បច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែបច្ចេកវិទ្យាក៏ជាអាវុធមុខពីរដែលអាចទាំងនាំឱ្យជីវិតរស់នៅកាន់តែងាយស្រួល ឬនាំបញ្ហាដល់មនុស្សដូចគ្នា ប្រសិនបើគេយកទៅប្រើក្នុងផ្លូវមិនល្អ ឬមិនបានសិក្សាស្វែងយល់ពីបច្ចេកវិទ្យា។ ជាក់ស្ដែង បើយើងក្រឡេកទៅមើលគ្រួសារមួយនៅឯប្រទេសកាណាដា ត្រូវបានចាញ់បោកជនខិលខូចដែលបានប្រើបច្ចេកវិទ្យា AI បោកលុយអស់ ១៥០០០ដុល្លារ។
បើតាមការចុះផ្សាយរបស់គេហទំព័រ Washington Post បានឱ្យដឹងថា លោក Benjamin Perkin វ័យ៣៦ឆ្នាំ ត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI ចម្លងសំឡេងដូចទៅនឹងសំឡេងរបស់លោកបះបិត។ ហើយបន្ទាប់មកជនខិលខូចបានធ្វើការខលទៅកាន់ម្ដាយរបស់លោកថាគេជាមេធាវី និងបានរៀបរាប់បន្ដថា លោក Benjamin Perkin កុំពុងតែស្ថិតក្នុងមន្ទីរឃុំឃាំង ដោយសារតែលោកបានបង្ករគ្រោះថ្នាក់ចរាចរណ៍ និងបានបង្ករឱ្យអ្នកការទូតម្នាក់ស្លា.ប់។ ហើយតម្រូវឱ្យម្ដាយរបស់លោក Benjamin Perkin ផ្ញើលុយដើម្បីយកមកដោះស្រាយបញ្ហាផ្លូវច្បាប់។
ជាមួយគ្នានេះដែរ ដើម្បីឱ្យបោកឱ្យម្ដាយរបស់លោក Benjamin ទុកចិត្ត ជនខិលខូចបានធ្វើជាយកទូរសព្ទទៅឱ្យនិយាយជាមួយលោក Benjamin ប៉ុន្ដែធាតុពិតសំឡេង AI ដែលបាននិយាយសុំលុយពីម្ដាយយកមកដោះស្រាយបញ្ហា។ ហើយនៅទីបំផុតម្ដាយរបស់លោក Benjamin ក៏បានសម្រេចចិត្តធ្វើការផ្ញើលុយ ១៥៤៩៩ដុល្លារ ដើម្បីសង្រ្គោះកូនប្រុសដោះទាល់ ប៉ុន្ដែជាអកុសលលុយដែលគាត់ផ្ញើទៅនោះគឺផ្ញើទៅឱ្យជនខិលខូច ហើយកូនប្រុសគាត់មិនបានដឹងរឿងអ្វីទាំងអស់។
គួរជម្រាបផងដែរថា បើតាមលោក Benjamin Perkin លោកសង្ស័យថា ជនខិលខូចបានយកវីដេអូដែលលោកបានបង្ហោះចូលទៅក្នុង YouTube យកទៅបង្វិក AI ឱ្យចម្លងសំឡេងរបស់លោក។
ករណីខាងលើនេះ គឺជាមេរៀនដ៏ល្អមួយសម្រាប់ប្រជាជនទូទាំងពិភពលោកដែលរស់នៅក្នុងយុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ពោលគឺអ្នកគួរតែសិក្សាស្វែងយល់តាមឱ្យទាន់ពីបច្ចេកវិទ្យា ដើម្បីការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ៕