អស្ចារ្យ! ស្ថាបនិក AI Farm បង្កើតកសិដ្ឋានផលិតរ៉ូបូត AI ធំបំផុតមួយនៅខ្មែរ ប្រកួតប្រជែងជាមួយពិភពលោក
Navasiri Morm
FEBRUARY 16 2023
អាជីវកម្ម 4.0
8.2 K views
3 mins read

ផ្ដើមចេញពីក្ដីស្រមៃ និងចក្ខុវ័យដ៏វែងឆ្ងាយ សហគ្រិនបច្ចេកវិទ្យាខ្មែរយើងមួយរូបគឺលោក គីម បានសម្រេចចិត្តបង្កើតក្រុមហ៊ុន AI Farm Robotics Factory ដែលជាកន្លែងប្រមូលផ្ដុំនូវវិស្វកករបច្ចេកវិទ្យាខ្មែរឆ្នើមផ្នែក AI រ៉ូបូត និងស្វ័យប្រវត្ដិកម្ម  ឱ្យមកពួតដៃគ្នាធ្វើការទៅលើការស្រាវជ្រាវផលិតផលិតផលបច្ចេកវិទ្យា AI ស្វ័យប្រវត្តិកម្មដែលជារបស់ខ្មែរ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែទំនើបជាងមុន។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Technology Cambodia លោកគីម បានលើកឡើងថា AI Farm Robotics Factory ត្រូវបានបង្កើតឡើងមក ដោយមានក្ដីស្រមៃរួមមួយគឺចង់ធ្វើឱ្យ AI Farm ក្លាយជាតំបន់បច្ចេកវិទ្យានៅកម្ពុជាមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺជាសហគមន៍មួយដែលប្រមូលផ្ដុំធនធាមនុស្សបច្ចេកវិទ្យាខ្មែរពូកែៗ មិនថាតែផ្នែក AI ស្វ័យប្រវត្តិកម្ម និងអ្នកជំនាញផ្នែករ៉ូបូតជាដើមនោះ ឱ្យមកពួតដៃគ្នាបង្កើតបច្ចេកវិទ្យាដែលជារបស់ខ្មែរ និងចង់ឃើញកម្ពុជាផ្លាស់ប្ដូរទៅជាប្រជាជាតិដែលអាចផលិតរ៉ូបូតមិនចាញ់បរទេសនោះឡើយ។

67

លោក គីម បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះនៅ AI Farm Robotics Factor មានមន្ទីរពិសោធន៍បច្ចេកវិទ្យាចំនួន៦ និងធ្វើការងារធំៗចំនួន៣ ដែលបានរួមចំណែកធ្វើទំនើបកម្មកម្ពុជាដូចខាងក្រោម៖

១.ផលិតផលិតផលរ៉ូបូតរបស់ខ្មែរ៖  ការងារធំបំផុតទី១​ ដែល AI Farm កំពុងតែធ្វើគឺការស្រាវជ្រាវផលិត ផលិតផលបច្ចេកវិទ្យា AI ទំនើបៗ ដែលជារបស់ខ្មែរ។ ដោយបច្ចុប្បន្ននេះ AI Farm កំពុងតែស្រាវជ្រាវផលិត បន្ទះឈីប ដ្រូន និងរ៉ូបូត ជាដើម ដែលត្រៀមនឹងដាក់លក់ក្នុងឆ្នាំ២០២៣ ទាំងទីផ្សារក្នុងស្រុក និងជំរុញទៅកាន់ទីផ្សារក្នុងតំបន់និងអន្ដជាតិ។ ដោយហេតុថា ផលិតផលបច្ចេកវិទ្យាទាំងអស់របស់ AI Farm អាចផលិតបច្ចេកវិទ្យាចុងក្រោយ ដែលអាចបំពេញតម្រូវការទាំងក្នុងស្រុកនិងទីផ្សារពិភពលោក។ ហើយនេះក៏ជារបៀបគិតក្នុងការបង្កើតផលិតផលមួយឱ្យមានទីផ្សារធំដែលអ្នកអាចរៀនសូត្របាន។

២. សេវាបង្កើតម៉ាស៊ីនស្វ័យប្រវត្តិកម្ម៖ ការងារធំទី២ ដែល AI Farm កំពុងតែធ្វើគឺការជួយអាជីវកម្មខ្នាតតូចនិងមធ្យមជាងកន្លះលាននៅក្នុងស្រុកខ្មែរ ក្នុងការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មម៉ាស៊ីន នៅក្នុងចង្វាក់ផលិតកម្មរបស់ខ្លួនបានដោយមិនចាំបាច់រត់ទៅរកទិញម៉ាស៊ីនពីប្រទេសជិតខាងដូចមុនឡើយ ពោលគឺ AI Farm មានវិស័កករស្វ័យប្រវត្តិកម្មខ្មែរឆ្នើមៗ ដែលនឹងជួយសិក្សាទៅលើតម្រូវការជាក់ស្ដែង បន្ទាប់មកនឹងធ្វើការផលិតម៉ាស៊ីនឱ្យត្រូវនឹងចង្វាក់នៃការផលិតរបស់អាជីវកម្មនីមួយៗ។ បន្ថែមពីនេះទៀត នៅពេលដែលម៉ាស៊ីនមានបញ្ហាគឺមានវិស្វករជំនាញពីខាង AI Farm ចាំជួយចុះទៅពិនិត្យនិងជួសជុលភ្លាមៗ ខុសពីការទិញម៉ាស៊ីនពីក្រៅប្រទេស ដែលម្ចាស់អាជីវកម្មមានផលវិបាកខ្លាំងក្នុងការរកអ្នកជួសជុលនៅពេលម៉ាស៊ីនមានបញ្ហា ដែលធ្វើឱ្យគាំងចង្វាក់ក្នុងការផលិត ជួបការខាតបង់ជាច្រើន។

លោកគីម បានឱ្យដឹងថា តាមរយៈការមានកន្លែងផលិតម៉ាស៊ីនស្វ័យប្រវត្តិកម្មក្នុងស្រុកដូច្នេះ នឹងជួយឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា អាចកាត់បន្ថយថ្លៃដើម បង្កើតបរិមាណ និងគុណភាពផលិតប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារបាន។ ពិសេសជាងនេះទៅទៀត ការមានកន្លែងផលិតម៉ាស៊ីនស្វ័យប្រវត្តិកម្មក្នុងស្រុក និងជួយឱ្យមហិច្ឆតាជាតិកម្ពុជា ក្នុងការរៀបចំខ្លួននៅក្នុងឧស្សាហកម្ម៤.០ឱ្យកាន់តែរឹងមាំ និងធានាបានថាកម្ពុជាអាចប្រកួតប្រជែងជាមួយបរទេសបាន។

673

៣.បង្កើតបន្ទប់ពិសោធន៍បណ្ដុះធនធានកម្ពុជា៖ ការងារធំបំផុតទី៣ ដែល AI Farm កំពុងតែធ្វើ គឺការជួយសាលារៀនទូទាំងប្រទេសកម្ពុជា បង្កើតមន្ទីរពិសោធន៍វិទ្យាសាស្រ្ដ (STEM ឬ STEAM Lab) ដើម្បីបង្រៀនដល់ក្មេងៗ ដែលជាទំពាំងស្នងឫស្សី។ ហើយបើតាមលោកគីម បានលើកឡើងថា មុខវិទ្យា STEM ឬ ក៏ STEAM ដែលរួមមាន  វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គឺជាមុខវិជ្ជាគ្រិះដ៏ចាំបាច់ដែលនឹងធ្វើឱ្យធនធានជំនាន់ក្រោយរបស់យើងអាចមានសមត្ថភាពទៅបន្ដរៀន ឬបង្កើតនូវបច្ចេកវិទ្យាផ្សេងៗបាន។  ហើយវាគួរតែដល់ពេលហើយ ដែលក្មេងជំនាន់ក្រោយត្រូវឈប់រៀនមុខវិជ្ជាវិទ្យាស្រ្ដទាំងអស់នេះ ដោយគ្រាន់តែរៀនទ្រឹស្ដីនិងអង្គុយស្រមើស្រមៃដូចក្មេងជំនាន់មុន។

ហេតុនេះ AI Farm បានរៀបចំយ៉ាងរួចរាល់ទាំងមេរៀន និងឧបករណ៍ចាំបាច់ផ្សេងៗ ជាមួយនឹងគ្រូជំនាញ ដែលអាចជួយបង្កើតនូវមន្ទីរពិសោធន៍ (Lab) ឱ្យសិស្សដែលជាក្មេងជំនាន់ក្រោយអាចរៀននិងអនុវត្តន៍នូវមេរៀន​ផ្ទាល់ ដែលនឹងជួយឱ្យពួកគេចេះនិងយល់ដឹងកាន់តែច្បាស់។

លោក គីម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣ ទៅ៥ឆ្នាំខាងមុខ លោកចង់គ្របដណ្ដប់ការផ្ដល់សេវាកម្ម និងជួយធ្វើទំនើបកម្មដល់អាជីវកម្មខ្នាតតូចនិងមធ្យមជាងកន្លះលាននៅកម្ពុជា។ លើសពីនេះទៅទៀត លោកចង់ជំរុញផលិតផលបច្ចេកវិទ្យា AI ទាំងអស់ដែលដូចជាដ្រូន រ៉ូបូត និងបន្ទះឈីបរបស់ខ្មែរដែល AI Farm ផលិតបានទៅកាន់ទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងទីផ្សារអន្ដជាតិ។ ពិសេសជាងនេះទៅទៀត លោកចង់ឃើញ AI Farm Robotics Factory ក្លាយជាក្រុមហ៊ុនរ៉ូបូតដំបូងគេដែលអាចឡើង IPO បោះលក់ហ៊ុនជាសាធារណៈនៅកម្ពុជា។

គួរជម្រាបផងដែរថា សម្រាប់លោកអ្នកដែលចង់ជាវផលិតផល AI ឬប្រើប្រាស់សេវាកម្មបង្កើតម៉ាស៊ីនស្វ័យប្រវត្តិកម្ម ឬសេវាកម្មបង្កើតបន្ទប់ពិសោធន៍នៅតាមសាលា អាចធ្វើការទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 686 878 ហ្វ្រេសប៊ុកផេក AI FARM Robotics Factory ឬគេហទំព័រ aifarm.dev៕

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563; 085791701 | Telegram: @Navasiri)

63

៦៨

65

66

61

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia