICT Products & Solutions និង Huawei Wireless Solution បានលើកឡើងថា 5G កំពុងតែរីកចម្រើនយ៉ាងខ្លាំង ស្របពេលដែលបច្ចុប្បន្ននេះ គេកំពុងតែជំរុញការអភិវឌ្ឍន៍ឱ្យពិភពលោកអាចភ្ជាប់ 5G បានគ្រប់ប្រេកង់ និងមានល្បឿនដំណើរការពេញលេញផងដែរ។
លោក Yang Chaobin បានលើកឡើងបន្ថែមទៀតថា សេវាអ៊ីនធឺណិតល្បឿនលឿន បានជួយឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក អាចអាចមើលវីដេអូចាប់ពីកម្រិតកម្រិត HD ដែលមានរូបភាពច្បាស់ និងទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុនក្នុងប្រើប្រាស់អ៊ីនធឺណិត។ ដោយនៅក្នុងសម័យ 5G នេះមនុស្សទូទាំងពិភពលោកប្រមាណ ៦០% អាចមើលវីដេអូកម្រិត HD តាមរយៈទូរសព្ទដៃបានយ៉ាងងាយស្រួល។ បន្ថែមពីនេះទៀត វាក៏បានជួយសម្រួលឱ្យបុគ្គលិកជុំវិញពិភពលោកអាចធ្វើការបានកាន់តែងាយស្រួលជាងមុន និងបានធ្វើឱ្យមានការផ្លាស់ប្ដូរឱ្យកាន់តែមានភាពងាយស្រួលនិងទំនើបជាងមុនស្ទើរតែគ្រប់ផ្នែកវិស័យផងដែរ។
យ៉ាងណាក៏ដោយ ទោះបីជា 5G ជាសេវាអ៊ីនធឺណិតល្បឿនលឿនដែលមនុស្សនឹងប្រើបន្ទាប់ពី 4G ក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្ននេះ បើតាមក្រុមហ៊ុន Huawei សេវា 5G ទើបតែគ្របដណ្ដប់បាន២៩% ប៉ុណ្ណោះទូទាំងសាកលលោក ខណៈ 4G បានគ្របដណ្ដប់ដល់ទៅ៩២%។ ហើយគេត្រូវរកដំណោះស្រាយបន្ថែមដើម្បីឱ្យ 5G អាចគ្របដណ្ដប់ជុំទូទាំងពិភពលោកបាន។
បើតាមលោក Yang Chaobin មូលហេតុដែលធ្វើឱ្យ 5G មិនទាន់គ្របដណ្ដប់ទូទាំងពិភពលោកបាននោះ គឺដោយសារតែដើម្បីអាចដាក់ឱ្យប្រើប្រាស់ 5G ក្រុមហ៊ុនសេវាទូរសព្ទត្រូវធ្វើការបន្ថែមទំហំល្បឿនអ៊ីនធឺណិតរបស់ខ្លួនឱ្យកាន់តែធំដល់កម្រិត 5G។ ប៉ុន្ដែអ្វីដែលជាបញ្ហានោះ គឺលក្ខកខណ្ឌឧបករណ៍ផ្ទុកនិងទទួលអ៊ីនធឺណិតបច្ចុប្បន្ននេះ មិនអាចបន្ថែមទំហំអ៊ីនធឺណិតឱ្យធំដល់ 5G ឱ្យដំណើរបានស្រួលនោះទេ ពោលគឺព្រោះតែឧបរកណ៍សេរីចាស់ត្រូវចំណាយថាមពលភ្លើងអគ្គិសនីកាន់តែខ្លាំងប្រសិនបើគេបន្ថែមទំហំល្បឿនអ៊ីនធឺណិត ដែលបណ្ដាលឱ្យថ្លៃចំណាយកាន់តែកើនឡើងច្រើន។ ហេតុនេះហើយទើបបានជាប្រទេសជាច្រើនមិនទាន់មាន 5G ប្រើពេញលេញ។
គោលគំនិត ONE 5G
ជាដំណោះស្រាយចំពោះបញ្ហាធំៗពីរខាងលើនេះ លោក Yang Chaobin តំណាងឱ្យក្រុមហ៊ុន Huawei បានប្រកាសពីបច្ចេកវិទ្យាថ្មីឈ្មោះថា MetaAAU ជាបច្ចេកវិទ្យាជំនាន់ទី៣ (5G RAN) ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei ប្រើប្រាស់អង់តែន massive MIMO លើបង់ (Band) 3.5 GHz (TDD) និងភ្ជាប់ជាមួយអារេអង់តែនដ៏ធំបំផុត (ELAA) ដែលធ្វើឱ្យវិសាលភាពអាចគ្របដណ្ដប់បានកាន់តែធំ។
ឧបរកណ៍បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei នេះទៀតសោត នឹងជួយឱ្យក្រុមហ៊ុនសេវាទូរសព្ទអាចបន្ថែមទំហំបង់ (Band) ល្បឿនអ៊ីនធឺណិតបានកាន់តែធំ (High-Bandwidth) និងអាចធ្វើការផ្ទេរទិន្នន័យបានកាន់តែលឿនផងដែរ។ ហើយអ្វីកាន់តែពិសេសនោះ សម្រាប់បច្ចេកវិទ្យាថ្មីនេះ អាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីតិចជាងមុនដល់ទៅ ៣០% ឯណោះ។
បើតាមលោក Yong បានថ្លែងទាំងមានមោទកភាពថា «ក្រុមហ៊ុនទូរគមនាគមន៍អ៊ឺរ៉ុបបានធ្វើការសាកល្បងយ៉ាងយកចិត្តទុកដាក់លើឧបករណ៍ផ្សេងៗគ្នា ហើយជាលទ្ធផលគេរកឃើញថា ឧបរកណ៍បច្ចេកវិទ្យារបស់ Huawei ប្រើប្រាស់ថាពលអគ្គិសនីតិចជាង ២០% បើប្រៀបធៀបទៅនឹងឧបករណ៍បច្ចេកវិទ្យាផ្សេងៗនៅលើទីផ្សារនារពេលបច្ចុប្បន្ន»។
ក្រោមគោលគំនិត ONE 5G ក្រុមហ៊ុន Huawei បាននាំមកនូវបច្ចេកវិទ្យាថ្មីដែលនឹងជួយក្រុមហ៊ុនប្រព័ន្ធទូរសព្ទជុំវិញពិភពលោកអាចពង្រីកទំហំអ៊ីនធឺណិតរបស់ខ្លួនឱ្យដល់កម្រិត 5G យ៉ាងពេញលេញ ដោយមិនបារម្ភពីបញ្ហាការចំណាយច្រើនទៅលើថាមពលអគ្គិសនីដូចមុននោះឡើយ។ ហើយដំណោះស្រាយនេះ នឹងឆ្លើយតបចំពោះបញ្ហាដែលធ្វើឱ្យក្រុមហ៊ុនសេវាទូរសព្ទជាច្រើនមិនទាន់អាចពង្រីកខ្លួនទៅកាន់ 5G ឱ្យបានពេញលេញ។
គួរជម្រាបផងដែរថា ចាប់តាំងពីងបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ មក ក្រៅពីផលិតទូរសព្ទដៃ ក្រុមហ៊ុន Huawei ក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលធ្វើការស្រាវជ្រាវភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ (Smart Devices)។ ដោយ Huawei ធ្លាប់បានធ្វើការសហការណ៍ជាមួយប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាច្រើន ជាពិសេសគឺការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាទូរគមនាគមន៍ និងបណ្ដាញតែម្ដង។ ហើយសម្រាប់ការប្រកាសចេញបច្ចេកវិទ្យាថ្មី បូករួមនឹងគោលគំនិត One 5G ខាងលើ ក្រុមហ៊ុន Huawei រំពឹងថា អាចឆ្លើយតបចំពោះបញ្ហា និងអាចជួយក្រុមហ៊ុនទូរសព្ទនៅតាមបណ្ដារប្រទេសអាចពង្រីកទំហំអ៊ីនធឺណិតដល់ 5G សម្រាប់ផ្ដល់សេវាកម្មឱ្យអ្នកប្រើក្នុងប្រទេស ដោយមិនបារម្ភពីបញ្ហាចំណាយច្រើនទៅលើអគ្គិសនីដូចមុន។ ហើយ ក្រុមហ៊ុន Huawei រំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយជំរុញឱ្យ 5G អាចគ្របដណ្ដប់ទូទាំងពិភពលោក ក្នុងពេលដ៏ខ្លីខាងមុខនេះ៕